បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
នារី​បែបណា​ដែល​បុរស​មានចំណេះដឹង​ប្រាថ្នា​ជា​គូ​អនាគត​?
04, Nov 2017 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ៖ ស្មោះត្រង់ មានចំណេះដឹង និង​គំនិត​ប្រហាក់ប្រហែលគ្នា រូបសម្បត្តិ​សមរម្យ ចរិយា​មារយាទ​ល្អ ព្រមទាំង​ចេះ​ចាត់ចែង​ការងារ​ក្នុងផ្ទះ គឺជា​បុគ្គលិកលក្ខណៈ​របស់​នារី ដែល​បុរស​មានចំណេះដឹង​ទាំងឡាយនា​សម័យ​បច្ចុប្បន្ន​ប្រាថ្នា​ជា​គូ​អនាគត​។ នៅក្នុង​បទ​យកការណ៍​នេះ ក៏មាន​បុរស​ដែល​នៅមាន​ជឿជាក់​លើ​និស្ស័យ និង​ត្រូវតែ​ស្វែងយល់​ពី​ដៃគូ​របស់គេ មុន​ដល់​ថ្ងៃ​រៀបការ ដើម្បី​រួមរស់​នៅ​ជាមួយគ្នា​ពេញមុខ​មាត់​តាមច្បាប់​ដែរ​។ បុរសៗ​ក៏​លើកឡើង​ព្រមៗ​គ្នា​ថា ការជ្រើសរើស​ដៃគូ​ជីវិត​ដោយ​ខ្លួនឯង ជា​រឿង​ដែល​យុវជន​ជំនាន់​ក្រោយ​គួរតែ​ធ្វើ មិនចាំបាច់​រើស​តាម​គ្រួសារ​ដូច​ជំនាន់​មុន​ទៀតឡើយ​។



​នារី​ដែល​លោក ឈុន ពិសិដ្ឋ ប្រាថ្នា​ជានា​រី​ដែលមាន​ទេពកោសល្យ ឬ​មានគំនិត​ក្នុង​ការធ្វើ​អាជីវកម្ម​។ ការកំណត់​លក្ខណៈសម្បត្តិ​ផ្តោតលើ​ចំណុច​នេះ ដោយសារតែ​ប្រធាន​ផ្នែក​ទីផ្សា​នៅ​ក្រុមហ៊ុន​ឱសថ​ឯកជន​រូបនេះ កំពុងតែ​ប្រកប​អាជីវកម្ម​ផ្ទាល់​ដែរ ដូច្នេះ​បុរស​វ័យ​៣៥​ឆ្នាំ​រូបនេះ ត្រូវការ​នារី​ដែលមាន​គំនិត​រឿង​រកស៊ី​ដូច​ខ្លួន​។ ចំណែកឯ ចរិតលក្ខណៈ រូបសម្បត្តិ​សមរម្យ ការចាត់ចែង​ការងារ​ចង្ក្រាន​ឆ្នាំង ជា​រឿង​បន្ទាប់បន្សំ​។ នេះ​បើតាម​បុរស​ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​រូបនេះ​។ លោក​ឈុន ពិសិដ្ឋ បន្ថែម​ដូច្នេះ​៖«​ខ្ញុំ​គិតថា​ទ្រព្យសម្បត្តិ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​មាន​សមល្មម​ហើយ ដូច្នេះ​ខ្ញុំ​ក៏​ចង់​ជ្រើសរើស​នារី​ម្នាក់​ដែល​អាចជួយ​ថែរក្សា​គ្រួសារ​របស់ខ្ញុំ​បាន ហើយ​មានចិត្ត​ល្អជា​មួយ​មនុស្ស​ទូទៅ និង​ម្ចាស់ការ​លើ​ខ្លួនឯង​»​។

​មាន​រូបសម្បត្តិ​សមរម្យ មានចំណេះដឹង និង​អាយុ​ប្រហាក់ប្រហែលគ្នា ព្រមទាំង​ស្រលាញ់​គ្រួសារ​ទាំងសងខាង​ស្មើៗ​គ្នា គឺជា នារី ដែល លោក​យឿ​ង សុធា​រ៉ា មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល បានជ្រើសរើស និង​សម្រេចចិត្ត​រៀបការ​ជាមួយគ្នា ក្រោយពី​បាន​ស្វែងយល់​ពីគ្នា​បន្ថែម​៥​ឆ្នាំ​រួចមក​។  ដ្បិតតែ​ទទួលស្គាល់ថា ទ្រព្យសម្បត្តិ​ជា​រឿង​សំខាន់ ប៉ុន្តែ​លោក មិនបាន​ផ្តល់​តម្លៃ​លើ​ទ្រព្យ​ហួសហេតុ​នោះទេ ពីព្រោះ​បេះដូង និង​ទឹកចិត្ត​ស្មោះត្រង់ រួមទាំង​អត្តចរិត​របស់​ភរិយា​លោក សំខាន់​ជាង​លុយកាក់​ខ្លាំងណាស់​។ នេះ​ជាការ​ប​ពន្យល់​របស់ លោក សុធា​រ៉ា ដែល​បន្ត​រៀបរាប់​ទាំង​ញញឹមញញែម​ទៀតថា​៖«​ក្រោយ​ចំណាយពេល​សិក្សា​ពីគ្នា​រយៈពេល​៥​ឆ្នាំ​ទើប​ខ្ញុំ​រៀបការ​និង​គាត់ ហើយ​រយៈពេល​មួយឆ្នាំ​ពេញ​ខ្ញុំ​បានធ្វើ​ការបន្ថែម និង​ចាយវាយ​ត្បិតត្បៀត​ដើម្បី​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​រៀបការ​។ មកទល់ពេលនេះ ជីវិត​គ្រួសារ​របស់ខ្ញុំ​ពិត​ជាមាន​សុភមង្គល ហើយ​ខ្ញុំ​ក៏​ជិត​ក្លាយទៅជា​ប៉ា​របស់គេ​ឆាប់ៗ​នេះដែរ​»​។​

​ចំណែក លោក សាស្ត្រាចារ្យ ណុ​ច រ៉ា​ម៉ូ ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ពី​ប្រទេស​បារាំង បាន​បញ្ជាក់ថា នារី​ដែល​លោក​ស្រឡាញ់ ជា​អ្នក​ដែល​ស្មោះត្រង់ និង​មានចំណេះដឹង​ប្រហាក់ប្រហែលគ្នា និង​អាស្រ័យ​លើ​និស្ស័យ​ដែរ​។ សាស្ត្រាចារ្យ​វ័យ​ជាង ៣០​ឆ្នាំ​រូបនេះ​ពន្យល់​ដូច្នេះ​៖« រឿង​គូជីវិត​គឺ​អត់​មានការ​តាំងចិត្ត​ជ្រើសរើស​ឲ្យ​ច្បាស់​ទេ ឬ​អាច​ជួប​ចៃដន្យ​ក៏​ថា​បាន បានន័យថា​អាស្រ័យទៅលើ​និស្ស័យ នៅពេល​ខ្លះ ទោះជា​យើង​បាន​ជួប​ជាមួយ​នារី​ដែលមាន​គ្រប់យ៉ាង ដូចដែល​យើង​ចង់បាន​ក៏ដោយ តែបើ​មិនមាន​និស្ស័យ​នឹង​គ្នា ក៏​មិនអាច​ស្រលាញ់គ្នា​ជា​គូជីវិត​បានដែរ​»​។ 

​ក្រៅពី​មាន​និស្ស័យ​ជាមួយគ្នា សម្រាប់​លោក រ៉ា​ម៉ូ និង​ដៃគូ ក៏ត្រូវ​សិក្សា​ពីគ្នា​ទៅវិញទៅមក​ឲ្យ​បានច្បាស់លាស់​ដែរ គឺ​រាប់​ចាប់ពី​ពេល​ចាប់ផ្ដើម រហូតដល់​ថ្ងៃ​ដែល​យើង​យល់ថា​អាច​រៀប​ការរួម​រស់នៅ​ជាមួយគ្នា​តែម្តង​។ សាស្ត្រាចារ្យ​ដដែល ក៏​ចង់​ឲ្យ​យុវជន​ជ្រើសរើស​គូជីវិត​ដោយ​ខ្លួនឯង​ដែរ មានន័យថា រើស​នារី​ដែល​ពួកគេ​ស្រលាញ់​ពេញចិត្ត មិន​រើស​តាម​គ្រួសារ​នោះទេ ហើយ​បើទោះជា​គ្រួសារ​ជា​អ្នករៀបចំ​ឲ្យ ក៏​នៅតែ​ត្រូវ​សិក្សា​ពីគ្នា​ឲ្យ​បាន​ច្បាស់​ដែរ មុននឹង​សម្រេចចិត្តថា​រៀបការ​ជាមួយគ្នា​។​

​ជារួម ភាពស្មោះត្រង់ ចំណេះដឹង អត្ត​ចរិតល្អ និង​ចាត់ចែង​ការងារ​ក្នុងផ្ទះ គឺជា​លក្ខណៈសម្បត្តិ​រប​ស់នា​រីៗ ដែល​បុរស​មានការ​សិក្សា​សមល្មម​ជំនាន់​នេះ ភាគ​គ​ច្រើន​ចង់បាន​។ ក្រៅពីនេះ ក៏មានដែរ ការ​មានគំនិត​ប្រហាក់ប្រហែលគ្នា អាយុ​ស្របាល​គ្នា និង​រូបសម្បត្តិ​សមរម្យ ជា​ភាព​ទាក់ទាញ​គួបផ្សំ​ដែល​បុរសៗ​ត្រូវ​ពិចារណា​មុននឹង​សម្រេច​រៀបការ​ដើម្បី​រស់​នៅ​ជាមួយគ្នា​ដោយ​ស្របច្បាប់​៕


Tag:
 យុវវ័យ​
 ​បុរស​
 ​នារី​
 ​គូស្រករ​
© រក្សាសិទ្ធិដោយ thmeythmey.com