កីឡាអន្តរជាតិ
អន្តរជាតិ
Formula One៖ Hamilton ឈ្នះ​ជើងឯក​ប្រណាំង​រថយន្ត​ពិភពលោក​លើក​ទី​៤
30, Oct 2017 , 10:39 pm        
រូបភាព
Lewis Hamilton បានឈ្នះ​ជើងឯក​ប្រណាំង​រថយន្ត​ពិភពលោក Formula One ជា​លើក​ទី​៤ របស់ខ្លួន​នៅឯ​ទីលានប្រណាំង​ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក Mexican Grand Prix នៅ​ថ្ងៃទី​២៩ ខែតុលា បើទោះជា​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៩​ក៏ដោយ​។​



​សមិទ្ធផល​របស់ Hamilton ធ្វើ​ឲ្រ​រូបគេ​ក្លាយជា​កីឡាករ​ប្រណាំង​រថយន្ត Formula 1 ឬ F1 របស់ ចក្រភព​អង់គ្លេស​ដែល​ទទួលជោគជ័យ​បំផុត​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ ក្រោយ​បំបែក​កំណត់ត្រា​មិត្ត​រួម​ជាតិ Jackie Stewart ដែល​ធ្លាប់​ឈ្នះ​៣​លើក​។​

​អ្នក​ប្រណាំង​រថយន្ត​វ័យ​៣២​ឆ្នាំ ដែល​បើកបរ​ឲ្យ​ក្រុម Mercedes បាន​តាម​ស្មើ​កំណត់ត្រា​ឈ្នះ​៤​លើក​ដូចគ្នា​របស់​អ្នក​ប្រណាំង​សញ្ជាតិ​អាល្លឺម៉ង់ Sebastian Vettel និង​អតីត​អ្នក​ប្រណាំង​សញ្ជាតិ​បារាំង Alain Prost ប៉ុន្តែ​តាម​ពីក្រោយ​កំពូល​អ្នក​ប្រណាំង​របស់​អាល្លឺម៉ង់ Michael Schumacher ដែល​គ្រង​ជើងឯក ៧​ម័​យ និង Juan Manuel Fangio របស់​អា​ហ្ស​ង់​ទីន ៥​ដង​។​



​ក្នុងការ​ប្រកួតប្រណាំង​រថយន្ត​លំដាប់​ពិភពលោក F1 រដូវ​កាល​២០១៧​នេះ Hamilton ធ្លាប់​ទទួល​ជ័យជម្នះ​៩​ទីលាន ក្នុងចំណោម​ការប្រណាំង​១៨​ទីលាន​កន្លងមក​មាន ៣៣៣​ពិន្ទុ តាម​ពីក្រោយ​ដោយ Sebastian Vettel មាន ២៧៧​ពិន្ទុ ខណៈ​ការប្រកួត​សល់​តែ​២​ទីលាន​ទៀត​ប៉ុណ្ណោះ​។​

​ក្រោយ​ទទួលបាន​ពាន​លើក​ទី​បួន​នេះ Hamilton បាន​និយាយថា​៖«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​គ្រប់គ្នា​នៅក្នុង​ក្រុម Mercedes​។ អ្វីដែល​អ្នក​បានធ្វើ​នៅពេលនេះ​គឺ​ដូចដែល​យើង​ធ្វើបាន​កាលពី​២​ឆ្នាំមុន​គឺ​មិនគួរ​ឲ្យ​ជឿ​។ ខ្ញុំ​ពិតជា​អរគុណ​ណាស់​»​។​

​ការប្រណាំង​២​លើកចុងក្រោយ​សម្រាប់រ​ដូ​វ​កាល​នេះ​នឹងធ្វើ​ឡើង​នៅ​ទីលានប្រណាំង​ក្នុងប្រទេស​ប្រេ​ស៊ី​ល Brasil Grand Prix និង​ចុងក្រោយ​នៅ​ទីលាន Abu Dhabi Grand prix ក្នុងប្រទេស​អារ៉ាប់​រួម​៕


Tag:
 ប្រណាំង​រថយន្ត​
  Lewis Hamilton
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com