ជាតិ
សង្គមជាតិ
លលាដ៍ក្បាល​មនុស្ស​អាយុ​ជាង​៣​ពាន់​ឆ្នាំ​ត្រូវ​បានដាក់​តាំងនៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ អង្គរ​
30, Oct 2017 , 10:59 pm        
រូបភាព
ដោយ:
លលា​ដ៏​ក្បាលមនុស្ស​បុរាណ​មាន​អាយុកាល​ជាង​៣​ពាន់​ឆ្នាំ បានដាក់​តាំងនៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ ដែល​ស្ថិតនៅ​ភូមិ​បឹង​ដូន​ប៉ា ឃុំ​ស្លក្រាម ក្រុង​រៀម​រាប នៃ​ខេត្តសៀមរាប​។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា លលាដ៍ក្បាល​មនុស្ស​បុរាណ​នេះ ស្ថិតក្នុង​សម័យ​យុគ​សំរិទ្ធ ដែល​បាន​រកឃើញ​នៅក្នុង​បាត​បារាយណ៍ទឹកថ្លា​ខាងលិច នៅពេលដែល​អ្នកស្រាវជ្រាវ​បុរាណវិទ្យា​ធ្វើ​កំណាយ​ស្រាវជ្រាវ នៅ​ឆ្នាំ​២០០៤-២០០៥​។​



​អជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ការធ្វើ​កំណាយ​ស្រាវជ្រាវ​នេះ ធ្វើឡើង​ដោយ​អ្នក​បុរាណវិទ្យា​ខ្មែរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយបាន​សហការ​ជាមួយ​សាលា​បារាំង​ចុង​បូព៌ា ដែល​បានធ្វើការ​ស្រាវជ្រាវ​ទីតាំង​ពីរ​កន្លែង ទីមួយ​នៅ​បារាយណ៍ទឹកថ្លា​ខាងលិច និង​ទី​ពីរ​នៅ​ស្ថានីយ៍​ព្រៃ​ក្មេង​។​



​អជ្ញាធរ​ជាតិ​អប្សរា បាន​ស្រង់​សំដី លោក គុន ផល្លី ដែលជា​មគ្គុទ្ទេសក៍​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គ​រថា លលាដ៍ក្បាល​មនុស្ស​បុរាណ​ដែល​បានដាក់​តាំងនៅ សារមន្ទីរ​នេះ ជា​លលាដ៍ក្បាល​មនុស្ស​ផ្សេងៗ​គ្នា បាន​ស្លាប់​ដោយសារ​ជំងឺ​ពីរ​ប្រភេទ​។ មគ្គុទ្ទេសក៍​នេះ បញ្ជាក់​យ៉ាងនេះ​ថា «​លលាដ៍ក្បាល​ទី​១​ដែល​ដាក់​តាំងនៅ​ជាន់​លើ ស្លាប់​ដោយសារ​ជំងឺ​ធ្មេញ រីឯ​ទី​២ ស្លាប់​ដោយសារ​ជំងឺ​ឈាមស ស៊ី​ឈាមក្រហម​»​។​

​លោក គុន ផល្លី បន្ថែមទៀតថា លលាដ៍ក្បាល​មនុស្ស​បុរាណ​ទាំងនេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ជាច្រើន ពិសេស​នោះ​គឺ​ទាក់ទង​ទៅនឹង​ការស្លាប់​ដោយសារ ជំងឺ​ឈាមស ស៊ី​ឈាមក្រហម មិន​ត្រឹមតែ​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​ទេសចរ​ទាំងអស់នោះ​មានការ​ភ្ញាក់ផ្អើល​ទៅនឹង​ជំងឺ​នេះ មាន​តាំងពី​ជាង​៣​ពាន់​ឆ្នាំ​មកហើយ​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក អាជ្ញាធរ​ជាតិ​អប្សរា ដែល​ផ្សាយ​នៅ​ថ្ងៃទី​២៧ ខែតុលា នេះ បាន​បន្តទៀតថា សាកសព​ដែល​ស្រាវជ្រាវ​ឃើញ​នៅ​បាត​បារាយណ៍ទឹកថ្លា ពេលធ្វើ​កំណាយ​មាន​ទាំងអស់​៥៩​សាកសព ហើយ​ភាគច្រើន​សាកសព​ទាំងនោះ​រក្សា​នូវ​ទ្រង់ទ្រាយ​ដើម​។ អាជ្ញាធរ​ជាតិ​អប្សរា បន្ថែមថា បើ​ផ្អែក​តាម​លទ្ធផល របស់​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋានថា ដោយសារ​បាត​បារាយណ៍​ទឹកថ្លា​ជា​ប្រភេទ​ដីខ្សាច់ មិន​ស​ប្បូរ​ជាតិ​ដែក​ឬ​អាស៊ីត ហើយ​បុព្វបុរស​សម័យ​នោះបាន​លើកដី​ទប់​ធ្វើ​បារាយណ៍ទឹកថ្លា​ខាងលិច​ដើម្បី​យក​ទឺ​ក​ប្រើប្រាស់ ហើយ​ធ្វើ​ឲ្យ​ទីតាំង​នេះ​មាន​ភាព​ត្រជាក់​ជាប់​រហូត​។​



​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ មាន​ដាក់តាំង​វត្ថុ​បុរាណ​ជាច្រើន​ប្រភេទ​ក្នុងនោះ​រួមមាន បដិមា កុលាលភាជន៍ ផ្នូរ​បុរាណ សាកសព ឬ​ឆ្អឹង​ខ្មោចមនុស្ស​សម័យបុរាណ​ជាដើម​៕


Tag:
 ​លលាដ៍ក្បាល​មនុស្ស​បុរាណ​
 ​ សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​
  ​ខេត្តសៀមរាប​
 ​ គុន ផល្លី​
© រក្សាសិទ្ធិដោយ thmeythmey.com