កីឡាអន្តរជាតិ
អន្តរជាតិ
Spurs ពិន័យ​អ្នកគាំទ្រ​ពីរ​នាក់​របស់ខ្លួន​មួយជីវិត ដោយសារ​ការ​គប់​ទឹកនោម​
31, Oct 2017 , 10:44 am        
រូបភាព
Tottenham Hotspur បានដាក់​ពិន័យ​អ្នកគាំទ្រ​របស់ខ្លួន​២​រូប​មិន​ឲ្យ​ចូល​កីឡដ្ឋាន​របស់ខ្លួន​អស់​មួយជីវិត ដោយសារ​ពួកគេ​បាន​គប់​ទឹកនោម​ដាក់​អ្នកគាំទ្រ​គូបដិបក្ខ​អំឡុងពេល​ប្រកួត​កន្លងមក​។​



​នៅក្នុង​ការប្រកួត​ពាន League Cup កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ដែល Spurs បាន​ចាញ់ West Ham ក្នុង​លទ្ធផល ២-៣ នោះ មាន​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស ២​រូប​បាន​យក​ទឹកនោម​គប់​ទៅកាន់​អ្នកគាំទ្រ​របស់​ក្រុម​ញញួរ​ធំ​។​



​បើតាម​ការផ្សាយ​របស់ BBC ក្រោយ​ពិនិត្យឡើងវិញ​តាម​ខ្សែ​វីដេអូ​បាន​បង្ហាញថា អ្នកគាំទ្រ​ម្នាក់​នោម​ដាក់​ក្នុង​កែវ​មួយ​រួច​ហុច​ឲ្យ​ម្នាក់ទៀត​ដើម្បី​គប់​ទៅលើ​អ្នកគាំទ្រ​ក្រុម​ម្ខាង​ទៀត​។​
​បើទោះបី​មានការ​បដិសេធ​របស់​អ្នក​ទាំងពីរ​ក្នុងករណីនេះ​ក៏ដោយ ប៉ុន្តែ Spurs បានកំណត់​អត្តសញ្ញាណ​ច្បាស់លាស់​បន្ទាប់ពី​ស៊ើបអង្កេត​រួចរាល់ និង​សម្រេច​ដាក់ពិន័យ​ជន​នោះ​មិន​ឲ្យ​ចូលរួម​រាល់​ការប្រកួត​អស់​មួយជីវិត​៕


Tag:
 បាល់ទាត់​
  Tottenham Hotspur
  អ្នកគាំទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com