សង្គមជាតិ
​ទូក​ចម្បាំង​ខ្មែរ​សម័យអង្គរ​មាន​ប្រវែង​ពី​១៧​ទៅ​២៧​ម៉ែត្រ​, ផ្ទុក​មនុស្ស​ពី​១៥​ទៅ​២១​នាក់​
04, Nov 2017 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ចម្បាំង​បុរាណ​នា​សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ជនជាតិខ្មែរ​មាន​ទូក​ច្រើន​ប្រភេទ​ណាស់ ដែល​ទូក​ទាំងនេះ រូ​ម​ទាំង​កងទ័ពជើងទឹក​ផង ដ​ណើ្ត​ម​បាន​ជ័យជំនះ​លើ​កងទ័ព​ចាម​ជា​ស្ថាពរ​។ តាម​ការស្រាវជ្រាវ​ក្រោយ​ឆ្នាំ ១១៧៧ ទូក​ចម្បាំង​ខ្មែរ​នា​សម័យអង្គរ មាន​ប្រវែង​មិន​ដូចគ្នា​ទេ​។ ប្រភេទ​ទូក​ទាំងនេះ​មាន​ប្រវែង​ពី ១៧ ទៅ ២៧ ម៉ែត្រ ដែល​អាច​ផ្ទុក​កងទ័ពជើងទឹក​បាន​ប្រមាណ​ពី ១៥ ទៅ ២១ នាក់​។​


 
​ចម្លាក់​ទូក​បុរាណ​នៅលើ​ប្រាសាទបាយ័ន គេ​ឃើញ​មាន​ទូក ២៩ ដែល​បានបង្ហាញ​ពី​ភាព អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​នា​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ ចម្លាក់​ទូក​បុរាណ​ខ្មែរ និង​ទូក ភាគី​ចាម​ដែល​បាន​ឆ្លាក់​ជាប់ នឹង​ជញ្ជាំង​ប្រាសាទបាយ័ន ត្រូវបាន​បុរាណវិទ្យា​បកស្រាយ​ថា ជា ជ័យជំនះ​ខាង​ចម្បាំង​នាវា​របស់​ព្រះបាទ​ជ័យវរ្ម័ន ទី​៧ លើ​កងទ័ពជើងទឹក​ចាម នៅក្រោយ​ឆ្នាំ ១១៧៧​។​


 
​គប្បី​រំលឹក​ឲ្យ​ដឹងថា នៅ​សម័យ​នគរ​ភ្នំ​ពិសេស​នៅ​សតវត្សរ៍​ទី​៥ នៃ​គ្រិស្តសករាជ មាន​អ្នក កំណត់ហេតុ​ចិន ក្នុង​សន្តិ​វង្ស (Qi) ភាគខាងត្បូង​នៃ​ប្រទេស​ចិន​បានបញ្ជាក់​ឲ្យ​ដឹងថា ទូក​បុរាណ​ខ្មែរ មាន​ទំហំ​ទទឹង​ពី ១,៥ ទៅ ១,៨ ម៉ែត្រ និង​បណ្តោយ​មាន​ប្រវែង​ពី ២៤ ទៅ ២៥ ម៉ែត្រ​។ ទូក​បុរាណ ទាំងនេះ​មាន​លក្ខណៈ​ចម្លាក់​ជា​ក្បាល​ម្ករ ជា​គ្រុឌ​ម្ករ​ព្រួស​ហង្ស​។ ឯ​ទូក​ខ្លះ​ក៏​គ្មាន​ចម្លាក់​នៅ​ខាង​ក្បាល អ្វី​ទាំងអស់​ដែរ ។​


 
​រីឯ​នៅ​កន្សៃ​ភាគ​ខាងក្រោយ គេ​ឃើញ​មាន ចម្លាក់​ជា​កន្ទុយ​នាគ ឬ​ហង្ស​ជាដើម​។ តាម​ការស្រាវជ្រាវ​លើ​ចម្លាក់​ទូក​បុរាណ​ទាំងនោះ យើង​អាច​ដឹងបាន​ថា សម័យអង្គរ​នៃ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ កងទ័ពជើងទឹក​សម្រាប់​ការពារ​បូរណភាព​ទឹកដី ត្រូវបាន​រៀបចំឡើង​យ៉ាង ចំណាន​បំផុត និង​មាន​ក្រឹត្យក្រម​ត្រឹមត្រូវ ណាស់​។ អ្វីដែល​គួរកត់សម្គាល់​គឺ ក្នុងសម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ចម្បាំង​តាម​ទូក​រវាង​កងទ័ព​ជើង​ទឹក ខ្មែរ និង​កងទ័ព​ចាម ត្រូវគេ​ប្រព្រឹត្តធ្វើ​នៅតាម​ដង​ទន្លេសាប ប្រហែលជា​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំ​ក្រោម ឡើយ ។ តំបន់​នេះ​ត្រូវ បាន​គេ​កំណត់ថា ជា​ទ្វារ​នៃ​ទីក្រុង​មហានគរ​៕

(​អត្ថបទ​របស់លោក​សាស្ត្រាចារ្យ​បណ្ឌិត មី​សែ​ល ត្រា​ណេ នៅក្នុង​គេហទំព័រ http://www.khemaravidya.com)


Tag:
 វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com