ជាតិ
សម្តេច ស ខេង​៖ ប្រទេស​ខ្លះ បញ្ចប់​ការ​ផ្តល់ជំនួយ ព្រោះ​ចំណូល​ពលរដ្ឋ​កម្ពុជា មានការ​កើនឡើង
07, Nov 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដោយសារតែ​សេដ្ឋកិច្ច រួមទាំង​ប្រាក់ចំណូល​នៃ​ប្រជាពលរដ្ឋ​កម្ពុជា មានការ​រីកចម្រើន​បែបនេះហើយ ទើប អង្គការ​អន្តរជាតិ​នានា និង​ប្រទេស​ជា​ម្ចាស់ជំនួយ​មួយចំនួន សម្រេច​បញ្ចប់​និង​បន្ថយ​ជំនួយ​របស់ខ្លួន​មក​កម្ពុជា​។ នេះ​បើតាម​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បានលើកឡើង ក្នុង​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​នៅ​កម្ពុជា​ឆ្នាំ​២០១៩ ដែល​រប​ចំ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២0១៧​នេះ​។



​សម្ដេច ស ខេង បាន​មានប្រសាសន៍ថា បច្ចុប្បន្ន ប្រទេស​ម្ចាស់ជំនួយ​មួយចំនួន បានចាត់ទុក កម្ពុជា ជា​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ដោយមាន​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ប្រជាជន​ម្នាក់ៗ (GDP) មាន​ចំណូល​លើសពី​១​ពាន់​ដុល្លារ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​អង្គការ និង​ម្ចាស់ជំនួយ​ភាគច្រើន បានចាត់ទុក​កម្ពុជា ជា​ប្រទេសមួយ​ដែលមាន​ប្រាក់ចំណូល​ធ​ម្យ​ម​កម្រិត​ទាប ដូច្នេះ​ទើប​បញ្ចប់ និង​កាត់បន្ថយ​ជំនួយ​របស់ខ្លួន​មក​ប្រទេស​កម្ពុជា​»​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បន្ថែមថា តាម​ទិន្នន័យ​នៃ​ការធ្វើជំរឿន​នៅក្នុង​ប្រទេស និង​ផ្ដល់​ជា​ប្រភព​គ្រប់​ជ្រុងជ្រោយ​ទាក់ទង នឹង​ប្រជាជន​ចរិតលក្ខណៈ​ភូមិសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច ដែល​អាច​ផ្ដល់​ជា​អត្តសញ្ញាណ​សំខាន់​សម្រាប់ លក្ខ​ណ្ឌ​សេដ្ឋកិច្ច​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​ការប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុងការ​អភិវឌ្ឍ ការត្រួតពិនិត្យ​វាយតម្លៃ លើ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។​

​ទីភ្នាក់ងារ​សារ​ព័​ត៍​មាន​កម្ពុជា (AKP) បាន​ស្រង់​សម្តី​របស់លោក តេង ដឺ​លុច អ្នកវិភាគ​សេដ្ឋកិច្ច​ថា ប្រទេស​កម្ពុជា ដែលមាន​ផលិត​ល​ក្នុងស្រុក​សរុប​លើសពី​១​ពាន់​២​រយ​ដុល្លារ​ឡើងទៅ ត្រូវបាន​ចាត់ទុកជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​។ តាម​AKP ដដែល អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ បាន​បន្តថា ផ្អែកលើ​គោល​ការ​នៃ​ការផ្ដល់​ជំនួយ​អន្តរជាតិ គឺ​ត្រូវ​កាត់បន្ថយ​ការផ្តល់​ជំនួយ​ទៅ​ប្រទេស​នោះ និង​ត្រូវ​បង្វែរ​កញ្ចប់​ជំនួយ ទៅ​ជួយ​ដល់​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ​ដទៃទៀត​។​

​លោក តេង ដឺ​លុច សង្កត់ធ្ងន់ថា ក្នុង​បរិបទ​នេះ កម្ពុជា​មិនត្រូវ​ពឹងផ្អែក​តែ​ទៅលើ​ជំនួយ​របស់​បរទេស​នោះឡើយ​។ សម្តី​របស់លោក ត្រូវបាន AKP ដកស្រង់​មក​ចុះផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖«​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន និង​ប្រែ​ក្លាយទៅជា​ប្រទេស​ដែល​អាច​ផ្ដល់ជំនួយ​ទៅ​ប្រទេស​ដទៃ​វិញ​»​។

​គូសបញ្ជាក់ថា តាម​របាយការណ៍​រប​ស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក្នុង​ឆ្នាំ​២០១៦ ផលិតផល​ក្នុងស្រុក​សរុប​នៃ​ប្រជាជន​កម្ពុជា​ក្នុង​ម្នាក់ៗ​មាន​ចំណូល​ប្រមាណ​ពី​១២២៨​ដុល្លារ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៥​កើនឡើង​៨៣​ដុល្លារ​៕



Tag:
 ស ខេង​
 ​ តេង ដឺ​លុច​
  ​ផ្ដាច់ជំនួយ​
© រក្សាសិទ្ធិដោយ thmeythmey.com