ជាតិ
គំនូរ​អាថ៌កំបាំង​នៅ​អង្គរវត្ត​ដែល​គេ​មិនសូវ​បានដឹង​
03, Nov 2017 , 10:19 pm        
រូបភាព
​សៀមរាប​៖ គេ​តែង​បានដឹង​ច្រើន​ពី​ផ្ទាំង​ចម្លាក់​នានា​ដែលមាន​នៅក្នុង​ប្រាសាទអង្គរវត្ត ដែលមាន​នៅតាម​ជញ្ជាំង​ប្រាសាទ​និង​ថែវ ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មាន​ភាព​កោត​ស្ងប់​ស្ងែ​ង​លើ​ទេពកោសល្យ​នៃ​ចម្លាក់​ទាំងនោះ​។ ទន្ទឹមនឹង​គ្នា​នេះដែរ ក៏មាន​ស្នាដៃ​សិល្បៈ​មួយ​ប្រភេទ​ទៀត ដែល​នៅ​កំបាំង​នឹង​ចម្លាក់​និង​លំអ​ស្ថាបត្យកម្ម​របស់​ប្រាសាទ​ថ្ម យ៉ាង​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ សិល្បៈ និង​ជីវភាព​រស់នៅ​របស់​ខ្មែរ​នា​សម័យកាល​មួយ​ដែរ​។ អ្នក​ដែល​ធ្លាប់​ទៅលេង​ប្រាសាទអង្គរវត្ត ខ្លះ​ធ្លាប់​ចាប់អារម្មណ៍ ខ្លះ​មើលរំលង​អំពី​គំនូស​គូសវាស់ ឬ​ស្នាម​ប្រលាក់​មាន​ពណ៌​ខ្មៅ និង​ពណ៌​ក្រហម​ដី​លេង ដែល​ស្ថិតនៅតាម​បណ្តោយ​ជញ្ជាំង​ប្រាសាទ និង​ថែវ​។ តាមពិតទៅ វា​មិនមែនជា​គំនូស​ដែល​គេ​គូស​លេង​នោះទេ តែ​វា​ជា​គំនូរ​អាថ៌កំបាំង ដែលមាន​អាយុកាល​មិន​ក្រោម ៤០០​ឆ្នាំ​ឡើយ​។​



​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន SAMEO SPAFA ដែលមាន​ស្នាក់ការ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ កំពុង​រៀបចំ​គម្រោង​សហការ​ស្រាវជ្រាវ​ផ្ទាំងគំនូរ​អាថ៌កំបាំង នៅ​ប្រាសាទអង្គរវត្ត​។ តាម​ការសិក្សា​ជាបឋម និង​តាម​ឯកសារ​ដែល​បាន​បោះពុម្ព​នាពេល​កន្លងមក គំនូរ​អាថ៌កំបាំង​នេះ ស្ថិតនៅ​ទីតាំង​មិនមាន​ចម្លាក់ ទី​ដែល​មនុស្ស​មិនសូវ​បាន​ទៅ​ទស្សនា ដែល​ស្ថិតនៅតាម​បណ្តោយ​ជញ្ជាំង​នៃ​ថែវ នៃ​ខ្លោងទ្វារ​ចូល​ខាងលិច​ថែវ​ទី​២ និង​ផ្នែក​ខ្លះ​នៃ​ថែវ​ទី​១​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ឹម សុខ​រិទ្ធី​​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។

​លោក អ៊ឹម សុខ​រិទ្ធី បាន​ពន្យល់​ទៀតថា គំនូរ​ទាំងនេះ ជា​គំនូរ​ដែល​បាន​គូរ​នៅ​សម័យ​ក្រោយៗ​បន្តបន្ទាប់ ដោយ​មិនមែនជា​គំនូរ​ដែល​គេ​គូរ​នៅ​សម័យ​សង់​ប្រាសាទ​អង្គរ​ឡើយ​។ តាម​ការសិក្សា​បឋមរ​បស់​ក្រុម​អ្នកស្រាវជ្រាវ គំនូរ​ទាំងនោះ​មាន​អាយុ​ចំណាស់​ជាងគេ​ប្រមាណ ៤០០​ឆ្នាំ ខ្លះ​២០០​ឆ្នាំ ខ្លះ​១០០​ឆ្នាំ និង​ខ្លះទៀត​ពី​៥០ ទៅ​៦០​ឆ្នាំ​ផង​។​

​អ្វីដែល​ចាប់អារម្មណ៍​ទៀត​នោះ តាម​អ្នកស្រាវជ្រាវ គំនូរ​ទាំងនោះ​សោត ក៏​មិនមែនជា​ស្នាដៃ​របស់​ក្រុម​សិល្បករ​អ្វី​ដែរ តែ​វា​ជា​ស្នាដៃ​របស់​អ្នកស្រុក អ្នក​ដែល​ធ្វើដំណើរ​មក​សំពះ​ព្រះ​នៅ​ប្រាសាទអង្គរវត្ត អ្នក​មក​ធ្វើបុណ្យ​ជាដើម​។ ហេតុនេះហើយ ទើប​គេ​ប្រទះឃើញ​រូបគំនូរ​នេះ​ច្រើន​មាននៅ​ច្រកចូល​សំខាន់​នៅ​ទិស​ខាងលិច បន្ទាប់មក​នៅ​ថែវ​ជាន់​ទី​២​។ ចំពោះ​ថែវ ដែលមាន​ចម្លាក់​ស្រាប់ ពុំមាន​គំនូរ​នេះឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ឹម សុខ​រិទ្ធី​។​

​គំនូរ​នៅ​ប្រាសាទអង្គរវត្ត មាន​ច្រើន​ប្រភេទ​ដូចជា គំនូរ​សត្វពាហនៈ​ដោយមាន​សត្វស្រុក​ខ្លះ និង​សត្វព្រៃ​ខ្លះ ដែល​រួមមាន​សត្វ​សេះ ដំរី លា​។ ក្រៅពីនេះ​ក៏មាន​គំនូរ​សំណង់​អគារ និង​គំនូរ​រូប​ទូក​។ គំនូរ​ទូក​ក៏មាន​ច្រើន​ប្រភេទ​ដែរ មានដូចជា​ទូក​អុំ ចែវ ទូក​នាគ ហង្ស និង​រហូតដល់​សំពៅ​ទៀត ដោយមាន​ទាំង​សំពៅ​ក្នុងស្រុក និង​សំពៅ​អឺរ៉ុប​ផង​៕


































Tag:
 គំនូរ​អាថ៌កំបាំង​
  អ៊ឹម សុខ​រិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com