កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Man Utd ផ្តាំ​អ្នក​រិះគន់​ឲ្យ «​ស្ងាត់​មាត់​»
30, Oct 2017 , 2:26 pm        
រូបភាព
​លោក Jose Mourinho បាន​ប្រាប់​អ្នក​រិះគន់​លោក​ឲ្យ «​ស្ងប់ស្ងាត់​» បន្ទាប់ពី Manchester United រក​ជ័យជម្នះ ១-០ លើ​ក្រុម Tottenham Hotspur ក្នុងការ​ប្រកួត​ក្របខណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍​។​



​កាសែត BBC ចុះផ្សាយ​ថា អ្នកចាត់ការ​ទូទៅ​ក្រុម​រហស្សនាម​បិសាច​ក្រហម​បាន​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​របៀប​ដឹកនាំ​របស់លោក នៅ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយនេះ​បន្ទាប់ពី​ការប្រកួត​ស្មើ​ជាមួយ Liverpool និង​រង​បរាជ័យ​ដោយ​ក្រុម Huddersfield Town ២-១ កន្លងមក​។​



​ប៉ុន្តែ​ក្រោយ Anthony Martial ស៊ុត​១​គ្រាប់​ជួយ Manchester United យកឈ្នះ Spurs នៃ​ការប្រកួត​ក្នុង​លី​ក​សប្តាហ៍​ទី​១០ លោក Mourinho បាន​និយាយ​ផ្តាំផ្ញើ​ទៅកាន់​អ្នក​ដែល​តែងតែ​រិះគន់​លោក​ដូច្នេះ​ថា​៖«​អ្នកខ្លះ​និយាយ​ច្រើនពេក​។ ចូរ​ស្ងប់​អារម្មណ៍​បន្តិច ហើយ​សម្រាក កុំ​និយាយ​ច្រើនពេក កុំ​មួម៉ៅ​ច្រើន ហើយក៏​កុំ​រំភើប​ពេក​ដែរ​»​។​

​ការលើកឡើង​ខាងលើ ក៏ដោយ​សារ​លោក Jurgen Klopp អ្នកចាត់ការ​ក្រុម Liverpool រិះគន់​ពី​យុទ្ធវិធី​ការពារ​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៥៤​ឆ្នាំ ក្រោយ​ក្រុម​ទាំងពីរ​ប្រកួត​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​នៅ​ទឹកដី Anfield កាលពី​២​សប្តាហ៍​មុន​។



​រីឯ​អ្នកគាំទ្រ​របស់ Manchester United ក៏បាន​រិះគន់​ការសម្រេចចិត្ត​ដែល​ដាក់ Anthony Martial ជំនួស Marcus Rashford នៅ​នាទី ៧០ នៅពេល​ប៉ះ​ក្រុម​មាន់​ខ្នាយ​មាស​កាលពី​ប្រកួត​សប្តាហ៍​មុន​ដែរ​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​បានបង្ហាញ​ពី​ប្រសិទ្ធភាព ក្រោយ​ខ្សែប្រយុទ្ធ​វ័យក្មេង​សញ្ជាតិ​បារាំង អាច​រកបាន​១​គ្រាប់ ជួយ​ក្រុម​ម្ចាស់​ជើងឯក​ខណ្ឌ Premier League ២០ សម័យ​ទទួលបាន​៣​ពិន្ទុ​បន្ថែម ដើម្បី​រក្សា​គំលាត​ពី​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង Manchester មួយទៀត​ដែល​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​១​។​

១០​ប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស Manchester United អាច​រកបាន ២៣​ពិន្ទុ នាំមុខ​ក្រុម​លេខ​៣ Tottenham ៣​ពិន្ទុ និង​តាម​ពីក្រោយ Manchester City ៥​ពិន្ទុ​៕


Tag:
 បាល់ទាត់​
  Manchester United
  Jose Mourinho
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com