អន្តរជាតិ
ការប្រែប្រួល​អាកាសធាតុ​រួមចំណែក​បង្ក​ឲ្យ​មានការ​កើនឡើង​ករណី​ឆ្លង​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា​
06, Nov 2017 , 5:30 pm        
រូបភាព
រូបភាព៖ OZ
រូបភាព៖ OZ
​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញ​ថា ការកើនឡើង​នៃ​ជំងឺឆ្លង​តាម​ទឹក (water-borne disease) និង​ជំងឺ​ឆ្លងតាម​ភ្នាក់ងារ (vector-borne disease) មាន​ទំនាក់ទំនង​ជាមួយ​ការប្រែប្រួល​អាកាសធាតុ​។ របាយការណ៍​នោះបាន​ពន្យល់ថា មូស​ត្រូវការ​ទឹកនឹង​ដើម្បី​បង្កាត់​ពូជ ហើយ​មូស​ទើប​ញាស់​ត្រូវការ​ល​ក្ខ​ខណ្ឌ​អាកាសធាតុ​ដែលមាន​សំណើម​ដើម្បី​អាចរ​ស់បាន​ផង​។ កាលណា​អាកាសធាតុ​ក្តៅ​ល្មម វា​ជួយ​ជំរុញ​ការចម្លង​មេរោគ​។ ប៉ុន្តែ​បើ​អាកាសធាតុ​ក្តៅ​ខ្លាំងពេក ក៏​វា​អាចធ្វើ​ឲ្យ​មូស​ពិបាក​រស់នៅ​ដែរ​។



​តាម​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ ផលប៉ះពាល់​លើ​សុខភាព​កើនឡើង​កាន់តែ​ខ្លាំង កាលណា​បើក​ម្តៅ​ផែនដី​កើនឡើង​លើសពី​កម្រិត​ពីរ​អង្សា​សេ​។ កិច្ចព្រមព្រៀង​អាកស​ធាតុ​ក្រុងប៉ារីស​ដែល​ត្រូវបាន​គេ​អនុម័ត​ឡើង​នៅ​ឆ្នាំ ២០១៥ នោះ​មាន​គោលដៅ​សំខាន់​កម្រិត​កំណើន​សីតុណ្ហភាព​មក​ត្រឹម​ចន្លោះ ២ អង្សា​សេ ឬ​អាច ១,៥ អង្សា​សេ ក្នុង​កម្រិត​មុន​សម័យ​ឧស្សាហកម្ម​។ បើតាម​អង្គការ​សុខភាព​ពិភពលោក ការ​កើន​កម្តៅ ២ អង្សា​សេ​នេះ​ធ្វើ​ឲ្យ​ចំនួន​មូស​កើនឡើង ហើយ​វា​អាច​រីក​រាលដាល​ទៅកាន់​តំបន់​ផ្សេងទៀត​។ អង្គការ​ពិភពលោក​នេះ​ក៏​ព្យាករ​ផងដែរ​ថា វា​នឹងមាន​ការកើនឡើង​នូវ​ករណី​ជំងឺគ្រុនចាញ់​រហូតដល់ ៥ ភាគរយ​ឯណោះ ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ​។​

​ជា​ប្រទេស​នៅ​តំបន់​ត្រូ​ពិ​កនៅ​អាស៊ីអាគ្នេយ៍ កម្ពុជា​ត្រូវបាន​គេ​ចាត់​ចំណាត់​ថា្នក់​ជា​ប្រទេសមួយ​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ​។ កម្ពុជា​នឹង​បន្ត​ប្រឈមមុខ​បញ្ហា​នានា​ដែល​បង្កឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​រួមទាំង​កំណើន​ជំងឺ​ឆ្លងតាម​ភ្នាក់ងារ​ដូចជា​គ្រុនចាញ់ និង​គ្រុនឈាម​នេះ​ផងដែរ​។ ដោយសារ​កំណើន​សីតុណ្ហភាព​កន្លងមក កំ​ណី​ន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺឆ្លង​ដោយ​ភ្នាក់ងារ​នៅ​កម្ពុជា​ដូចជា​គ្រុនចាញ់ និង​គ្រុនឈាម​ក៏​នឹង​មានការ​កើន​ឡើ​ដូចគ្នា​។

​ការិយាល័យ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​ទទួលស្គាល់ថា ការប្រែប្រួល​អាកាសធាតុ​រួមចំណែក​ក្នុងការ​បង្កើត​ការផ្លាស់ប្តូរ​ប្រព័ន្ធ​អេកូឡូស៊ី និង​នាំ​ឲ្យ​មានការ​កើនឡើង​នូវ​ជំងឺ​ឆ្លងតាម​ទឹក និង​ដោយ​ភ្នាក់ងារ​មែន​។​

«​ការប្រែប្រួល​អាកាសធាតុ​មាន​ផលប៉ះពាល់​លើ​សុខភាព​យើង​តាម​វិធី​បីយ៉ាង​។ ក្នុងចំណោម​នោះ​គឺ​ផលប៉ះពាល់​ដោយ​ប្រយោល​ដែល​បណ្តាលមកពី​ការផ្លាស់ប្តូរ​ប្រព័ន្ធ​អេកូឡូស៊ី និង​បរិស្ថាន ដូចជា​ជំងឺ​ដែល​ចម្លង​ដោយ​សត្វ​មូស និង​ការកើនឡើង​នៃ​ជំងឺ​ឆ្លងតាម​ទឹក​។ វា​អាច​បង្កឡើង​ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ​ក្តៅ​ជាង​មុន ក៏ដូចជា​ការប្រែប្រួល​នៃ​កម្រិត​ទឹកភ្លៀង​ធ្លាក់ និង​លំហូរ​នៃ​ទឹកភ្លៀង​ជាដើម​»​។   នេះ​ជាការ​បញ្ជាក់​របស់​ការិយាល័យ​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​សារ​អេឡិចត្រូនិក​។

​បើតាម​របាយការណ៍​ស្តីពី​បរិស្ថាន​និង​សុខភាព​របស់​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ ២០១៥ នៅត្រឹម​ឆ្នាំ ២០៧០ ទោះ​ក្នុង​សេណា​រី​យ៉ូ​ដែលមាន​កម្រិត​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទាប ឬ​ខ្ពស់​ក្តី គេ​ព្យាករណ៍​ថា ប្រជាជន ២២​លាន​នាក់​នឹង​អាច​ប្រឈម​ការកើត​ជំងឺគ្រុនចាញ់​។ ចំណែក​កម្រិត​នៃ​ការចម្លង​មេរោគ​គ្រុនឈាម​ក៏​កើនឡើង​ចន្លោះ​ពី ០,៨២ ដល់ ០,៩១​ភាគរយ​នៅត្រឹម​ឆ្នាំ ២០៧០ ក្រោម​លក្ខខណ្ឌ​ដូចគ្នា​។​

​អង្គការ Malaria Consortium ប្រចាំ​កម្ពុជា មើលឃើញថា ការប្រែប្រួល​អាកាស​ធាតុពិត​ជាមាន​ផលប៉ះពាល់​លើ​ប្រព័ន្ធ​អេកូឡូស៊ី ហើយក៏​វា​រួមចំណែក​បង្ក​ឲ្យ​មានការ​កើនឡើង​នៃ​សត្វ​មូស ទោះបីជា​មិនមាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ​ដែល​បង្ហាញថា ការប្រែប្រួល​អាកាសធាតុ​ជំរុញ​ឲ្យ​មានការ​កើនឡើង​នៃ​ករណី​ឆ្លង​ជំងឺគ្រុនចាញ់​ក៏ដោយ​។ 

«​ទំនាក់ទំនង​រវាង​ប្រែប្រួល​អាកាសធាតុ និង​កំណើន​នៃ​ករណី​ឆ្លង​ជំងឺគ្រុនចាញ់​មិនមាន​ច្បាស់លាស់​ឡើយ​ដោយសារ​គ្មាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ​ដែល​សិក្សា​ពី​បញ្ហា​នេះ​។ ប៉ុន្តែ​គេ​រំពឹងថា ការប្រែប្រួល​អាកាសធាតុ​នឹង​បង្កើតជា​គ្រោះមហន្តរាយ​ទឹក​ជំ​ន់ ព្យុះ ការកើនឡើង​សីតុណ្ហភាព និង​ការប្រែប្រួល​នៃ​ទំហំ​ទឹកភ្លៀង​។ ករណីនេះ​អាច​បង្ក​ឲ្យ​មានការ​ប្រែប្រួល​ប្រព័ន្ធ​អេកូឡូស៊ី និង​បង្កើត​កន្លែង​បង្កាត់​ពូជ​សត្វ​មូស​ថ្មី​ដែល​ជំរុញ​ឲ្យ​កើនឡើង​ចំនួន​មូស​ផង​។ ដូច្នេះហើយ​អ្វី​ដែលជា​ក្តីបារម្ភ គឺ ការកើតមាន​ជំងឺ​ឆ្លងតាម​ភ្នាក់ងារ​ដូចជា​គ្រុនចាញ់​តែម្តង​»​។ លោក Sergio Lopes អ្នកសម្របសម្រួល​បច្ចេក​ទេស​នៃ​អង្គការ Malaria Consortium ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​។  

​ពេល​សួរថា តើ​ករណី​ចម្លងជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា​អាច​នឹង​កើនឡើង​ឬ​យ៉ាងណា បើ​ការប្រែប្រួល​អាកាសធាតុ​នៅ​បន្ត​កើតមានឡើង មន្ត្រី​ជំនាញ​ខាង​ជំងឺគ្រុនចាញ់​រូបនេះ​បាន​ឆ្លើយតប​ថា ការចម្លង​ជំងឺ​តាម​ភ្នាក់ងារ​ដូចជា​គ្រុនចាញ់​ជាដើម​ពឹង​ផ្អែកលើ​កត្តា​ច្រើន​មិនមែន​ត្រឹមតែ​បញ្ហា​បរិស្ថាន និង​ប្រែប្រួល​អាកាសធាតុ​តែ​ម្យ៉ាង​ឡើយ​។​

​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​បន្ថែម ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​បង្កដោយ​ការប្រែប្រួល​អាកាសធាតុ​

 ដោយសារ​កម្ពុជា​នឹង​បន្ត​ប្រឈមមុខ​នឹង​ផលប៉ះពាល់​អវិជ្ជមាន​ប​ង្ក​ឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ វា​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​កម្ពុជា​ក្នុង​ការបន្ត​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​។

​ការិយាល័យ​អង្គ​សុខភាព​ពិភពលោក​នៅ​កម្ពុជា​បាន​កត់សម្គាល់ថា កន្លងមក​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង​ក្នុងការ​ឆ្លើយតប​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​សុខភាព​សាធារណៈ​ជាពិសេស​ទប់ស្កាត់​ការកើនឡើង​នៃ​ជំងឺឆ្លង​តាម​ទឹក និង​តាម​ភ្នាក់ងារ​ចម្លង​ដូចជា​គ្រុនចាញ់ និង​គ្រុនឈាម តាមរយៈ​ការដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ថ្នាក់ជាតិ​ជាដើម​។​
«​វា​ជា​រឿង​វិជ្ជមាន​ដែល​កម្ពុជា​បាន​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ប្រែ​បួល​អាកាសធាតុ​សម្រាប់​សុខភាព​សាធារណៈ​ដោយ​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ដែល​វា​កំណត់​បាន​នូវ​ចំណុច​សំខាន់​បីយ៉ាង​ក្នុង​ឆ្នាំ ២០១២ ក្នុងនោះ​មាន​ជំងឺឆ្លង​តាម​ទឹក តាម​ភ្នាក់ងារ និង​តាម​ចំណីអាហារ​»​។ ការិយាល័យ​អង្គការ​សុខភាព​ពិភប​ព​លោ​កនៅ​កម្ពុជា​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។

​ទោះជា​មាន​ចំណាត់ការ​សំខាន់ៗ​មួយចំនួន​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ក៏ដោយ វា​នៅមាន​បញ្ហា​ប្រឈម​ច្រើន​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​ដើម្បី​ធានាបាន​ថា ផលប៉ះពាល់​បង្កដោយ​ការប្រែប្រួល​អាកាសធាតុ​លើ​សុខភាព​សាធារណៈ​នឹងត្រូវ​កាត់បន្ថយ​នោះ​។

​អង្គការ Malaria Consortium ប្រចាំ​នៅ​កម្ពុជា​ផ្តល់​អនុសាសន៍​ថា ទន្ទឹមនឹង​ការអភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល កម្ពុជា​ក៏​គួរ​យកចិត្តទុកដាក់​ធ្វើយ៉ាងណា​ជំរុញ​ការសិក្សា​បែប​វិទ្យាសាស្ត្រ​ពាក់ព័ន្ធ​ទំនាក់ទំនង​រវាង​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ប្រព័ន្ធ​អេកូឡូស៊ី ដែល​វា​អាច​បង្ក​ឲ្យ​មាន​កំណើន​នៃ​ជំងឺឆ្លង​ដោយ​ភ្នាក់ងារ​ដូចជា​គ្រុនចាញ់​និង​គ្រុនឈាម​ជាដើម​។

«​ដំបូង​កម្ពុជា​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​ពី​ការប្រែប្រួល​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​កើតឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។ ក្រៅពីនេះ កម្ពុជា​ក៏ត្រូវ​សិក្សា​ថា តើ​ការប្រែប្រួល​អាកាសធាតុ​នេះ​វា​ប៉ះពាល់​លើ​ការបង្ក​កំណើត​សត្វ​មូស​ដូចម្តេច​។ តំបន់​ណាខ្លះ ដែល​នឹង​ប្រឈម​បញ្ហា​ប្រែប្រួល​នេះ​ខ្លាំងជាងគេ ហើយ​វា​ប៉ះពាល់​ប្រជាជន​ឬក៏​យ៉ាងណា​។ បន្ទាប់មក​គេ​អាច​ចាប់ផ្តើម​កំណត់​ដំណោះស្រាយ​ដើម្បី​ត្រៀមខ្លួន​តាមរយៈ​ការកសាង​សមត្ថភាព​ឆ្លើយតប​បញ្ហា​គ្រោះអាសន្ន​ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ ដែល​រួមទាំង​ការផ្ទុះ​ឡើង​នៃ​ជំងឺឆ្លង​ផងដែរ​»​។ លោក Sergio Lopes អ្នកសម្របសម្រួល​បច្ចេក​ទេស​នៃ​អង្គការ Malaria Consortium បាន​អធិប្បាយ​ដូច្នេះ​៕


Tag:
 គ្រុនចាញ់
  ការប្រែប្រួល​អាកាសធាតុ​
  អង្គការ​សុខភាព​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com