ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម ផ្អាកធ្វើសេចក្ដីព្រាងច្បាប់ដីកសិកម្ម ក្រោយនាយករដ្ឋមន្ត្រីប្រតិកម្ម
× ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសផ្អាកការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីដីកសិកម្ម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង នៅថ្ងៃទី៨ខែវិច្ឆិកា។
ក្រសួងកសិកម្មបានលើកឡើងយ៉ាងដូច្នេះថា៖«ដោយពិនិត្យឃើញពីភាពចាំបាច់ និងអនុលោមតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងកសិកម្ម សូមប្រកាសថា ការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីដីកសិកម្ម ត្រូវបានផ្អាកសិន»។
នៅថ្ងៃទី៨ខែវិច្ឆិកា សម្ដេច ហ៊ុន សែន នាឱកាសជួបសំណេះសំណាលជាមួយកម្មករនៅ ខណ្ឌដង្កោ ក្រុងភ្នំពេញ បានមានប្រសាសន៍ទាក់ទិននឹងការធ្វើសេចក្ដីព្រាងច្បាប់ដីកសិកម្ម ដោយសម្ដេចបានណែនាំឲ្យក្រសួងធ្វើកិច្ចការអាទិភាពផ្សេងវិញ រីឯការតាក់តែងច្បាប់នេះត្រូវទុកសិន។
ក្រសួងកសិកម្មធ្វើសេចក្ដីព្រាងច្បាប់ដីកសិកម្ម ក្នុងបំណងគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្មឲ្យមានប្រសិទ្ធភាព ដែលមានកំណត់ពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ដីកសិកម្ម។ ការទិញដីកសិកម្មទុកចោល ក៏ស្ថិតក្នុងបញ្ញត្តិនៃពង្រាងច្បាប់នេះដែរ ដែលចែងពីវិធានការ និងការផាកពិន័យចំពោះបុគ្គលដែលទិញដីទុកចោល ក្នុងទំហំ និងរយៈពេលណាមួយ ដែលសេចក្ដីព្រាងច្បាប់នេះបានកំណត់៕
© រក្សាសិទ្ធិដោយ thmeythmey.com