កីឡាអន្តរជាតិ
អន្តរជាតិ
ហុងកុងនឹងធ្វើជាម្ចាស់ផ្ទះកីឡា«អ្នកស្រលាញ់ភេទដូចគ្នា»ដំបូងបំផុតនៅអាស៊ី
× ហុងកុងនឹងក្លាយជាទីក្រុងនៅតំបន់អាស៊ីដំបូងគេបង្អោះដែលនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអ្នកស្រលាញ់ភេទដូចគ្នា (Gay Games) នៅឆ្នាំ ២០២២។ ការបង្កើតកីឡានេះឡើងគឺដើម្បីលើកកម្ពស់សិទ្ធិស្មើភាពគ្នាសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា។ នេះបើតាមការចុះផ្សាយរបស់ Washington Post។
ក្រុងស្វយ័តហុងកុងបានយកឈ្នះការដេញថ្លៃលើទីក្រុង Guadalajara របស់ម៉ិកស៊ិក និងទីក្រុងវ៉ាស៊ីនតោនដើម្បីរៀបចំព្រឹត្តិការណ៍កីឡាលើកទី១១នេះ ដែលគេជឿជាក់ថានឹងទាញអ្នកចូលរួមចំនួន ១៥,០០០នាក់ និងនាំយកចំណូលប្រមាណ ១ពាន់លានដុល្លារហុងកុង ប្រហែលជាង ១២៣លានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់នេះ។
សហគមន៍អ្នកស្រឡាញ់ភេពដូចគ្នាបានលើកលើងថាព្រឹត្តិការណ៍កីឡានេះមានលក្ខណៈជាកីឡាច្រើនប្រភេព និងបើកទូលាយដល់អ្នកស្រឡាញ់ភេពដូចគ្នា (LGBT) ឲ្យចូលរួមទាំងអស់ដោយមិនគិតពីនិន្នាការភេទ និងមិនចាំបាច់មានស្តង់ដារ ឬមានលក្ខណៈសម្បត្តិជាអ្នកកីឡាករនោះទេ។
គួររម្លឹកថា ហុងកុងធ្លាប់មិនទទួលស្គាល់អាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា និងរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាចាប់ពីឆ្នាំ១៩៩១មក ប៉ុន្តែបែជាប្រជែងឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាសម្រាប់អ្នកស្រលាញ់ភេទដូចគ្នានេះនៅឆ្នាំ២០២២ និងជាព្រឹត្តិការណ៍សំខាន់មួយដើម្បីឲ្យមានការយល់ដឹងពីសិទ្ធិស្មើភាពគ្នាដល់ប្រជាជនក្នុងទីក្រុងនេះ។
ការប្រកួតកីឡា Gay Games នេះត្រូវបានបង្កើតឡើងដោយអតីតកីឡាករអូឡាំពិកម្នាក់ឈ្មោះថា Tom Waddell ជាជនជាតិអាមេរិក ដែលបានប្រារព្ធធ្វើឡើងលើកដំបូងនៅ San Francisco ក្នុងឆ្នាំ ១៩៨២។ កីឡានេះបន្តធ្វើបានរហូត៩លើកមកហើយ ខណៈដែលទីក្រុងប៉ារីសនឹងធ្វើជាម្ចាស់ផ្ទះលើកទី១០នៅខែសីហា ឆ្នាំក្រោយដែលនឹងដាក់ ៣៦ប្រភេទកីឡាចូលរូមប្រកួតប្រជែង៕
© រក្សាសិទ្ធិដោយ thmeythmey.com