អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ថៃ គ្រោង​រុះរើ​គណៈរដ្ឋមន្ត្រី​ជា​លើក​ទី​បួន
03, Nov 2017 , 8:19 pm        
រូបភាព
ដោយ:
​ប្រមុខ​របប​សឹក​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា កំពុងតែ​ពិចារណា​ក្នុងការ​ផ្លាស់ប្តូរ​សមាជិក​រាជរដ្ឋាភិបាល​របស់​លោក​ជាថ្មី​ម្តងទៀត ។ តាមរយៈ​ការផ្លាស់់ប្តូរ​លើក​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​គ្រោង បញ្ចូល​សមាសភាព​មន្ត្រី​ស៊ីវិល និង​កាត់បន្ថយ​មន្ត្រី​ដែលមាន​សាវតា​ចេញពី​ស្ថាប័ន​យោធា​ក្នុងតួនាទី​ជាន់ខ្ពស់ ។



​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃ​២ វិច្ឆិកា បាន​ឲ្យ​ដឹងថា លោក នឹង​រុះរើ​គណៈរដ្ឋមន្ត្រី​ជា​លើក​ទី​បួន​នៅ​ចុងឆ្នាំ​នេះ ។ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ប្រាប់​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​កុំ​មានការ​ព្រួយបារម្ភ ដ្បិត នេះ គ្រាន់តែ​ជា​កិច្ចការរដ្ឋបាល​ប៉ុណ្ណោះ​នោះទេ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ប្រមុខ​របប​សឹក ក៏បាន​បញ្ជាក់ដែរថា លោក ក៏​កំពុងតែ​ពិចារណា​ក្នុងការ​កាត់បន្ថយ​មន្ត្រី​យោធា ដោយ​ដាក់​មន្ត្រី​ស៊ីវិល​ជំនួស​វិញ ។ កន្លងមក ក្នុង​សមាសភាព​គណៈ​មន្ត្រី ភាគច្រើន​របស់លោក មាន​សាវតា​ជា​យោធា ។

​សូម​ជម្រាប​ផងដែរ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​ឡើងកាន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​យោធា​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់ នៅ​ថ្ងៃ​២២ ឧសភា ឆ្នាំ​២០១៤ ។ ក្នុងនាម​ជា​ប្រមុខ​របប​សឹក លោកនាយក​រដ្ឋមន្ត្រី បាន​សន្យា​កែទម្រង់ និង​ស្តារ​ស្ថានភាព​ប្រទេស​ដែល លោក បាន​ចោទ​អតីត​មេដឹកនាំ​មុន​ធ្វើ​ឲ្យ​ប្រះ​ឆា វិល​មករក​លក្ខណៈ​ល្អប្រសើរ​វិញ ។​

​អ្វី​គួរកត់សម្គាល់ ការបង្ហាញ​ពី​ផែនការ​រុះរើ​គណៈរដ្ឋមន្ត្រី​របស់លោក​នាយករដ្ឋមន្ត្រី ហាក់ដូចជា​កៀក​បន្តិច​ជាមួយនឹង​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​របស់​ថៃ​តាមរយៈ​លក្ខណៈ​ប្រជាធិបតេយ្យ ។ ថ្មីៗ​នេះ លោក​ប្រា​យុទ្ធ ទើបតែ​បានប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត ដោយ​លោក​សម្រេច រៀបចំ​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ៕


Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com