សង្គមជាតិ
ពិធី​បូជា​សត្វ​ក្របី​កាលពីដើម​ធ្វើឡើង​សម្រាប់​បង្កើន​ថាមពល​ដល់​មេទ័ព​មុនពេល​ចេញទៅ​ច្បាំង​
05, Nov 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការបូជា​ក្របី ក៏​ជា​ពិធី​ដ៏​ពិ​សិ​ដ្ឋិ​មួយ ដើម្បី​ប្រមូល​កំលាំង​ថាមពល ប្រឈមមុខ​នឹង​សត្រូវ ដែល​គេ​ប្រព្រឹត្តទៅ​មុនពេល​ចេញទៅ​ធ្វើសង្គ្រាម​ដោយមាន​ការប្រជុំ​គ្នា​យ៉ាង​អធិកអធម​ជុំវិញ​ការសម្លាប់​ក្របី​។ ក្រោយ​ពិធី​បូជា​ក្របី​រួច គេ​បែងចែក​សាច់​ទៅតាម​មនុស្ស​រួម​អាវុធ ឬ​រួម​លោហិត ដើម្បី​យកទៅ​បរិភោគ ហើយ​ជួនកាល​ត្រូវ​ច្រៀង​រាំ យ៉ាង​សប្បាយ​ដើម្បី​បង្កើន​សេចក្តី​អង់អាច​ឡើង​។​



​នៅលើ​ជញ្ជាំង​ប្រាសាទបាយ័ន​ដែល​ព្រះបាទ​ជ័យ​វ័រ្មន​ទី ៧ បាន​ស្ថាបនា​ឡើង​ដើម្បី​ឧទ្ទិស​ដល់ ព្រះ​អវលោកេស្វរៈ ដែលជា​ព្រះ​ពោធិសត្វ​ដ៏​សំខាន់បំផុត​នៃ​លទ្ធិ​ព្រះពុទ្ធសាសនា​មហាយាន នៅ​ចុង​ស​.​វ​ទី ១៣ នៃ​គ​.​ស គេ​បានឃើញ​រូបចម្លាក់​បុរាណ​មួយ​យ៉ាង​ល្អ​ប្រណីត បង្ហាញ​ពី​ការបូជា​ក្របី​។ ការបូជា​ក្របី ជា​ពិធី​បូជា​យ៉ាង​ធំ​បំផុត សម្រាប់​មនុស្ស​ខ្មែរ​ជំនាន់​នោះ ជាពិសេស សម្រាប់​មេទ័ព ប្រារព្ធ ឡើង​មុនពេល​ចេញទៅ​សមរភូមិ ឬ​ទៅ​ច្បាំង និង ឧទ្ទិស​ជូន​ចំពោះ​វិញ្ញាណ​ក្ខ័​ន្ធ​បុព្វបុរស​ដើម្បី​សុំ​នូវ​សិរី​មង្គល និង​ជ័យជំនះ​ទៅលើ​បច្ចាមិត្ត​។ ដូចនេះ ការបូជា​ក្របី ក៏​ជា​ពិធី​ដ៏​ពិ​សិ​ដ្ឋិ​មួយ ដើម្បី​ប្រមូល​កំលាំង​ថាមពល ប្រឈម មុខ​នឹង​សត្រូវ ដែល​គេ ប្រព្រឹត្ត​ទៅមុន​ពេលចេញ​ទៅធ្វើ​សង្គ្រាម ដោយមាន​ការប្រជុំ​គ្នា​យ៉ាង អធិក អធម​ជុំវិញ​ការសម្លាប់​ក្របី​។

​តាមរយៈ​ទំនៀមទម្លាប់រ​បស់បង​ប្អូន​ខ្មែរលើ ដែល​បាន​ត​ពូជពង្ស​ពី​សម័យ​បុរេប្រវត្តិសាស្ត្រ ដូចជា ពួក​រដែ ស្ទៀង និង​ខ្មុ (​ដូច​ពួក​ព្នង​) ស្ថិតនៅក្នុង​អម្បូរ​មន​-​ខ្មែរ បានឱ្យដឹងថា ក្រោយ​ពិធី​បូជា​ក្របី​រួច គេ​បែងចែក​សាច់​ទៅតាម​មនុស្ស​រួម​អាវុធ ឬ​រួម​លោហិត ដើម្បី​យកទៅ​បរិភោគ ហើយ​ជួនកាល​ត្រូវ​ច្រៀង​រាំ យ៉ាង​សប្បាយ ដើម្បី​បង្កើន​សេចក្តី​អង់អាច​ឡើង ។​
 
​ទំនៀមទម្លាប់​នេះ ខ្មែរ​យើង​សព្វថ្ងៃ​ឈប់​និយម​ហើយ ព្រោះ​គេ​ចាត់ទុកថា ហួស​សម័យ ប៉ុន្តែ​បងប្អូន​តាម​ព្រៃភ្នំ​ខ្ពង់រាប នៅតែ​និយម​ខ្លះ​នៅឡើយ ។​ម្យ៉ាងវិញទៀត ការបូជា​ក្របី នៅ​សម័យ​បាយ័ន មានកំណើត​យូរយារ​ណាស់​មកហើយ ដូច​មាន​ចម្លាក់​ប្រាសាទ បាយ័ន​ជា​សក្ខីភាព​ស្រាប់​។ ទំនៀមទម្លាប់​ប្រជាប្រិយ​ខ្មែរ​នេះ និង​ទំនៀមទម្លាប់​ពួក ខ្មែរលើ​បានកើត ចេញពី​ពុម្ព​វប្បធម៌​តែមួយ ដែល​បាន​បដិសន្ធិ​ឡើង​នៅ​សម័យ បុរេប្រវត្តិសាស្ត្រ ដូច​ករណី​ចម្លាក់​លើ​ស្គរ​មហោរធឹក​មួយ ដែល​គេ​បាន​រកឃើញ​នូវ​ព្រ​ហារ ខេត្តព្រៃវែង ហើយ​ដែល​ត្រូវ​ឈ្មួញ​យក​លក់ដូរ​នៅឯ​ទីផ្សារ​ទួល​ទំពូង កាលពី​ឆ្នាំ ២០០៦​។ ហេតុដែល​នាំឱ្យ​អ្នកស្រាវជ្រាវ​ខ្មែរ​សន្និដ្ឋានថា ជា​សំណល់​វប្បធម៌​បុរេប្រវត្តិសាស្ត្រ ព្រោះ​គេ​បាន​ជួបប្រទះ​នូវ​លលាដ៍ក្បាល និង​ឆ្អឹង​ក្របី​តាម​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ជាច្រើន​។ ម្យ៉ាងទៀត ជួនកាល​នៅ​សម័យ​ប្រវត្តិសាស្ត្រ​នគរ​ភ្នំ ពីស​.​វ​.​ទី ១ ដល់ទី ៦ នៃ​គ​.​ស គេ​តែងតែ​ឃើញ នូវ​ស្លាកស្នាម​នៃ​ពិធី​បូជា​នោះ ដូចជា​ឆ្អឹង​ដែល​គេ​ចោល​ក្នុង​អណ្តូង ឬ​កប់​ក្នុង​ដី ឬ​ស្ថានីយ​នានា​នៅក្នុង ស្រុក អង្គរ​បូរី ជា​តឹកតាង​ជាដើម​។

សរុបសេចក្តី​មក វត្តមាន​នៃ​ពិធី​បូជា​ក្របី​នៅលើ​ជញ្ជាំង​ប្រាសាទខ្មែរ​ជាស​ញ្ញា មួយ បង្ហាញ​នូវ​ចំណាស់ ក៏ដូចជា​ភាព​សំយោគ​វប្បធម៌ អារ្យធម៌​ខ្មែរ នា​សម័យអង្គរ ដែល​បាន​បន្តវេន​ពី​សម័យ​បុរេប្រវត្តិសាស្ត្រ​យ៉ាង​ប្រាកដ​។ ហើយ​នេះ​ជា​អ្វីមួយ​ដែល​បងប្អូន​កុលសម្ព័ន្ធ​មន​-​ខ្មែរ ឬ​ខ្មែរ​ដើម​កំពុង​និយម​ប្រតិបត្តិ​។ ជា​អវសាន សូម​រំ​ឮ​ក​ឡើងវិញ​ផងដែរ​ថា ដោយសារតែ​សព្វថ្ងៃនេះ សត្វ​ក្របី​មានតម្លៃ​ខ្ពស់​ពេក ទើប​ជនជាតិខ្មែរ​យើង​ឈប់​ប្រារព្ធ​ពិធី​បូជា​សត្វ​នេះ ខុសពី​ក្នុង​កម្លុង​ចុង​ស​.​វ​ទី​១៩ ដើម​ស​.​វ​ទី​២០ ដែល​ពិធី​កម្មនេះ​ត្រូវបាន​ប្រារព្ធ​នៅឡើយ​។ នេះ​បើ​យោងតាម​ការកត់ត្រា របស់លោក​អា​ដឺ​ម៉ារ​ឡឺ​ក្លែ​រ នៅ​ចុង​ស​.​វ​ទី​១៩​។ កុំភ្លេចថា នា​ជំនាន់​ដើម​ក៏​ដូច បច្ចុប្បន្ន​ការ សម្លាប់​ក្របី​មិនមែន​តែ​សម្រាប់​ឧទ្ទិស​ដល់​អារក្ខ អ្នកតា និង ដើម្បី​ជាការ​តប ស្នង​សងគុណ​ដល់​បុព្វការី​ជន ឬ​ដូនតា ដែលជា​ប្រភព​នៃ​សេចក្តីសុខ សប្បាយ សម្រាប់​សហគមន៍​មនុស្ស​តែ​ប៉ុណ្ណឹង​នោះទេ​ក៏ប៉ុន្តែ​ទង្វើ​នេះ​ក៏​ជា​ការលើក​កិត្តិយស​ដល់​ម្ចាស់​ពិធី​កម្ម​សាសនា និង ម្ចាស់​ក្របី​ឲ្យ​កាន់តែ​លេចធ្លោ​ឡើង​ក្នុង​សហគមន៍​ផងដែរ​៕

(​អត្ថបទ​របស់លោក​សាស្ត្រាចារ្យ​បណ្ឌិត មី​សែ​ល ត្រា​ណេ នៅក្នុង​គេហទំព័រ http://www.khemaravidya.com)


Tag:
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com