រថយន្ត
Koenigsegg Agera RS បំបែក​កំណត់ត្រា​ពិភពលោក​ជាមួយ​ល្បឿន​៤៤៤.៦​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​
06, Nov 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​រថយន្ត Koenigsegg Agera RS ត្រូវបាន​ចុះ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness Book World Records ជាមួយ​ល្បឿន​៤៤៤.៦​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ដោយ​បំបែក​កំណត់ត្រា​របស់​រថយន្ត Bugatti Veyron Super Sport ដែល​សម្រេចបាន​កាលពី​ឆ្នាំ​២០១០ ក្នុង​ល្បឿន ៤៣៤.៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​កាលពី​ឆ្នាំ​២០១០ ។​



​ក្រុមហ៊ុន​ផលិត​រថយន្ត​ស៊ុយអែត Koenigsegg តាមរយៈ​បណ្តាញ​សង្គម​ផ្លូវការ​របស់ខ្លួន បានបង្ហាញ​ពី​ភាពជោគជ័យ​ក្នុង​ការបើក​សាកល្បង​ពីរលើក​នូវ​ប្រភេទ​រថ​យន្ត Koenigsegg Agera RS ជាមួយនឹង​ការសម្រេចបាន​កំណត់ត្រា​ថ្មី​ក្នុងនាម​ជា​រថយន្ត​ដែល​លឿន​ជាងគេ​លើ​ពិភពលោក​។​



​ដើម្បី​ទទួលបាន​កំណត់ត្រា Guinness Book World Records ក្រុមហ៊ុន Koenigsegg បាន​តម្រូវ​ឲ្យ​អ្នកបើកបរ​ឈ្មោះ Niklas Lilja បើក​នៅលើ​ផ្លូវ Highway ក្នុង​រដ្ឋ Nevada សហរដ្ឋអាមេរិក ដោយ​ភ្ជាប់​ពី​ក្រុង Las Vegas ទៅ​ក្រុង Pahrump ។ លទ្ធផល​បង្ហាញថា Koenigsegg Agera RS មាន​ល្បឿន ២៧៧.៩ mph (​ស្មើ ៤៤៤.៦​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​) ដែលជា​កំណត់ត្រា​ថ្មី​មួយ​នៅលើ​ពិភពលោក ខណៈ​កំណត់ត្រា​ចាស់​ដែល​សម្រេចបាន​ដោយ Bugatti Veyron Super Sport កាលពី​ឆ្នាំ​២០១០ គឺ ៤៣៤.៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​

​ក្រៅពី Bugatti របស់​បារាំង ក្រុមហ៊ុន Hennessey របស់​អាមេរិក ក៏មាន​គម្រោង​ដណ្តើម​កំណត់ត្រា​ពី Koenigsegg វិញ​ផងដែរ ។ Hennessey រំពឹងថា រថយន្ត​ម៉ូ​ដែល​ថ្មី Venom F5 នឹង​ក្លាយជា​ម្ចាស់​កំណត់ត្រា​ថ្មី​នាពេល​ឆាប់​ខាងមុខនេះ ជាមួយ​ល្បឿន ៤៨៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​៕




© រក្សាសិទ្ធិដោយ thmeythmey.com