អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់ H-6K ទៅ​ក្បែរ​មូលដ្ឋានទ័ព​អាមេរិក​លើ​កោះ​ហ្គា​ម​
02, Nov 2017 , 12:30 pm        
រូបភាព
​ក្រុង​ប៉េកាំង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ H-6K ទៅជិត​ដែនអាកាស​អាមេរិក​ក្បែរ​មូលដ្ឋានទ័ព​កោះ​ហ្គា​មកាល​ពីថ្ងៃ​អង្គារ​។ កងទ័ព​អាមេរិក​បាន​អះអាង​យន្តហោះ​ទម្លាក់​គ្រាប់​ចិន​ហើរ​មក​ក្បែរ​ដែនអាកាស​ខ្លួន​ជា​ញឹកញាប់ ដែល​វា​អាច​បង្ក​ការគំរាមកំហែង​ខ្លាំង​ដល់​សន្តិសុខ​អាមេរិក​ផង​។



​ថ្ងៃ​អង្គារ​កន្លងទៅ យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​ចិន​ម៉ាក H-6K បាន​ហោះហើរ​នៅក្បែរ​ទឹកដី​អាមេរិក​កោះ​ហ្គា​ម​។ មន្ត្រី​យោធា​អាមេរិក​នៅ​ទី​នោះបាន​ចាត់ទុកថា សកម្មភាព​របស់​ចិន​អាច​បង្ក​ការគំរាមកំហែង​ខ្លាំង​និង​រយៈពេល​វែង​នៅពេល​អនាគត​ផង​។

​សារព័ត៌មាន​យោធា Defense News ស្រង់​សម្តី​ន្ត្រី​អាមេរិក​ម្នាក់​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​ដូច្នេះ​ថា​៖« វា​ជា​រឿង​ធម្មតា​សម្រាប់​យន្តហោះ​ចិន​ដែល​ពើបប្រទះ​យន្តហោះ​អាមេរិក​នៅពេល​បច្ចុប្បន្ន​។ ចិន​កំពុង​ព្យាយាម​សាកល្បង​ប្រតិបត្តិការ​វាយប្រហារ​លើ​កោះ​ហ្គា​ម​»​។​

​តាមពិតទៅ​យន្តហោះ H-6K ជា​ប្រភេទ​យន្តហោះ​យុទ្ធសាស្ត្រ​ទម្លាក់​គ្រាប់បែក​ដែល​បាន​ចូល​បម្រើកងទ័ព​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០០៩ ហើយ​វា​ត្រូវបាន​គេ​រចនា​ឡើង​ដើម្បី​ប្រតិបត្តិការ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ និង​អាច​វាយប្រហារ​បាន​ក្នុងពេល​ប្រឈមមុខគ្នា​បន្ទាន់​បង្ខំ​។ មានការ​វាយតម្លៃថា យន្តហោះ​នេះ​មាន​សមត្ថភាព​វាយប្រហារ​លើ​កង​នាវាចម្បាំង​អាមេរិក​ដែល​បំពេញ​ប្រតិបត្តិការ​នៅ​អាស៊ី​ថែមទៀត​។​

​យន្តហោះ​នេះ​អាចបំពេញ​ប្រតិបត្តិការ​សឹក​ក្នុង​រយៈ​ចម្ងាយ ២០០០​គីឡូម៉ែត្រ ហើយ​មី​ស៊ី​ល​ដែល​បំពាក់​លើ​យន្តហោះ​នេះ​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​រហូតដល់ ៤០០០​គីឡូម៉ែត្រ​ទៀត​។ កន្លងមក​យន្តហោះ​ទម្លាក់​គ្រាប់​ប្រភេទ​នេះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ល្បាត​នៅ Scarborough Shoal ដែល​ស្ថិតនៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​

​ទោះជា​បែបណា​ក្តី ការហោះហើរ​និង​ពើបប្រទះ​គ្នា​រវាង​យន្តហោះ​ចម្បាំង​អាមេរិក និង​ចិន​ជា​ច្រើនដង​មកនេះ​មិនបាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ឬ​ការប៉ះទង្គិច​គ្នា​អ្វី​ទេ​។ ម្យ៉ាង ទំនាក់ទំនង​រវាង​យោធា​មហាអំណាច​ទាំងពីរ​នៅតែ​បើកចំហរ ហើយ​ភាគី​ទាំងពីរ​បន្ត​មាន​កិច្ចប្រជុំ​ពិភាក្សាគ្នា​រហូត​ដល់​ពីរដង​ក្នុង​មួយឆ្នាំ​តាមរយៈ​សន្និសីទ​កិច្ចព្រមព្រៀង​ប្រឹក្សា​យោធា​យោធា​ដើម្បី​ពិភាក្សាគ្នា​ពី​បញ្ហា​សន្តិសុខ​ផង​៕


Tag:
 ចិន​
  អាមេរិក​
  ហ្គា​ម​
  សមុទ្រ​ចិន​ខាងត្បូង​
  H-6K
© រក្សាសិទ្ធិដោយ thmeythmey.com