ជាតិ
សង្គមជាតិ
ពងត្រដក់តូច១២១សំបុក ត្រូវបានរកឃើញនៅតំបន់ខ្ពង់រាប
× សំបុកពងកូនសត្វត្រដក់តូចដែលជាសត្វប្រភេទងាយរងគ្រោះ ជាសកលនៅក្នុងបញ្ជីក្រហមនៃអង្គការ IUCN ១២១សំបុក ត្រូវបានក្រុមអ្នកជំនាញស្រាវជ្រាវ រកឃើញនៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា។ សំបុកពងកូនសត្វត្រដក់តូចទាំងនេះ ត្រូវបានអង្គការ WCS ជួលប្រជាសហគមន៍១០ក្រុម ឲ្យយាមសំបុកទាំងនោះ រហូតដល់ពេលវាញាស់ និងហើរចេញអស់ពីសំបុក។
អង្គការអភិរក្សសត្វព្រៃ(WCS) បានឲ្យដឹងថា ពងកូនសត្វត្រដក់ចំនួន៦៥សំបុក ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃឆែប និង៥៦សំបុក មានទីតាំងនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នៅតំបន់ខ្ពង់រាបភាគខាងជើង ខេត្តព្រះវិហារនៃប្រទេសកម្ពុជា។ បើតាមមន្ត្រីអង្គការអភិរក្សសត្វព្រៃ សត្វត្រដក់តូចទាំង១២១ សំបុកនេះ អាចមានចំនួនជាង២០០ក្បាល។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការអភិរក្សសត្វព្រៃ(WCS) នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ បានបន្តទៀតថា ៖«ទោះបីចំនួនរបស់វានៅលើសកលលោកត្រូវបានគេប៉ាន់ប្រមាណថាមានជាងមួយម៉ឺនក្បាល ប៉ុន្តែតួលេខនេះ កំពុងតែធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់អាស៊ី។ ដូច្នេះហើយ វាត្រូវបានគេចាត់ជាប្រភេទងាយរងគ្រោះជាសកល នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN»។
អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ និយាយថា ការការពារទីជម្រកពងកូនរបស់ពួកវា ពិតជាសំខាន់ខ្លាំងណាស់ ដើម្បីធានាដល់ការរស់នៅនៃប្រភេទសត្វដ៏កម្រមួយនេះ។ លោក បញ្ជាក់ថា «តំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសកម្ពុជាក្នុងខេត្តព្រះវិហារ ជាទីជម្រកពងកូនដ៏សំខាន់ជាងគេបង្អស់ទីពីរ នៅកម្ពុជា បន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង»។ អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហាររូបនេះ បានអំពាវនាវគ្រប់ភាគីទាំងអស់ ចូលរួមការពារសត្វព្រៃនៅកម្ពុជា ដោយបញ្ឈប់ការបរបាញ់ ការបំពុល ឬបរិភោគសាច់សត្វព្រៃជាដើម។
លោក សំ ឃឿន ដែលជាអ្នកយាមសំបុកសត្វត្រដក់តូចនេះ បានប្ដេជ្ញាការពារសំបុកសត្វត្រដក់ មិនឲ្យមានការរំខានពីសំណាក់មនុស្ស ឬសត្វឡើយ។ «ខ្ញុំនឹងព្យាយាមការពារត្រដក់ទាំងអស់នេះ និងសំបុកពងកូនរបស់ពួកវាឲ្យបានល្អដូចរយៈពេល២ឆ្នាំកន្លងទៅ។ ក្រោយពេលអង្គការWCS បានជួលខ្ញុំ និងកូន ឲ្យយាមសំបុកនេះ ខ្ញុំបានផ្លាស់ប្ដូរវេនគ្នាយាមជាប្រចាំ ដើម្បីការពារកុំឲ្យមានអ្នកមករំខាន ឬបរបាញ់ពួកវាជាដើម។ ខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីការពាររហូតដល់ពួកវាញាស់ និងហើរចេញពីសំបុកបាន»។ នេះជាការលើកឡើងរបស់លោក សំ ឃឿន។
ត្រដក់តូចនេះ ជាសត្វស្លាបមានមាឌធំ ហើយមានកម្ពស់រហូតដល់១៣០ សង់ទីម៉ែត្រ រីឯស្លាបរបស់វាម្ខាងៗ មានប្រវែងជាង២ម៉ែត្រ។ សត្វស្លាបត្រដក់តូចនេះ វាចូលចិត្តធ្វើសំបុកពងកូននៅលើដើមឈើខ្ពស់ៗដែលជាប្រភេទព្រៃល្បោះ ព្រៃពាក់កណ្ដាលស្រោង និងព្រៃស្រោង។ តំបន់ខ្ពស់រាបភាគខាងជើងប្រទេសកម្ពុជា ក្នុងខេត្តព្រះវិហារ គឺជាទីជម្រកដ៏សំខាន់បំផុតមួយសម្រាប់ហ្វូងសត្វត្រដក់តូចនេះ។ នេះបើតាមអង្គការ WCS៕
Tag:
WCS
សំបុកត្រដក់តូច
© រក្សាសិទ្ធិដោយ thmeythmey.com