កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារ​ធ្លាប់មាន​បទឧក្រិដ្ឋ Mike Tyson ត្រូវ​ហាម​ចូល​ស៊ី​លី​
11, Nov 2017 , 7:59 am        
រូបភាព
​អតីត​ស្តេច​ប្រដាល់សកល​ទំងន់​ធ្ងន់ Mike Tyson ត្រូវបាន​រារាំង​មិន​ឲ្យ​ចូល​ប្រទេស​ស៊ី​លី ដោយសារតែ​កំណត់ត្រា​បទឧក្រិដ្ឋ​រប​ស់​គេ​កន្លងមក​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Santiago​។​



​បណ្តាញសារព័ត៌មាន Chilean បាន​រាយការណ៍​ថា Mike Tyson មាន​គម្រោង​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​មួយ នៅ​ទីក្រុង Santiago ប្រទេស​ស៊ី​លី​។  ប៉ុន្តែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែវិច្ឆិកា ប៉ូលិសអន្តោប្រវេសន៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Santiago បាន​បង្ហោះ​រូប​របស់​អតីត​ម្ចាស់​ខ្សែក្រវ៉ាត់​ទម្ងន់​ធ្ងន់ វ័យ​៥១​ឆ្នាំ​រូបនេះ ដែល​ត្រូវបាន​មន្ត្រីប៉ូលិស​នៃ​ប្រទេស​ស៊ី​លី នាំ​រូបគេ​ឲ្យ​ចាក​ចេញពី​ព្រលាន​វិញ​។ ប៉ូលិស​នៅ​ទីនោះ​ថា Tyson ត្រូវ​ចាក​ចេញពី​ទីនោះ ដោយសារ​«​មិន​គោរព​ច្បាប់​អន្តោប្រវេសន៍​»​។​

​មួយវិញទៀត កងកម្លាំង​ប៉ូលិស​ទាំងនោះ ក៏បាន​ពន្យល់​ទៀតថា ពួកគេ​មាន​សិទ្ធិអំណាច ដើម្បី​ហាមឃាត់​ជនបរទេស​ណា ដែល​ធ្លាប់មាន​ប្រវត្តិ​អាក្រក់ ឬ​បទឧក្រិដ្ឋ​ផ្សេងៗ ចូលមកក្នុង​ប្រទេស​នេះ​។​

​សូមបញ្ជាក់ថា នៅ​ឆ្នាំ ១៩៩២ អតីត​កំពូល​អ្នក​ប្រដាល់​ទម្ងន់​យក្ស សញ្ជាតិ​អាមេរិក​នេះ ត្រូវបាន​កាត់ទោស​ពីបទ​ចាប់រំលោភ បេ​ក្ខ​នារី​បវរកញ្ញា​វ័យ​ជំទង់​ម្នាក់ នៅក្នុង​បន្ទប់​សណ្ឋាគារ​របស់ខ្លួន នៅ​ទីក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋអាមេរិក​។ លោក​ត្រូវបាន​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ ប៉ុន្តែ​ត្រូវបាន​ដោះលែង​មុនពេល​កំណត់​វិញ​៕



Tag:
 ប្រដាល់​
  Mike Tyson
  ស៊ី​លី​
© រក្សាសិទ្ធិដោយ thmeythmey.com