កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ដោយមានហ្វីលីពីនជាម្ចាស់ផ្ទះកិច្ចប្រជុំ។ មេដឹកនាំរដ្ឋសមាជិកអាស៊ានទាំង១០ និងមេដឹកនាំពិភពលោកជាច្រើនទៀតនឹងមានវត្តមានក្នុងជំនួបប្រចាំឆ្នាំដ៏ធំនេះ ដែលធ្វើឡើងចំខួបទី៥០ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
ក្រសួងការបរទេសហ្វីលីពីននៅថ្ងៃទី១០ ខែវិច្ឆិកា បានប្រកាសបញ្ជីឈ្មោះមេដឹកនាំតំបន់ និងពិភពលោក ដែលត្រូវចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅរដ្ឋធានីម៉ានីល។ បើតាមសារព័ត៌មាន Rappler អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន Robespierre Bolivar និយាយថា កិច្ចប្រជុំជាហូរហែរនេះ គឺជាជួបជុំមេដឹកនាំពិភពលោកធំបំផុតក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានប្ដូរវេននៃកិច្ចប្រជុំកំពូលអាស៊ានសម្រាប់ឆ្នាំ២០១៧ ។
អ្នកនាំពាក្យខាងលើក៏បានបញ្ចេញបញ្ជីឈ្មោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសសមាជិកអាស៊ានដែលនឹងបង្ហាញខ្លួនក្នុងកិច្ចប្រជុំឆ្នាំនេះរួមមាន៖
១. ព្រះចៅស៊ុលតង់ព្រុយណេ ណាស្សាណាល់ ប៊ុលគៀ
២. នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន
៣. ប្រធានាធិបតីឥណ្ឌូណេស៊ី ចូក វីដូដូ
៤. នាយករដ្ឋមន្ត្រីឡាវ ថងលួន ស៊ីសូលីត
៥. នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់
៦. ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី
៧. នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង
៨. នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា
៩. នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វ៊ុក។
ក្រៅពីមេដឹកនាំអាស៊ាន មេដឹកនាំប្រទេសដៃគូពិភាក្សារបស់អាស៊ានមួយចំនួនទៀត ក៏នឹងធ្វើដំណើរទៅកាន់ហ្វីលីពីនដែរដូចជា៖
១. នាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ាល់ខម ធើនប៊ូល
២. នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ
៣. នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង
៤. ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទូស
៥. នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ
៦. នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី
៧. នាយករដ្ឋមន្ត្រី នូវែល សេឡង់ ចាស៊ីនដា អាឌើន
៨. នាយករដ្ឋមន្ត្រីរុស្ស៊ី ឌីមីឌ្រី ម៉េដវ៉េដេវ
៩. ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន
១០. ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
១១ អគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូតេរ៉េស៕