រថយន្ត
អាយុកាលមធ្យមរបស់រថយន្តដែលប្រើប្រាស់នៅសហភាពអឺរ៉ុប គឺ១០.៧ឆ្នាំ
× សមាគមក្រុមហ៊ុនផលិតយានយន្តអឺរ៉ុប (ACEA) កាលពីពេលថ្មីៗកន្លងមកនេះ បានចេញផ្សាយរបាយការណ៍ស្តីពីអាយុកាលមធ្យមរបស់យានយន្តដែលផលិត និងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប។ លទ្ធផលនៃការសិក្សាចន្លោះពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ បានបង្ហាញថា អាយុកាលមធ្យមរបស់យានយន្តនៅសហភាពអឺរ៉ុប កើនពី៨.៤ឆ្នាំ ដល់១០.៧ឆ្នាំ។
រថយន្តដឹកអ្នកដំណើរនៅអឺរ៉ុប មានកំណើន ៤.៥ភាគរយនារយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយតួលេខយានយន្តដែលបើកបរនៅលើផ្លូវកើនពី២៤១ ដល់២៥២លានគ្រឿង។ សម្រាប់ប្រភេទរថយន្តដឹកទំនិញ បារាំង មានចំនួនច្រើនជាងគេ ដោយនាំមុខអេស្ប៉ាញ និងចក្រភពអង់គ្លេស រីឯរថយន្តធុនធ្ងន់សំបូរភាគច្រើននៅប៉ូឡូញ និងអ៊ីតាលី។
ចំពោះអាយុកាលយានយន្ត សមាគមក្រុមហ៊ុនផលិតយានយន្តអឺរ៉ុប (ACEA) បានសិក្សាចន្លោះពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ដោយធ្វើការបែងចែករថយន្តបីប្រភេទផ្សេងគ្នា ក្នុងនោះមាន ប្រភេទរថយន្តដឹកអ្នកដំណើរ ប្រភេទរថយន្តធុនស្រាល និងប្រភេទរថយន្តធុនមធ្យម និងធុនធ្ងន់។
បើតាមការសិក្សារបស់ ACEA អាយុកាលមធ្យមសម្រាប់រថយន្តដឹកអ្នកដំណើរ និងរថយន្តធុនស្រាល គឺ១០.៧ឆ្នាំ រីឯរថយន្តធុនធ្ងន់អាចឡើងដល់ ១១.៧ឆ្នាំ។ តែបើយោងតាមទិន្នន័យក្នុងចំណោមប្រទេសចំនួន២៥នៅអឺរ៉ុប អាយុកាលមធ្យមនៃយានយន្ត គឺខុសៗគ្នា។
ប៉ូឡូញ រថយន្តមានអាយុកាលអាចប្រើប្រាស់បានរហូតដល់ទៅ១៧.២ឆ្នាំ បន្ទាប់មកមាន លីទុយអានី (១៦.៧ឆ្នាំ) ឡេតូនី (១៦.៣ឆ្នាំ) រូម៉ានី (១៥.៣ឆ្នាំ) និងអេស្តូនី (១៥.១ឆ្នាំ) ។ ដោយឡែក អាយុកាលយានយន្តដែលប្រើប្រាស់តិចជាងគេ គឺនៅលុចសំបួរ (៦.២ឆ្នាំ) បែលហ្ស៊ិក (៧.៧ឆ្នាំ) ចក្រភពអង់គ្លេស និងចក្រភពអង់គ្លេស (៨.៥ឆ្នាំ)៕
© រក្សាសិទ្ធិដោយ thmeythmey.com