បទវិភាគ
សង្គមជាតិ
ថ្លៃ​ចំណងដៃ​អាពាហ៍ពិពាហ៍​មិនគួរ​ក្លាយជា​រនាំង​នៃ​មិត្តភាព​ឡើយ​!
03, Dec 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ អាពាហ៍ពិពាហ៍ គឺជា​ពិធី​ប្រពៃណី​របស់​ខ្មែរ​តាំងពី​បុរាណកាល​មក​។ ពលរដ្ឋ​ខ្មែរ​ដែល​រៀបចំ​ពិធី​នេះ​ឲ្យ​កូនចៅ​របស់ខ្លួន​ត្រូវ​អញ្ជើញ​ភ្ញៀវ​ដែល​រាប់អាន​គ្នា​ជិតស្និទ្ធ​ឲ្យ​ចូលរួម​ដើម្បី​ជំរុញ​ឲ្យ​ពិធី​នេះ​កាន់តែ​អធិកអធម​។ ហើយ​ជា​កាតព្វកិច្ច​សង្គម ភ្ញៀវ​ដែល​បានមក​ចូលរួម​ពិសា​អាហារ​នៅក្នុង​ពិធី​អាពាហ៍ពិពាហ៍ ត្រូវ​ចងដៃ​កូនប្រុស​ស្រី​។ តើ​ត្រូវ​ចងដៃ​ក្នុង​កម្រិតណា​? ទំហំ​ប្រាក់​ប៉ុន្មាន​? តើ​ថ្លៃ​ចំណងដៃ​ត្រូវ​កាត់កង​គ្នា​ឬទេ​រវាង​ភ្ញៀវ និង​ភ្ញៀវ​?




​នេះ គឺជា​សំណួរ​ដែល​គេ​ពិបាក​រក​ចម្លើយ​ឲ្យ​ពិតប្រាកដ​មក​បកស្រាយ​បង្ហាញ​។ តែបើ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​, នៅ​ភ្នំពេញ​, ចំណងដៃ​ធម្មតា​អាចមាន​ចំនួន​៣០​ដុល្លារ​(​សម្រាប់​មនុស្ស​ម្នាក់​) ក្នុងខណៈដែល​ចំណងដៃ​អាពាហ៍ពិពាហ៍​នៅតាម​បណ្តា​ខេត្ត​អាចមាន​ចំនួន​២០​ដុល្លារ ឬ​១៥​ដុល្លារ​។ 
 
​ចំណងដៃ​អាច​ប្រែប្រួល​ទៅតាម​ស្ថានភាព​ជីវភាព​របស់​ភ្ញៀវ​ម្នាក់ៗ និង​អាស្រ័យទៅលើ​កម្រិត​នៃ​មិត្តភាព​រវាង​ភ្ញៀវ​ការ និង​ម្ចាស់​ដើមការ ឬ​វា​អាច​ប្រែប្រួល​ទៅតាម​ទីតាំង​នៃ​កន្លែង​រៀបការ​(​ជនបទ ឬ​ទីក្រុង​)​។ 
 
​នៅក្នុង​ទម្លាប់​ខ្មែរ គេ​ច្រើន​គិតថា ប្រសិនបើ​បុគ្គល​«​ក​»​ធ្លាប់​ចងដៃ​ទៅ​ឲ្យ​បុគ្គល​«​ខ​»​ចំនួន​៥០​ដុល្លារ​។ ដូច្នេះ បុគ្គល​«​ខ​»​ដែល​ធ្លាប់​ទទួល​ចំណងដៃ​៥០​ដុល្លារ​នោះ ត្រូវតែ​ចង់ដៃ​សង​វិញ​ចំនួន​៥០​ដុល្លារ​ទៅកាន់​បុគ្គល​«​ក​»​វិញ​នៅពេលដែល​បុគ្គល​«​ក​»​រៀបការ​កូនប្រុស​ឬ​ស្រី​។ នេះ គឺជា​ទម្លាប់​ក្រៅផ្លូវការ​របស់​ពលរ​ដ្ឋ​ខ្មែរ​ដែល​គ្មាន​ការចែង​ជា​ក្បួនខ្នាត​ទេ​។ 
 
​ត្រង់ចំណុច​ខាងលើនេះ មតិ​ចំនួន​ពីរ​ដែល​ខ្វែងគ្នា​កំពុង​ត្រូវ​បានលើកឡើង​ទាក់ទង​ទៅនឹង​ចំណុច​ចំណងដៃ​នេះ​តែម្តង​។ មតិ​ទី​១​អត្ថាធិប្បាយ​ថា ចំណងដៃ​ត្រូវតែ​សង​ទៅវិញទៅមក​ឲ្យ​ស្មើគ្នា​ទើប​យុត្តិធម៌​។ តែ​មតិ​ទី​ពីរ​វិញ​បាន​ទាល់​ចោល​គំនិត​នេះ​តែម្តង​។ 
 
​មតិ​ទី​២ បានលើកឡើង​ពី​ហេតុផល​មួយចំនួន​ក្នុងនោះ​ជារួម​មាន​៖ ជី​វិភា​ពនៃ​គ្រួសារ​នីមួយៗ​ខុសគ្នា ដូច្នេះ គេ​មិនគួរ​បង្ខំ​ឲ្យ​តម្លៃ​នៃ​ចំណងដៃ​ស្មើគ្នា​ឡើយ​។ ឧទាហរណ៍ គ្រួសារ​ខ្លះ​ក្រ តើ​គួរ​ឲ្យ​គ្រួសារ​ក្រ​នេះ ចងដៃ​ឲ្យ​គ្រួសារ​អ្នកមាន​ក្នុង​ចំនួន​ទឹកប្រាក់​ស្មើគ្នា​ឬទេ​?​។ ភូមិសាស្ត្រ​នៃ​កន្លែង​រៀប​អាពាហ៍ពិពាហ៍​ខុសគ្នា ដូច្នេះ កម្រិត​នៃ​ចំណងដៃ​ក៏​មិនគួរ​គិត​ឲ្យ​ស្មើគ្នា​ដែរ​។ ម្យ៉ាងទៀត គំនិត​ដែល​ចង់​ឲ្យ​ភ្ញៀវ​ចងដៃ​ច្រើន ក៏​គួរ​លុបបំបាត់ចោល​ដែរ ព្រោះ ពេលខ្លះ ចំណងដៃ​បានធ្វើ​ឲ្យ​គ្រួសារ​មួយចំនួន​ស្ងួត​ជើងធ្មេញ​នៅក្នុង​គ្រួសារ​ទៅហើយ​។ គំនិត​សងសឹក ឬ​កំហឹង​បង្កឡើង​ដោយសារតែ​រឿង​តម្លៃ​ចំណងដៃ​ការមិន​ស្មើគ្នា​នេះ គួរ​ត្រូវ​បោះបង់ចោល​ពី​សង្គម​ខ្មែរ​។ 
 
​សូម​ងាក​មក​មើល​ស្ថានភាព​រៀបការ​ជាក់ស្តែង​នៅក្នុង​ប្រទេសមួយ​ចំនួន​វិញ​។ នៅក្នុង​ប្រទេស​បារាំង ម្ចាស់​ដើមការ​អញ្ជើញ​ភ្ញៀវ​តែ​ជា​សាច់ញាតិ និង​មិត្តភក្តិ​ជិតស្និទ្ធ​បំផុត​(​អ្នក​ស្គាល់​ល្មមៗ​ដូច​នៅ​ស្រុក​ខ្មែរ ឬ​អ្នក​មិនសូវ​ស្គាល់​គេ​មិន​ហៅ​ទេ​)​។ នៅក្នុង​ប្រទេស​បារាំង ចំណងដៃ​ជា​លុយ​សុទ្ធ​មិនសូវ​ត្រូវបាន​គេ​អនុវត្ត​ទេ​។ ជាទូទៅ ភ្ញៀវ​ច្រើន​ផ្តល់​អំណោយ​ជា​របស់របរ​ប្រើប្រាស់​នៅក្នុង​ផ្ទះ​។ តែ​សូមបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា នៅក្នុង​ប្រទេស​បារាំង គេ​មិន​ចេះតែ​អញ្ជើញ​ភ្ញៀវ​នោះទេ​។ ភ្ញៀវ​ជិតស្និទ្ធ​ទើប​គេ​អញ្ជើញ​។ 
 
​នៅក្នុង​ប្រទេស​ឥណ្ឌា​វិញ គេ​អញ្ជើញ​ភ្ញៀវ​ឲ្យ​ចូលរួម​ពិធីការ​ដោយមាន​ការបង់​ចំណងដៃ​ដូច​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។ តែ​នៅក្នុង​សហគមន៍​មួយចំនួន ជាពិសេស សហគមន៍​នៃ​វណ្ណៈ​អ្នកមាន ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ពិធី​ការមិន​តម្រូវ​ឲ្យ​បង់ប្រាក់​ចំណងដៃ​ទេ​។ ហេតុផល​របស់គេ គឺថា វត្តមាន​របស់​ភ្ញៀវ គឺមាន​តម្លៃ​ធំធេង​ណាស់​សម្រាប់​មង្គលការ​រ​បស់​កូនក្រមុំ និង​កូនកំលោះ​។ វត្តមាន​របស់​ភ្ញៀវ គឺជា​ការផ្តល់​តម្លៃ​ជូន​ពិធី​អាពាហ៍ពិពាហ៍​។ 
 
​ដូច្នេះ ប្រសិនបើ​គេ​ក្រឡេកមើល​បរិបទ​កម្ពុ​ជា ប្រៀបធៀប​នឹង​បរិបទ​នៃ​វប្បធម៌​ឥណ្ឌា និង​អឺរ៉ុប​ខ្លះ​វិញ តម្លៃ​ចំណងដៃ​នៅ​កម្ពុជា​មិនគួរ​ក្លាយជា​រនាំង​នៃ​មិត្តភាព និង​មិនគួរ​ក្លាយជា​ចំណោទ​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​មិត្តភាព​ឡើយ​។ ប្រាក់​សំខាន់​ហើយ តែ​អ្វីដែល​រឹតតែ​សំខាន់​ជាង​ប្រាក់​ទៅទៀត​នោះ គឺ​ទឹកចិត្ត សណ្តាន​ចិត្ត និង​មិត្តភាព​៕ 

Tag:
 អាពាហ៍ពិពាហ៍
© រក្សាសិទ្ធិដោយ thmeythmey.com