ជាតិ
សង្គមជាតិ
លោក ប៊ូ ជុំ​សេរី ថា មិនមាន​កីឡាករ​បាត់បង់​ជីវិត ដោយសារ​ការ​លិច​ទូក​ឡើយ​
02, Nov 2017 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក​ ប៊ូ ជុំ​សេរី ប្រធាន​គណៈកម្មការ​ប​ច្ចេកទេស​ប្រណាំងទូក
រូបពីហ្វេសប៊ុកលោក​ ប៊ូ ជុំ​សេរី ប្រធាន​គណៈកម្មការ​ប​ច្ចេកទេស​ប្រណាំងទូក
ដោយ:
ភ្នំពេញ​៖ ដូច​រៀងរាល់ឆ្នាំ នៅក្នុង​ការប្រកួតប្រណាំង​ទូក តែងតែ​មានការ​លិច​ទូក​។ ជាក់ស្ដែង​នៅក្នុង​ពិធី​ប្រណាំងទូក នៅ​ព្រឹក​ថ្ងៃទី​២ វិច្ឆិកា​នេះ ក៏មាន​ទូក​មួយចំនួន​លិច​ដែរ ប៉ុន្តែ​ត្រូវបាន​ក្រុម​អ្នក​ចាំ​ជួយសង្គ្រោះ អន្តរាគមន៍​ជួយ​ទាន់ពេលវេលា ហើយ​មិន​បង្ក​ឲ្យ​មានការ​បាត់បង់​ជីវិត​ឡើយ​។​


 
​លោក ប៊ូ ជុំ​សេរី ប្រធាន​គណៈកម្មការ​ប​ច្ចេកទេស​ប្រណាំងទូក បាន​ប្រាប់​ព័ត៌មាន​បឋម​ដល់​សារព័ត៌មាន​ថ្មីៗ​ថា ទូក «​ង​»​ចំនួន ៣​ទូក បាន​លិច​នៅពេល​កំពុង​ប្រណាំង ក្នុង​ពិធីបុណ្យ​អុំទូក នា​ថ្ងៃទី​ដំបូង​នេះ​។ ប៉ុន្តែ​បើតាម​លោក ប៊ូ ជុំ​សេរី ការ​លិច​ទូក​នេះ មិនមាន​ការបាត់បង់​អាយុជីវិត​របស់​កីឡាករ​ប្រណាំងទូក ង ឡើយ ដោយមាន​ក្រុម​ចាំ​ជួយសង្គ្រោះ​ជួយ​ទាន់ពេល​។​
 
​ប្រធាន​គណៈកម្មការ​រៀប​ចំ​ប្រណាំងទូក ង បានបញ្ជាក់​ដូច្នេះ​ថា «​មាន​ទូក ង ៣ កំពុង​ប្រណាំង​បាន​លិច​។​តែ​នេះ​ជា​រឿង​ធម្ម​ថា ហើយ​មិនមាន​អ្នក​បាត់​បង់ជីវិត​ទេ ដោយសារ​មាន​ក្រុម​ចាំ​ជួយសង្គ្រោះ​បន្ទាន់​»​។​
 
​គូសបញ្ជាក់ថា ទូក ង ចូលរួម​ប្រណាំង​ចំនួន ២៧០​ទូក មកពី ១៥​ខេត្ត និង​៦​ស្ថាប័ន ក្នុងការ​ប្រណាំង​ទូកង នេះ មាន​ទូក​អុំ​បុរស​ខ្នាត​អន្តជាតិ ៨១​គូ និង​នារី​៣​គូ ហើយ​និង​ទូក​ខ្នាត​ធម្មតា​មាន​ចំនួន ១៥៧​ទូក ក្នុងចំណោម​នេះ​ទូក​ចំនួន ៨១​ទូក​ជា​គូ​ពិសេស និង​ទូក​ចែវ​បុរស​នារី​ចំនួន ២៩​ទូក ហើយ​មាន​ចំណុះ​ទូក​សរុប ១៧,៨២៦​នាក​។ ដោយឡែក​មិនមាន​ទូក​ផ្នែក​បរទេស​ចូលរួម​ប្រណាំង​ឡើយ​នៅ​ឆ្នាំនេះ​។ ព្រះរាជ​ពិធីបុណ្យ​អុំទូក សំពះ​ព្រះ​ខែ និង​អកអំបុក ប្រារព្ធ​ឡើង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧៕
 
 
 

Tag:
 ​ប៊ូ ជុំ​សេរី​
 ​បុណ្យ​ទូក​
© រក្សាសិទ្ធិដោយ thmeythmey.com