បទយកការណ៍ / បទសម្ភាសន៍
យុវជន​អាស៊ាន​-​ជប៉ុន​ជាង​៣០០​នាក់ នឹង​ស្នាក់​នៅក្នុង​គ្រួសារ​ខ្មែរ​១៥០​គ្រួសារ ចុង​សប្តាហ៍​នេះ​
06, Nov 2017 , 12:09 pm        
រូបភាព
​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន (The Ship for SouthEast Asian and Japan Youth Program) នឹង​ចូល​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១០​ខែវិច្ឆិកា​ក្នុង​សប្តាហ៍​នេះ​។ ទាំង​យុវជន​អាស៊ាន​-​ជប៉ុន និង​ទាំង​មន្ត្រី​សម្របសម្រួល​ជនជាតិ​ជប៉ុន សរុប​៣៦២នាក់​នឹង​ចុះ​ពីលើ​កប៉ាល់ Nippon Maru ហើយ​បន្តដំណើរ​មក​រាជធានី​ភ្នំពេញ​ដើម្បី​បំពេញការងារ​របស់​ពួកគេ​ដែល​រួមមាន​ការជជែក​ពិភាក្សា​លើ​ប្រធានបទ​ជាច្រើន ការរៀនសូត្រ​ពី​របៀប​រស់នៅ​របស់​គ្រួសារ​ខ្មែរ​ជាដើម រហូតដល់​ថ្ងៃទី​១៣​ខែវិច្ឆិកា​។​



​សូម​ស្តាប់​បទ​សម្ភាស​រវាង​លោក លាង ដឺ​លុច ជាមួយ ឯកឧត្តម តូច ជឿន អគ្គនាយក​យុវជន និង​លោក ស្រ៊ាង គឹម​លី ប្រធាន​សមាគម​នាវា​យុ​វជន​អាស៊ីអាគ្នេយ៍​កម្ពុជា​៖




​យុវជន​ស្ម័គ្រចិត្ត​១២០​នាក់ គ្រួសារ​ស្ម័គ្រចិត្ត​ចំនួន​១៥០​គ្រួសារ​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តកណ្តាល បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ទទួល​ប្រតិភូ​នាវា​យុវជន​អាស៊ាន និង​ជប៉ុន ដែល​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​។ ប្រតិភូ​យុវជន​ជាង​៣០០​នាក់​ក៏​នឹងត្រូវ​ជួបពិភាក្សា​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ នៅក្នុង​ក្របខណ្ឌ​នៃ​បេសកកម្ម​៤​ថ្ងៃ​នៅលើ​ទឹកដី​កម្ពុជា​។​



​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន​ដែលមាន​កំណើត​តាំង​ពី​ឆ្នាំ​១៩៧៤ ត្រូវបាន​រៀបចំ​ធ្វើជា​រៀងរាល់ឆ្នាំ ហើយ​ប្រទេស​ជា​សមាជិក​អាស៊ាន​នានា​តែងតែ​ស្ម័គ្រចិត្ត​ទទួល​ប្រតិភូ​។ នៅក្នុង​កម្មវិធី​នាវា​យុវជន​លើក​ទី​៤៤​នេះ ប្រតិភូ​យុវជន​កម្ពុ​ជាមាន​ចំនួន​២៩​រូប ដែល​ត្រូវបាន​ជ្រើសរើស​យ៉ាង​តឹងតែង​ដូច​រាល់​ឆ្នាំ​ដែរ​។​

​ការសម្រេច​ទទួល​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន គឺជា​មោទនភាព​របស់​រដ្ឋាភិបាល​កម្ពុជា បើទោះជា​កម្ពុជា​មិនទាន់មាន​លទ្ធភាព​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ប្រតិភូ​យុវជន​អន្តរជាតិ​ជា​រៀងរាល់ឆ្នាំ​នៅឡើយ​ក៏ដោយ​។ នេះ​បើតាម​ការអះអាង​របស់​លោក តូច ជឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​យុវជន ដែល​បាន​ពន្យល់​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖«​នេះ​ជា​កម្មវិធី​កម្រិត​អន្តរជាតិ​រវាង​កម្ពុជា អាស៊ាន និង​ជប៉ុន ដែលមាន​គោលបំណង​ពង្រឹង​មិត្តភាព​រវាង​យុវជន​នៃ​ប្រទេស​អាស៊ាន​និង​ជប៉ុន​។ ការរៀបចំ​ទទួល​ប្រតិភូ​យុវជន​នេះ​នឹង​បង្ហាញ​អំពី​សមត្ថភាព​រដ្ឋាភិបាល​កម្ពុជា​ផង វា​ជាការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ផង ហើយក៏​បង្ហាញ​ប្រាប់​យុវជន​អាស៊ាន និង​ជប៉ុន អំពី​សន្តិភាព និង​សុវត្ថិភាព​នៅ​កម្ពុជា​ផង​»​។​

​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន នឹងត្រូវ​បែងចែក​ជា​៨​ក្រុម​តាម​ប្រធានបទ​ពិភាក្សា​ទាំង​៨​ដែល​ពួកគេ​បានកំណត់​តាំង​ពីលើ​នាវា ហើយ​ពួកគេ​នឹងធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ស្ថាប័ន​ចំនួន​៨​ផ្សេងគ្នា​ដែរ​នៅក្នុង​រាជធានី​ភ្នំពេញ មុននឹង​ពួកគេ​ត្រូវបាន​បែងចែក​ឲ្យ​ទៅ​ស្នាក់​នៅតាម​គ្រួសារ​ខ្មែរ​ស្ម័គ្រចិត្ត​ដែលមាន​ចំនួន​១៥០​គ្រួសារ​។​

​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​គឺជា​អ្នកសម្របសម្រួល​រៀបចំ​ការងារ​ទទួល​ស្វាគមន៍​ប្រតិភូ​យុ​ជន​អន្តរជាតិ​នេះ ដោយ​រួមទាំង​ការជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត និង​គ្រួសារ​ស្ម័គ្រចិត្ត​ជាដើម​។ លោក ស្រ៊ាង គឹម​លី ដែលជា​ប្រធាន​សមាគម​នេះ​បាន​រៀបរាប់​ឲ្យ​ដឹងថា ក្រុមការងារ​ស្ម័គ្រចិត្ត​ទាំង​១២០​នាក់​ត្រូវបាន​បែងចែក​ជាង​១០​ក្រុម ដើម្បី​ទទួល​បដិសណ្ឋារកិច្ច និង​សម្របសម្រួល​ប្រតិភូ​យុវជន​អន្តរជាតិ​។ បើតាម​ការបញ្ជា​ក់រប​ស់លោក គឹម​លី យុវជន​ខ្មែរ​កាន់តែច្រើន​បាន​ចាប់អារម្មណ៍​ចូលរួម​ជួយ​ក្នុង​ការងារ​នាវា​យុវជន​នេះ​។



«​ពេលមុនៗ យើង​ពិបាក​រក​យុវជន​ស្ម័គ្រចិត្ត​។ ឆ្នាំនេះ​ប្លែក​មែនទែន ពួកគេ​ដាក់ពាក្យ​ចូលរួម​យ៉ាងច្រើន​។ ចំណែក​ឯខាង​គ្រួសារ​ស្ម័គ្រចិត្ត​ក៏​ដូចគ្នា ចុងក្រោយ​យើង​ទទួលបាន​ពាក្យស្នើសុំ​លើស​តម្រូវការ​»​។​

​ចាប់តាំងពី​កម្ពុ​ចា​ចូល​ជា​សមាជិក​នៃ​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន​នៅក្នុង​ឆ្នាំ​២០០០​មក រហូតដល់​ពេលនេះ​មាន​យុវជន​ខ្មែរ​៥៤២​នាក់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ លោក តូច ជឿន អគ្គនាយក​យុវជន​បាន​មើលឃើញ​ពី​អត្ថន័យ​ល្អ​នៃ​កម្មវិធី​នេះ ដែល​សម្រាប់​លោក វា​បានធ្វើ​ឲ្យ​យុវជន​នៃ​ប្រទេស​អាស៊ាន និង​ជប៉ុន​អាច​រស់នៅ​ជាមួយគ្នា​ជិតស្និទ្ធ ចេះ​បណ្តុះ​ស្មារតី​គ្រប់គ្រង​ខ្លួនឯង និង​មាន​ជំនាញ​ផ្នែក​ទំនាក់ទំនង​ល្អ ជាដើម​៕




Tag:
 toch choeun
  Kimlee
  យុវជន​
  អាស៊ាន​ជប៉ុន​
  sseayp
© រក្សាសិទ្ធិដោយ thmeythmey.com