ជាតិ
កម្ពុជា សុំជំនួយពីអង្គការហាមឃាត់អាវុធគីមី នៅទីក្រុងឡាអេ
× ភ្នំពេញ៖ កម្ពុជា បានស្នើសុំជំនួយពីអង្គការហាមឃាត់អាវុធគីមី ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីជួយដោះស្រាយបញ្ហាអាវុធគីមីនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានសរសេរលិខិតមួយទៅកាន់លោក Ahmet Uzumcau អគ្គនាយកនៃអង្គការហាមឃាត់អាវុធគីមី ដោយរៀបរាប់អំពីបញ្ហាអាវុធគីមីនៅលើទឹកដីកម្ពុជា ដែលខាងមន្ត្រីជំនាញពីអាជ្ញាធរជាតិអាវុធគីមី (NACW) និងមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា(CMAC) បានរកឃើញនៅឆ្នាំ២០១៧នេះ។ លោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់លោក Uzumcau ថា កាកសំណល់អាវុធគីមីដែលខាងមន្ត្រីជំនាញកម្ពុជា បានយកចេញពីក្នុងដី នៅខេត្តស្វាយរៀងកាលពីពេលថ្មីៗនេះ មានលក្ខណៈស៊ីគ្នាទៅនឹងនិយមន័យរបស់អនុសញ្ញាស្តីពីអាវុធគីមី។ បើតាមលោក ប្រាក់ សុខុន មកដល់សព្វថ្ងៃនេះ មានទីតាំងចំនួន៣៤ កន្លែង ត្រូវបានរកឃើញថា មានផ្ទុកអាវុធគីមី នៅទូទាំងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានក្រសួងការបទេសកម្ពុជា ដែលបានស្រង់សម្តីលោក ប្រាក់ សុខុន ពីលិខិតផ្ញើទៅអគ្គនាយកនៃអង្គការហាមឃាត់អាវុធគីមី កាលពីថ្ងៃទី១៦ តុលានោះ មានខ្លឹមសារដូច្នេះថា៖«ប្រឈមមុខនឹងមហន្តរាយនេះ ដើម្បីធានាសុវត្ថិភាព និងសុខមាលភាពរបស់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា អនុលោមតាមផ្នែក IV (B) កឋាខណ្ឌ៨ នៃអនុសញ្ញា ស្នើសុំជំនួយពីអង្គការហាមឃាត់អាវុធគីមី ក្នុងដំណើរការពិនិត្យផ្ទៀងផ្ទាត់ គ្រឿងផ្ទុះទាំងអស់នៅតាមទីតាំងដែលបានស្គាល់រួចហើយ និងជំនួយដើម្បីគាំទ្រដល់ការស្រាវជ្រាវបន្ថែមទៀត អំពីផលប៉ះពាល់នៃអាវុធគីមី ព្រមទាំងការបោសសម្អាត និងការបំផ្លាញអាវុធទាំងនោះទៅថ្ងៃអនាគត»។
ដោយអនុលោមតាមមាត្រាIII កឋាខណ្ឌ១(B) នៃអនុសញ្ញាស្តីពីការហាមឃាត់ ការអភិវឌ្ឍ ការផលិត ការរក្សាទុក និងការបំផ្លាញចោលអាវុធគីមីនេះ កម្ពុជាប្រកាសពីការរងផលប៉ះពាល់ដោយសំណល់អាវុធគីមីពីសង្គ្រាម ប្រើប្រាស់អំឡុងទស្សវត្ស ១៩៦០ ។ចំណែករដ្ឋដែលប្រើប្រាស់ និងបន្សល់ទុកអាវុធគីមី ត្រូវប្រកាសពីបញ្ហានេះផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
កន្លងមក អ្នកជំនាញមកពីអង្គការហាមឃាត់អាវុធគីមីនេះ ធ្លាប់បានមកពិនិត្យ និងបញ្ជាក់វត្តមាននៃអាវុធគីមី ដែលត្រូវបានរកឃើញនៅខេត្តមណ្ឌលគីរី កាលពីអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១២ផងដែរ។
ទាក់ទងនឹងបញ្ហាអាវុធគីមីនេះ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំគគីរ ខេត្តស្វាយរៀង សរុបចំនួន១១៨នាក់ហើយ ដែលរងផលប៉ះពាល់សុខភាព ក្នុងនោះមានក្មេងចំនួន៣នាក់ ត្រូវបានពិនិត្យឃើញថា មានភាពមិនប្រក្រតីដោយកើតមក មានក្បាលធំ ក្រេះក្រិន និងរមាស់ស្បែកខ្លាំង។ នេះបើតាមលោក កែរ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀង។
ចំណែកប្រមុខរដ្ឋាភិបាល ក៏គ្រោងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឲ្យជួយដោះស្រាយលើបញ្ហាគ្រាប់បែកគីមី ដែលបានបន្សល់ទុកពីសម័យសង្គ្រាមនេះផងដែរ។
គួរបញ្ជាក់ថា អាមេរិកបានទម្លាក់គ្រាប់បែកប្រមាណ ២លាន ៧សែនតោន ក្នុងអំឡុងសង្គ្រាមនាទសវត្ស១៩៧០ រវាងកងទ័ពសាធារណរដ្ឋកម្ពុជា ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងកងទ័ពតស៊ូរបស់ខ្មែរក្រហម ក្រោយពេលពួកគេធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០៕
Tag:
ប្រាក់ សុខុន
អាវុធគីមី
© រក្សាសិទ្ធិដោយ thmeythmey.com