ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន មិនខ្វល់ពីបរទេស ដែលព្រមានមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មិនខ្វល់ពីបរទេស ដែលមិនចង់ទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ដោយសារតែបញ្ហាគណបក្សសង្គ្រោះជាតិឡើយ។ ការលើកឡើងរបស់សម្ដេច ហ៊ុន សែន នេះ គឺឆ្លើយតបនឹងលោក ថេត គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាអាមេរិក ដែលព្រមានមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា។
relate
ថ្លែងនៅពិធីជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ នៅវិមានសន្តិភាព នាថ្ងៃទី១០ វិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីថា កម្ពុជានឹងរៀបចំការបោះឆ្នោត ដោយប្រព្រឹត្តទៅតាមការបរិច្ឆេទកំណត់ដដែល ដោយមិនផ្លាស់ប្តូរឡើយ។ ចំពោះបដិមតិពីបរទេសវិញ សម្ដេច ហ៊ុន សែន ក៏មិនព្រួយបារម្ភពីការព្រមានរបស់ពួកគេដែរ។ ប្រមុខរដ្ឋាភិបាល បានព្រលយសម្តីតបសមាជិកព្រឹទ្ធសភាអាមេរិក យ៉ាងដូច្នេះថា៖«ទោះជួយ(បរទេស) ឬមិនជួយ វាសំខាន់នោះទេ។ ទោះទទួលស្គាល់ ឬមិនទទួលស្គាល់ ក៏មិនសំខាន់ដែរ ព្រោះការបោះឆ្នោតនៅកម្ពុជាអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលចែងអំពីការទទួលស្គាល់របស់ពលរដ្ឋ ដូច្នេះឲ្យតែពលរដ្ឋកម្ពុជាទទួលស្គាល់គឺគ្រប់គ្រាន់ហើយ…។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ២០១៨ ។ រីឯការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររដ្ឋសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨។ នេះជាការកំណត់ដោយរដ្ឋាភិបាល។
ក្រៅពីការមិនព្រួយបារម្ភនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកករណីមេដឹកនាំបក្សប្រឆាំងចំអកទៅលោក ថេត គ្រូស វិញថា ការចាប់ខ្លួនឯកឧត្តម កឹម សុខា ពីបទក្បត់ជាតិ គឺមិនខុសពីសហរដ្ឋអាមេរិកចាប់ខ្លួនលោក ផូល ម៉ាណាហ្វត អតីតប្រធានយុទ្ធនាការបោះឆ្នោតរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលត្រូវជាប់ចោទពីបទឃុបឃិតបរទេសប្រឆាំងនឹងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះឡើយ។
ការចំអករបស់ប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើងក្រោយពីលោក ថេត គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលមួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយថា ការបោះឆ្នោតអាណត្តិទី៦ ក្នុងឆ្នាំ២០១៨ នៅកម្ពុជាខាងមុខនេះ នឹងគ្មានការទទួលស្គាល់ពីអាមេរិកឡើយ ប្រសិនបើឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅតែជាប់ឃុំក្នុងពន្ធនាគារ ៕
© រក្សាសិទ្ធិដោយ thmeythmey.com