ជាតិ
​ពលរដ្ឋ​ជិត ៤​ម៉ី​ន​នាក់ ទៅ​កម្សាន្ត​ក្នុង​ពិធី​ប្រ​ណាំង​ទូក នៅ​កំពង់ស្ពឺ​
30, Oct 2017 , 2:52 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពង់ស្ពឺ​៖ ពិធី​ប្រណាំងទូក ក្នុង​ខេត្តកំពង់ស្ពឺ ដែល​រៀបចំ​ដោយ​រដ្ឋបាលខេត្ត កាលពី​ថ្ងៃទី ២៧-២៨ តុលា​នេះ  បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ជិត ៤​ម៉ឺន​នាក់​។ ពិធី​ប្រណាំងទូក​នេះ បាន​ប្រព្រឹត្តទៅ រយៈពេល ២​ថ្ងៃ ដែល​រៀបចំ​នៅ​វិមាន​សម្ដេចព្រះសង្ឃរាជ ជួន ណាត និង​តាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត​។​



​នេះ​ជា​លើក​ទី​៤​ហើយ ដែល​រដ្ឋបាល​ខេត្តកំពង់ស្ពឺ បានរៀបចំ​ពិធី​ប្រណាំងទូក​ថ្នាក់​ខេត្ត ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​។ ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ទូក​ចូលរួម​ប្រណាំង​ចំនួន ៣៣​ទូក ដោយ​ទូក​ខ្នាត​អន្តរជាតិ មាន​ចំនួន ៤​ទូក​។​

​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ក្នុង​ពិធី​ប្រណាំងទូក រយៈពេល ២​ថ្ងៃនេះ មាន​ពលរដ្ឋ ចំនួន ៣៨,២៥០​នាក់ បានមក​ដើរ​កម្សាន្ត​ក្នុង​ពិធី​នេះ​។ លោក សរ សុ​ពុ​ត្រា បញ្ជាក់ទៀតថា សម្រាប់​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​ក្នុង​ពិធី​នេះ មិនមាន​ជា​បញ្ហា​អ្វី​កើតឡើង​នោះទេ ដោយ​កម្មវិធី​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​។

​អភិបាលរង​ខេត្ត​រូបនេះ បន្ថែមថា បញ្ហា​សំរាម​វិញ ប្រជាពលរដ្ឋ​បាន​គ្រប់គ្រង​កាកសំណល់​ត្រឹមត្រូវ ដោយ​មិន​បង្ក​ឲ្យ​ខូច​សោភ័ណភាព​នោះទេ​។ ម្យ៉ាងទៀត ពលរដ្ឋ​មានការ​ផ្លាស់ប្ដូរ​ជាង​ឆ្នាំមុនៗ ដោយបាន​បោះចោល​សំរាម​ក្នុង​ធុង​។ សូមបញ្ជាក់ថា រដ្ឋបាលខេត្ត​កំពង់ស្ពឺ នឹង​រៀបចំ​កម្មវិធី​នេះ ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្ដល់​ភាពសប្បាយ​រីករាយ​ដល់​ពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ​ផងដែរ​។

​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​៖









































Tag:
 កំពង់ស្ពឺ​
  អុំទូក​
  ប្រណាំងទូក
© រក្សាសិទ្ធិដោយ thmeythmey.com