អន្តរជាតិ
នយោបាយអន្តរជាតិ
នាយករដ្ឋមន្ត្រីលីបង់ លោក Saad Hariri លាលែង ដោយអះអាងថា ជីវិតខ្លួនស្ថិតក្នុងគ្រោះថ្នាក់
× លោក Saad Hariri បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រីលីបង់នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា នេះ។ បើតាមការផ្សាយរបស់ទូរទស្សន៍ Al Arabiya ការប្រកាសលាលែងរបស់លោក Hariri ធ្វើឡើង ខណៈដែលលោកកំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ជាមួយនឹងការអះអាងថា ជីវិតរបស់ខ្លួនស្ថិតក្នុងគ្រោះថ្នាក់ លោក Saad Hariri ស្តីបន្ទោសអ៊ីរ៉ង់ ថាបានធ្វើឲ្យតំបន់ទាំងមូលគ្មានស្ថិរភាព។ នាយករដ្ឋមន្ត្រីដែលកាន់តំណែងមិនដល់មួយឆ្នាំផងនោះ បានលើកឡើងយ៉ាងដូច្នេះថា៖ «អ៊ីរ៉ង់គ្រប់តំបន់ទាំងមូល ហើយក៏ជាអ្នកសម្រេចចិត្តលើវាសនារបស់ស៊ីរី និងអ៊ីរ៉ាក់»។
លោក Saad Hariri អាយុ៤៧ឆ្នាំ កាន់កាប់គណៈរដ្ឋមន្ត្រីលីបង់លើកដំបូង ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ ហើយក្រោមអណត្តិរបស់លោកប្រធានាធិបតី Michel Aoun លោក Hariri បានកាន់តំណែងនេះម្តងទៀត ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ។
ទាក់ទងនឹងការលាលែងរបស់ខ្លួន លោក Hariri បានសម្តែងការភ័យខ្លាចចំពោះអាយុជីវិតរបស់ខ្លួន ដូចលោក Rafik Hariri ដែលជាឪពុក។ លោក Rafik ដែលជាអតីតនាយករដ្ឋមន្ត្រីផងដែរនោះ ត្រូវបានក្រុមហេសបូឡាដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ សម្លាប់កាលពី១២ឆ្នាំមុន ក្នុងការបំផ្ទុះរថយន្តមួយនៅក្រុងបៃរូត៕
© រក្សាសិទ្ធិដោយ thmeythmey.com