កីឡាអន្តរជាតិ
អន្តរជាតិ
កំណត់​លទ្ធផល​៖ ម្ចាស់​ក្លិប Nottingham Forest និង Olympiakos ប្រឈម​ជាប់ទោស​
09, Nov 2017 , 5:01 pm        
រូបភាព
លោក Evangelos Marinakis ម្ចាស់ក្លិបកីឡាបាល់ទាត់ Nottingham Forest និង Olympiakos
លោក Evangelos Marinakis ម្ចាស់ក្លិបកីឡាបាល់ទាត់ Nottingham Forest និង Olympiakos
​ម្ចាស់​ក្លិប Nottingham Forest និង Olympiakos លោក Evangelos Marinakis ត្រូវ​ប្រឈម​នឹង​ការកាត់ទោស​ពីបទ​ព្យាយាម​កំណត់​លទ្ធផល​ទុក​មុន​ក្នុង​ការប្រកួត​កីឡាបាល់ទាត់​នៅក្នុង​ប្រទេស​ក្រិ​ក​។​



​លោក Marinakis ជនជាតិ​ក្រិ​ក បាន​ទិញយក​ក្លិប Nottingham Forest នៃ​ក្របខណ្ឌ Championship កាលពី​ខែឧសភា​កន្លងទៅ ដោយ​ឆ្លងកាត់​ការធ្វើ​តេស្ត​សាកល្បង​ពី​ភាគី​ម្ចាស់​ក្លិប​នៃ​លី​ក​បាល់ទាត់​អង់គ្លេស​។​

​អ្នកជំនួញ​ខាង​ដឹកជញ្ជូន និង​ជា​ម្ចាស់​ក្លិប Olympiakos វ័យ​៥០​ឆ្នាំ​រូបនេះ ត្រូវបាន​ចោទប្រកាន់​ជុំវិញ​ការកំណត់​លទ្ធផល​មុន​ការប្រកួត​នៅឯ​សាលាឧទ្ធរណ៍​ក្រុង​អា​តែ​ន​ប្រទេស​ក្រិ​ក ក្រោយ​មានការ​ស៊ើបអង្កេត​ជុំវិញ​ការប្រកួត​ក្នុង​លី​ក​បាល់ទាត់​កំពូល​ក្រិ​ក Greek Super League​។​
​តែ​យ៉ាងណា លោក Marinakis តែងតែ​បដិសេធ​រាល់​ការចោទប្រកាន់​ខាងលើនេះ​។​

​លោក​បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​គេហទំព័រ​ផ្លូវការ​ក្លិប Olympiakos ថា​៖«​ខ្ញុំ​ជឿជាក់ថា​ភាព​គ្មាន​ទោស​របស់ខ្ញុំ​ចំពោះ​ការចោទប្រកាន់​ទាំងនេះ​នឹងត្រូវ​បានបង្ហាញ​ដោយ​ដំណើរការ​តុលាការ​...»​។​

Marinakis ក៏បាន​ប្រាប់ BBC ដែរ​ថា ការចោទប្រកាន់ថា​គាត់​ពាក់ព័ន្ធ​ករណីនេះ គឺ​ត្រូវបាន​បង្កើត​ដោយ​គូប្រជែង​ដែល "​ច្រណែន​" ដើម្បី "​បំផ្លាញ​" ភាពជោគជ័យ​របស់លោក​ជាមួយ​ក្លិប Olympiakos​។​

​ក្រៅពី​មហាសេដ្ឋី​ខាង​ដឹកជញ្ជូន​តាម​កប៉ាល់​រូបនេះ ក៏មាន​អ្នកពាក់ព័ន្ធ ២៨​នាក់​ផ្សេងទៀត​កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ដូចគ្នានេះដែរ​៕


Tag:
 បាល់ទាត់​
  Nottingham Forest
  Evangelos Marinakis
© រក្សាសិទ្ធិដោយ thmeythmey.com