អន្តរជាតិ
អាស៊ាន ចិន​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​ធំ​បំផុត​លើកដំបូង ខណៈ​ជម្លោះ​សមុទ្រ​ចិន​ស្ងប់ស្ងាត់​
02, Nov 2017 , 10:19 pm        
រូបភាព
​អាស៊ាន​និង​ចិន​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​រួមគ្នា​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង​។ កងទ័ព​ប្រហែល​មួយ​ពាន់​នាក់​មកពី​ចិន រួមទាំង​ហ្វីលីពីន ថៃ មី​យ៉ាន់​ម៉ា កម្ពុជា ឡាវ និង​ព្រុយ​ណេ បាន​ចូលរួម​ក្នុង​លំ​ហាត់​យោធា​សង្គ្រោះ​ផ្លូវ​សមុទ្រ​នេះ តែ​គ្មាន​វត្តមាន​វៀតណាម​ឡើយ​។



​សប្តាហ៍​នេះ​ចិន​និង​អាស៊ាន​បានរៀបចំ​លំ​ហាត់​យោធា​ជើង​ទឹក​រួមគ្នា​ដោយ​ផ្តោតលើ​ការជួយ​សង្គ្រោះ​មនុស្ស​ពេល​មាន​គ្រោះថ្នាក់​ពេលធ្វើ​ដំណើរ​នៅ​សមុទ្រ​។ វា​ជា​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​រវាង​ចិន និង​អាស៊ាន​។​
​    ​
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ សមយុទ្ធ​នេះ​ធ្វើឡើង​ដោយ​រៀបចំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​នាវា​ដឹក​អ្នកដំណើរ​ចិន ជាមួយ​កប៉ាល់​ដឹកទំនិញ​កម្ពុជា​នៅ​ដែនសមុទ្រ​ជិត​ខេត្ត​ក្វាង​ទុង​។

​កងទ័ព​ប្រហែល មួយ​ពាន់​នាក់ នាវា​សង្គ្រោះ ២០​គ្រឿង រួមជាមួយ​ឧទ្ធម្ភាគចក្រ បី គ្រឿង​ទៀត​មកពី​ប្រទេស​ចិន កម្ពុជា ហ្វីលីពីន ថៃ ឡាវ មី​យ៉ាន់​ម៉ា និង​ព្រុយ​ណេ បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​នេះ​។ ប៉ុន្តែ​គេ​មិនឃើញ​មាន​វត្តមាន​កងទ័ព​វៀតណាម​នោះឡើយ​។​

​មន្ត្រី​ទទួលបន្ទុក​កិច្ចការងារ​ព្រំដែន និង​កិច្ចការងារ​សមុទ្រ​នៃ​ក្រសួងការបរទេស​ចិន​លោក He Xiangqi បាន​បញ្ជាក់ថា ការរៀបចំ​កិច្ចសហប្រតិបត្តិការ​សង្គ្រោះ​រវាង​ចិន និង​សមាជិក​អាស៊ាន​នេះ​បាន​ជួយ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​សង្គ្រោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏​ចូលរួមចំណែក​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាស៊ាន និង​ចិន​កាន់តែ​ល្អប្រសើរ​ផងដែរ​។

​តាមពិតទៅ ការរៀបចំ​លំ​ហាត់​យោធា​រវាង​ចិន និង​អាស៊ាន​កើតឡើង​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក (ADMM Plus)  នៅ​ហ្វីលីពីន និង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះ​។ វា​ក៏​កើតឡើង​នៅពេល​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​ជម្លោះ​រវាង​ចិន និង​រដ្ឋ​អាស៊ាន​ហាក់​ស្ងប់ស្ងាត់​ផង​។

​មហា​យក្ស​ចិន​ទាមទារ​យក​ដែនទឹក​ស្ទើរតែ​ទាំង​អស់នៃ​ដែនទឹក​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ផ្អែកលើ​អំណះអំណាង​ប្រវត្តិសាស្ត្រ ខណៈដែល​សមាជិក​អាស៊ាន​ដូចជា​វៀតណាម ហ្វីលីពីន ព្រុយ​ណេ ម៉ាឡេស៊ី​ផង នោះ​ក៏​ទាមទារ​ដូចគ្នា​។ ប៉ុន្តែ​ចិន​បាន​បន្ត​វាតទី​ក្នុង​តំបន់​ជម្លោះ​ដោយ​កសាង​កោះ​សិប្បនិម្មិត​ផង និង​ដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​បម្រើ​ប្រយោជន៍​ស៊ីវិល និង​យោធា​ថែមទៀត ដែល​វា​ធ្វើ​ឲ្យ​ប្រទេស​ជម្លោះ​ឯទៀត​ព្រួយបារម្ភ​និង​ក្តៅក្រហាយ​ខ្លាំង​ដែរ​។

​យ៉ាងណាមិញ​បញ្ហា​ចម្រូងចម្រាស​ហាក់​ថមថយ​កម្តៅ ដោយសារ​ប្រធាន​អាស៊ាន​ហ្វី​លី​ពី​ប្តូរ​ជំហរ​ទាំងស្រុង​ចំពោះ​ចិន​។ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​បដិសេធ​ប្រើប្រាស់​ការសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដើម្បី​ដាក់​សម្ពាធ​លើ​ចិន ហើយ​បែរជា​បន្ទន់​ជំហរ​ដាក់​ចិន​វិញ​ដើម្បី​ទទួលបាន​ជំនួយ ទុនវិនិយោគ និង​ពាណិជ្ជកម្ម​រាប់ពាន់​លាន​ដុល្លារ​ពី​ចិន​៕


Tag:
 អាស៊ាន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com