ជាតិ
តារាល្បីៗ
​បេក្ខភាព Miss Global 2017 បង្ហាញ​ពី​គំរូ​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​សំរាម
07, Nov 2017 , 8:39 pm        
រូបភាព
ដោយ:
​ត្បូងឃ្មុំ​៖​បេក្ខភាព Miss Global 2017 ជំរុញ​ពលរដ្ឋ​ខ្មែរ​យកចិត្តទុកដាក់​ការគ្រប់គ្រង​សំរាម ដើម្បី​លើកកម្ពស់​ការថែរក្សា​ប​រិ​ស្ថាន និង​ប្រទេស​ដ៏​ស្រស់ស្អាត​ដូច​កម្ពុជា​។ បេក្ខជន​បវរកញ្ញា​ពិភពលោក​ដែល​មកពី​៦៥​ប្រទេស បានធ្វើ​ទស្សនកិច្ច​ក្នុងស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ក្នុង​បំណង​ជំរុញ​ការលើកកម្ពស់​បរិស្ថាន​។​



​បេក្ខជន​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ បាន​ទៅដល់​ស្រុក​អូររាំងឪ នៅ​ថ្ងៃទី​៦ ខែ​វិឆ្ឆិកា ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​អំពី​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។ ជា​ទស្សនកិច្ច​លើកដំបូង​នៅ​កម្ពុជា របស់​បេក្ខជន​បវរកញ្ញា​ពិភពលោក​ដែល​មកពី​៦៥​ប្រទេស ក្នុង​បំណង​ជំរុញ​ការលើកកម្ពស់​បរិស្ថាន​ស្អាត​។  

​នៅក្នុង​ឱកាស​នោះ កញ្ញា យស ប៉ូ​លី​ណា បេក្ខភាព​បវរកញ្ញា​ពិភពលោក​តំណាង​ប្រទេស​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដាក់​សំរាម​នៅក្នុង​ធុង និង​រើស​សំរាម​ដែលមាន​នៅតាម​ផ្លូវ និង​នៅក្នុង​ទឹក​ដាក់​ក្នុង​ធុងសំរាម ដើម្បី​ឲ្យ​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​ស្រស់ស្អាត​ថែម​មួយកម្រិត​ទៀត​។ កញ្ញា យស ប៉ូ​លី​ណា​ថ្លែង​ដូច្នេះ​ថា​៖ «​បើសិនជា​អ្នក​ទាំងអស់គ្នា​ដាក់​សំរាម​ក្នុង​ធុងសំរាម និង​រើស​សំរាម​ដែល​នៅតាម​ផ្លូវ ឬ​នៅក្នុង​ទឹក យកទៅដាក់​ក្នុង​ធុងសំរាម​ម្នាក់​មួយ​នោះ នឹង​មិនមាន​សំរាម​នៅ​ជិត​លំនៅដ្ឋាន និង​ប្រទេស​របស់​យើង​ទៀតឡើយ​»​។​

​ទន្ទឹមនឹង​ការអំពាវនាវ​ដូច្នេះ លោក​ងួន ប៊ុណ្ណា អភិបាលស្រុក​អូររាំងឪ  បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន បន្ត​កិច្ចការងារ​លើកកម្ពស់​បរិស្ថាន​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ហើយ​លោក​សង្ឃឹមថា ប្រជាពលរដ្ឋ​ទូទាំងប្រទេស ពិសេស​អ្នកស្រុក​អូររាំងឪ​ផ្ទាល់​ចូលរួម​ថែរក្សា​បរិស្ថាន​នេះដែរ​។​

​វត្តមាន​បវរកញ្ញា​ពិភពលោក​នៅ​កម្ពុជា គឺជា​មោទនភាព​សម្រាប់​កម្ពុជា និង​ពិសេស​ខេត្ត​ត្បូងឃ្មុំ​ផ្ទាល់​។ នេះ​ជា​ថ្លែង របស់លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ​។ អភិ​ខេត្ត​រូបនេះ ក៏​ជឿជាក់​ដែរ​ថា បេក្ខភាព​បវរកញ្ញា​ដែល​មក​កម្ពុជា​នៅពេលនេះ នឹង​ជួយ​ផ្សព្វផ្សាយ​ពី​កម្ពុជា ពិសេស​ការបង្ហាញ​ឲ្យ​ពិភពលោក​ដឹង​ពី​ធម្មជាតិ និង​បរិស្ថាន​ដ៏​ស្រស់ស្អាត​របស់​កម្ពុជា​។​

​សូមបញ្ជាក់ថា កម្ពុជា គឺជា​ម្ចាស់ផ្ទះ​រៀបចំ​កម្មវិធី Miss Global 2017​នេះ ដែលមាន​បេក្ខភាព​បវរកញ្ញា​ចំនួន ៦៥​ប្រទេស​ចូលរួម​ប្រកួត​។ កម្មវិធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង លើកកម្ពស់​បរិស្ថាន​នៅលើ​ពិភពលោក ហើយ​បវរកញ្ញា​ដែល​ទទួលបាន​ជ័យលាភី នឹងមាន​បេសកកម្ម​ជាច្រើន ក្នុង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង និង​ចេះ​ស្រលាញ់​បរិស្ថាន ធម្មជាតិ​។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ​៕

Tag:
 យស ប៉ូ​លី​ណា​
  Miss Global 2017
 ​ បវ​កញ្ញា​
 ​ បរិស្ថាន​
 ​ ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com