ជាតិ
សង្គមជាតិ
អុំទូក៖ អង្គភាពអន្តរាគមន៍នគរបាលជាតិត្រៀមកម្លាំង៣ពាន់នាក់
× លោក ចាន់ ស៊ីថា ប្រធានអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឲ្យដឹងថា អង្គភាពអន្តរាគមន៍បានត្រៀមកម្លាំង៣ពាន់នាក់ សម្រាប់ល្បាត ថែរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងសង្គ្រោះ នៅថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២-៤ ខែវិច្ឆិកា ខាងមុខនេះ»។
«នគរបាលអន្តរាគមន៍ត្រៀមកម្លាំង ២៤ម៉ោងលើ២៤ម៉ោង ដើម្បីការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅថ្ងៃព្រះរាជពិធីបុណ្យអុំទូក […] រួមទាំងត្រៀមខ្លួនចេញប្រតិបត្តិការជានិច្ចក្នុងការ ការទប់ស្កាត់អំពើភេរវម្ម និងបាតុកម្មផ្សេងៗ បន្ទាប់ពីមានបទបញ្ជារបស់រាជរដ្ឋាភិបាល»។ នេះតាមការអះអាងរបស់លោក ចាន់ ស៊ីថា ដែលដកស្រង់ដោយគេហទំព័រផ្លូវការរបស់អគ្គស្នងការនគរបាលជាតិ។
លោក ចាន់ ស៊ីថា បន្ថែមទៀតថា ក្រៅពីត្រៀមកម្លាំង អង្គភាពអន្តរាគមន៍ បានត្រៀមនូវរថយន្តប្រឆាំងភេរវកម្មចំនួន១០គ្រឿង រថយន្តទប់ស្កាត់បាតុករចំនួន៤គ្រឿង រថយន្តអគ្គីភ័យចំនួន៤គ្រឿង រថយន្តសង្គ្រោះទូទៅចំនួន៣គ្រឿង ម៉ូតូល្បាតគ្រប់ទិសដៅចំនួន២០គ្រឿង និងរថយន្តក្រុងចំនួន៨គ្រឿង។
គួររម្លឹកថា លោក ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានត្រៀមកម្លាំងជាង២ម៉ឺននាក់ ដើម្បីថែរក្សាការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ការពារទប់ស្កាត់អំពើចោរកម្ម ឬជនឆ្លៀតឱកាស ដែលប្រព្រឹត្តអំពើលួច ប្លន់ ទៅលើភ្ញៀវជាតិ-អន្តរជាតិ ហើយនិងបានត្រៀមរថយន្តពេទ្យ រថយន្តពន្លត់អគ្គីភ័យរាប់រយគ្រឿងផងដែរ នៅថ្ងៃព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ៕
Tag:
ចាន់ ស៊ីថា
ព្រះរាជពិធីបុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com