បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ពិត​ទេ ដែល​រថយន្ត​ប្រណីត​ប្រភេទ សេ​ឌែ​ន​(Sedan) សម្រាប់​បើកបរ​តែ​នៅក្នុង​ក្រុង​?
18, Dec 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត​ប្រភេទ Sedan ជា​រថយន្ត​លក្ខណៈ​គ្រួសារ​ដែល​គេ​និយម​បើកបរ​នៅក្នុង​ទីក្រុង​។ ជាមួយ​ការ​រចនា​រូបរាង​ទាប ស្រាល​ធ្វើ​ឲ្យ​គេ​គិតថា រថយន្ត​នេះ មិន​សមស្រប​សម្រាប់​ការបើកបរ​ផ្លូវ​ឆ្ងាយ ឬ​ស្ថានភាព​ផ្លូវ​ដែលមាន​ចំណោត​ខ្ពស់​នោះទេ​។



ខាងក្រោម​នេះ ជា​កិច្ច​សម្ភាស​រវាង ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន Star Auto Cambodia ដែលជា​ក្រុមហ៊ុន​នាំចូលរ​យន្ត Mercedes-Benz ប្រចាំ​នៅ​កម្ពុជា និង​ប៉ុស្តិ៍​អូ​តូ ដូចតទៅ​៖

​ប៉ុស្តិ៍​អូ​តូ ៖ គេ​និយាយថា រថយន្ត Sedan សម្រាប់​បើកបរ​ក្នុង​ទីក្រុង តើ​លោក​បកស្រាយ​យ៉ាងណា​?

​លោក ឃុន ចាន់ថា​៖ ភាគច្រើន​នៃ​អ្នកបើកបរ និង​អ្នក​ដែលមាន​រថយន្ត​គ្រប់រូប បាន​ស្គាល់​ច្បាស់​អំពី​ប្រភេទ​រថយន្ត​ដែល​ពួកគាត់​កំពុង​ប្រើ ដូចជា​រថយន្ត​សម្រាប់​ក្រុមគ្រួសារ រថយន្ត​សម្រាប់​ដឹក​អ្នកដំណើរ     រថយន្ត​ដឹកទំនិញ រថយន្ត​ភី​ក​អាប់ និង​រថយន្ត​ខ្នាតតូច​សេ​ឌែ​ន​(Sedan)​តែប៉ុណ្ណោះ ដែល​ត្រូវបាន​ប្រើប្រាស់​ច្រើនជាងគេ​។ យ៉ាងណា​វា​មិនសូវមាន​ច្រើនពេក​ទេ ដែល​អ្នកបើកបរ ចូលចិត្ត​យក​រថយន្ត​ប្រភេទ Sedan​នេះ ទៅ បើកបរ​នៅតាម​តំបន់​ខ្ពង់រាប ឬ​តំបន់​ព្រៃភ្នំ​ជាដើម ព្រោះ​រថយន្ត Sedan ជា​ប្រភេទ​មាន​រូបរាង​តូច និង​ទាប មិនអាច​បើកបរ​បាន​លឿន ឬ​គ្មាន​ទំនុកចិត្ត​ដូចគ្នា​បើកបរ​រថយន្ត​ប្រភេទ​ខ្ពស់​។ កាលណា​គេ​ចង់​ទៅលេង​ខេត្ត​ណា​ឆ្ងាយៗ គេ​គិត​មុនដំបូង​គឺ​ឡាន​ខ្នាត​ខ្ពស់​មុនគេ រួច​បាន​គិតពី​កម្រិត​ស៊ីសាំង គិតពី​សុវត្ថិភាព គិតពី​ការបើកបរ​ពេលយប់ គិតពី​ការបើក​បរជែង​គ្នា​ជាដើម​។ និយាយ​រួម​ភាគច្រើន​គេ​ចូលចិត្ត​ប្រភេទ​ខ្ពស់​តែម្តង​។​



​ប៉ុស្តិ៍​អូ​តូ ៖ សូម​លោក​ជួយ​បញ្ជាក់​បន្តិច​បានទេ ថា​រថយន្ត​ប្រភេទ Sedan វា​មាន​លក្ខណៈ​បច្ចេកទេស​ខុសពី​រថយន្ត​ដទៃទៀត​យ៉ាងណាខ្លះ​?

​លោក ឃុន ចាន់ថា​៖ បើ​និយាយ​តែ​រថយន្ត​ប្រភេទ សេ​ឌែ​ន​(Sedan)​របស់ Mercedes-Benz លក្ខណៈ​បច្ចេកទេស​ខុសពី​រថយន្ត​ដទៃទៀត​ត្រង់​ថា ជើង​ក្រោម​ធន់​រឹងមាំ ប្រព័ន្ធ​បូម​ធន់​នឹង​ទម្ងន់​រថយន្ត និង​ទម្ងន់​ផ្ទុក​ប្រព័ន្ធ​ហ្វ្រាំង និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត ទោះបី​បើកបរ​ក្នុងពេល​ធ្លាក់ភ្លៀង​ដែលមាន​ខ្យល់​បក់​ខ្លាំង ការបើកបរ​យឺត ឬ​លឿន ក៏​អាច​ទប់​លំនឹង​រថយន្ត​មិន​ឲ្យ​ឃ្លេងឃ្លោង រអិល​រេ​ចង្កូត ឬ​ញ័រ​ក្បាល​រថយន្ត​នោះទេ​។ រាល់​បូម​រថយន្ត អាច​ដំឡើង​ទាប ឬ​ខ្ព​ស់បាន ទៅតាម​កាលៈទេសៈ និង​ស្ថានភាព​ផ្លូវ​។ ប្រអប់លេខ​មាន​បួន​ប្រភេទ អ្នកបើកបរ​អាច​ជ្រើស​រើសយក​ប្រអប់លេខ​សម្រាប់​ផាសុកភាព ល្បឿន​សន្សំសំចៃ​ប្រេងសាំង ល្បឿន​ស្ទុះ​កម្លាំង និង​ល្បឿន​លឿន​ស្លេវ​សម្រាប់​ប្រណាំង ឬ​ប្រជែង​គូភាគី​ជាដើម​។ អ្វីដែល​ពិសេស​នោះ គឺ​ប្រព័ន្ធ​មើលផ្លូវ​ពេល​លយ​ប់ និង​ពេល​ថ្ងៃ រួមទាំង​កាមេរ៉ា​360​ដឺ​ក្រេ ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​មើលផ្លូវ​បាន​កាន់តែ​ងាយស្រួល និង​ភ្លឺ​ច្បាស់​ល្អ ដែល​អាច​ដឹង​ពី​គម្លាត​រវាង​ឧបសគ្គ​នៅក្បែរ និង​ជុំវិញ​រថយន្ត​បាន​។



​ប៉ុស្តិ៍​អូ​តូ ៖ ហេតុអ្វី​បានជា​រថយន្ត Sedan របស់ Mercedes-Benz អាច​យកទៅ​បើក​នៅ​គ្រប់​ស្ថានភាព​ផ្លូវ​បាន​?

​លោក ឃុន ចាន់ថា​៖ រថយន្ត Sedan របស់ Mercedes-Benz អាច​យកទៅ​បើកបរ​នៅ​គ្រប់​ស្ថានភាព​ផ្លូវ​បាន ព្រោះ​ច​ង្កួ​ត​រថយន្ត​ប្រើ​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក ដែលមាន​លក្ខណៈ​ធូរ​ងាយស្រួល ធ្វើ​ឲ្យ​អ្នកបើកបរ​ពុំ​សូវ​មាន​ភាព​នឿយហត់ ទោះបីជា​បើកបរ​យូរ​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​រាប់រយ​គីឡូម៉ែត្រ​ក៏ដោយ​។ លើសពីនេះទៅទៀត រាល់​ការ​ជែង ឬ​វ៉ា ជាដើម កាន់​តែមាន​ទំនុកចិត្ត​ខ្ពស់ ដោយសារ​រថយន្ត​នេះ មាន​សន្ទុះ​ខ្លាំង និង​អមដោយ​ប្រព័ន្ធ​ហ្វ្រាំង និង​អា​បេ​អេស​(ABS)​ល្អ ជាហេតុ​ធ្វើ​ឲ្យ​រថយន្ត ងាយ​គេច​ផុតពី​ឧបសគ្គ​ទាំងឡាយ ក្នុងពេល​កំពុងបើក​ប​រ​។ មានន័យថា​បើកបរ​កា​ន់​តែ​លឿន កាន់តែ​នឹង​ល្អ ហើយ​កាន់តែ​គ្រប់គ្រង​ដៃចង្កូត​បាន​យ៉ាង​ល្អជា​និច្ច​។ រីឯ​កម្រិត​ស៊ីប្រេង​វិញ គឺ​តិចជាង​រថយន្ត​ខ្នាត​ខ្ពស់​រហូត​ទៅ ២ ឬ​៣​ដង ឯណោះ​។​



​ប៉ុស្តិ៍​អូ​តូ ៖ តើ​លោក​ធ្លាប់​បើកបរ​រថយន្ត​សេ​ឌែ​ន​នេះ​ទៅដល់​តំបន់​ណាខ្លះ​?

​លោក ឃុន ចាន់ថា ៖ កាលពីពេល​ថ្មីៗ​នេះ ខ្ញុំ​ដែលជា​តំណាង​ក្រុមហ៊ុន Star Auto Cambodia បាន​យករ​យន្ត Mercedes-Benz ពីរ​ម៉ូ​ឌែ​ល​គឺ C200 និង C250 ធ្វើដំណើរ​ទស្សនាចរណ៍​ទៅកាន់​ខេត្ត​ខ្ពង់រាប​ភាគ​ឦសាន​របស់​កម្ពុជា គឺ​ខេត្តមណ្ឌលគិរី ដោយ​ធ្វើដំណើរ​តាម​ដងផ្លូវ​ក្រវៀច​ក្រវៀន កាត់​វាល​កាត់​ភ្នំ ទៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ហើយក៏​ឆ្លៀត​ធ្វើដំណើរ​ចូល​ទស្សនា​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ស្ថិតក្នុង​ស្រុក​កោះ​ញែក​ដោយ​គ្មាន​ឧបសគ្គ​។ លើសពីនេះទៅទៀត កាលពី​ខែសីហា​កន្លងទៅនេះ ខ្ញុំ​ក៏បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន និង​អ្នករួមដំណើរ​ផ្សេងទៀត​ចូលរួម​បើកបរ​រថយន្ត​ប្រភេទ​សេ​ឌែ​ន​ខ្នាត​ទាប​នេះ នៅ​ក្ន​ងុ​កម្មវិធី​ដែលមាន​ឈ្មោះថា​«Mercedes និង​កំណប់​អាថ៌កំបាំង​» ដែលជា​កម្មវិធី​ទេសចរណ៍​ថ្មី​មួយ ទៅកាន់​តំបន់​ទេសចរណ៍​នានា​នៅ​ទូទាំង ២៥ រាជធានី​-​ខេត្ត ក្នុងប្រទេស​កម្ពុជា​។ កម្មវិធី​នេះ ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia ដែលមាន​ខ្ញុំ ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន​ជា​តំណាង សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ មាន​លោក គី សុខ​លីម ស្ថាបនិក​សារព័ត៌មាន​អេ​ឡិ​ក​ត្រូ​និក​ថ្មីៗ​ជា​តំណាង និង​សារព័ត៌មាន​រហ័ស Fresh news ដែលមាន​លោក លឹម ជា​វុត្ថា​អគ្គនាយក​ជា​តំណាង​។​



​ប៉ុស្តិ៍​អូ​តូ​៖ ហ​តុ​អ្វី​បាន​លោក ប្រើប្រាស់​រថយន្ត ប្រភេទ​សេ​ឌែ​ន ទៅ​រុក​ព្រៃ​ជំនួស​ឲ្យ​រថយន្ត​ខ្នាត​ខ្ពស់​ទៅវិញ​? ហើយ​ហេតុអ្វី​នៅ​សុខៗ​លោក បង្កើត​កម្មវិធី «Mercedes និង​កំណប់​អាថ៌កំបាំង​»​នេះ​ឡើង​ដើម្បី​អ្វី​?

​លោក ឃុន ចាន់ថា ៖ ដូច​ខ្ញុំ​បានបញ្ជាក់​អីចឹង ខ្ញុំ​ចង់​បង្ហាញថា រថយន្ត​ខ្នាតតូច​រាង​ទាប ក៏​អាច​បើកបរ​ក្នុងស្ថានភាព​ផ្លូវ​លំបាក​បានដែរ ហើយ​រឹតតែ​ចំណាយ​អស់​លុយ​តិច ព្រោះថា​ក្រៅពី​ស៊ីសាំង ឬ​ប្រេង​ម៉ា​សូត​តូច​ហើយ​វា​ក៏មាន​សុវត្ថិភាព ដូចគ្នា​នឹង​រថយន្ត​ខ្នាត​ខ្ពស់​ដែរ​។ ចំណែកឯ​គោលបំណង​នៃ​ការបង្កើត​កម្មវិធី «Mercedes និង​កំណប់​អាថ៌កំបាំង​» នេះ​ឡើង គឺ​ដើម្បី​ចូលរួម​លើកកម្ពស់ នឹង​ជំរុញ​ដល់​ការអភិវឌ្ឍន៍  វិស័យ​ទេសចរណ៍​ក្នុងស្រុក និង​ស្វែងរក គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​ត្រូវបាន​គេ​មើលរំលង និង​ពង្រីក​សក្តានុពល​តំ​ពន់​ទេសចរណ៍​ក្នុងស្រុក​ដែលមាន​ស្រាប់ ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក រួមទាំង​ការស្វែងរក​ផលិតផល​ទេសចរណ៍ ដែលជា​អត្តសញ្ញាណ​របស់​ខេត្ត​ក្រុង​នីមួយៗ និង​ជាពិសេស​បង្កើន​ប្រសិទ្ធភាព​លើ​ការបញ្ជ្រាប​ព័ត៌មាន​ពី​សក្តានុពល​ទេសចរណ៍ ជូន​ដល់​ប្រជាជន​កម្ពុជា​។ ក្រសួងទេសចរណ៍ និង​ក្រសួងបរិស្ថាន បាន​គាំទ្រ​កម្មវិធី​នេះ​យ៉ាង​ពេញទំហឹង​ផងដែរ ជាពិសេស​ការចូលរួម​យ៉ាងសកម្ម ពី​សំណាក់​គណៈ​អភិបាលខេត្ត ស្រុក មន្ទីរ​ទេសចរណ៍ និង​បរិស្ថាន​ស្រុក ដែលជា​កម្លាំង​ស្នូល​ក្នុងការ​ផ្តល់ព័ត៌មាន និង​បង្ហាញ​ទិសដៅ​សម្រាប់​កម្មវិធី «Mercedes និង​កំណប់​អាថ៌កំបាំង​» គ្រប់​រដូវ​កាល​។​



​ប៉ុស្តិ៍​អូ​តូ​៖
តើ​នៅពេលណា ដែល​លោក​នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នៃ​កម្មវិធី «Mercedes និង​កំណប់​អាថ៌កំបាំង​» នេះ​ម្តងទៀត​? ហើយ​ថា​តើ​លោក​នឹង​ប្រើ​រថយន្ត សេ​ឌែ​ន (Sadan)​ឬ​រថយន្ត​ខ្នាត​ខ្ពស់ (SUV)?

​លោក ឃុន ចាន់ថា ៖ ខ្ញុំ​សុំ​លាក់​សិន ថា​តើ​ខ្ញុំ​នឹង​យក​រថយន្ត​ប្រភេទ​ណា ទៅប្រើ​ប្រាស់​ក្នុង​កម្មវិធី​ខាងលើ ប៉ុន្តែ​ខ្ញុំ​សូមជម្រាបថា នៅក្នុង​រយៈពេល​មិនយូរប៉ុន្មាន​ទេ នា​ដើមខែ​ក្រោយនេះ ក្រុមការងារ​កម្មវិធី «Mercedes និង​កំណប់​អាថ៌កំបាំង​» នឹង​ចាប់ផ្តើម​រដូវ​កាល​ទី​២ សម្រាប់​ការរុករក និង​គាស់កកាយ​ស្វែងរក​កំណប់​ទេសចរណ៍ និង​ផលិតផល​ទេសចរណ៍​ថ្មីៗ ជូន​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​កាន់តែច្បាស់​ថែមទៀត​។ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ សូម​ទៅ​ទស្សនា​តំបន់​នោះ និង​គាំទ្រ​ផលិតផល​អត្តសញ្ញាណ​ខ្មែរ​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ឲ្យ​ស្រប​នឹង​ពាក្យ​មួយ​ដែល​ខ្ញុំ​តែង​និយាយថា កន្លែង​ទេសចរណ៍​ច្រើន រមណីយដ្ឋាន​ស្អាត សេវាកម្ម​ល្អ តម្លៃ​សមរម្យ សេដ្ឋកិច្ច​ប្រសើរ​យូរអង្វែង​៕




Tag:
 ឃុន ចាន់ថា​
  Sedan
  Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com