អ្នករត់​រ៉ឺម៉ក​នៅ​សៀមរាប​រអ៊ូ​ពី​រឿង​ខ្សត់​ភ្ញៀវ​ចំណែក​អ្នករក​កាន់តែច្រើន​
ជាតិ
សង្គមជាតិ
អ្នករត់​រ៉ឺម៉ក​នៅ​សៀមរាប​រអ៊ូ​ពី​រឿង​ខ្សត់​ភ្ញៀវ​ចំណែក​អ្នករក​កាន់តែច្រើន​
11, Nov 2017 , 7:59 pm        
រូបភាព
 
​សៀមរាប​៖ ចំនួន​អ្នករត់​រ៉ឺម៉ក​កង់​បី​នៅ​ខេត្តសៀមរាប មាន​ចំនួន​ច្រើន​លើសលប់ មិន​ថា​នៅ​តំបន់​ផ្សារ​ចាស់ ផ្សារ​រាត្រី ឬ​នៅតាម​ប្រាសាទ​។ ដោយសារ​ចំនួន​ច្រើនបែប​នេះហើយ ទើប​ធ្វើឱ្យ​មុខរបរ​មួយ​នេះ ពិបាក​រក​ទីផ្សារ មានន័យថា ម៉ូយ​តិច តែ​អ្នក​ចាប់​ម៉ូយ​មាន​ចំនួន​ច្រើន​។ អ្នករត់​រ៉ឺម៉ក​មួយចំនួន​នៅតាម​ប្រាសាទ បាន​រអ៊ូ​ពី​បញ្ហា​នេះ​ដូចគ្នា ដោយ​ពួកគេ​លើកឡើងថា រ៉ឺម៉ក់​កាន់តែ​កើន ចំណែក​ភ្ញៀវ​កាន់តែ​ខ្សត់​ទៅៗ​។​

 
​នៅមុខ​ប្រាសាទអង្គរវត្ត ទីធ្លា​សម្រាប់​ចត​យានយន្ត មាន​ទាំង​ឡាន និង​រ៉ឺម៉ក​ចត​ព្រោងព្រាត​។ នៅ​ម៉ោង​ប្រមាណ ១២​ថ្ងៃត្រង់ នា​ថ្ងៃទី​១០ វិច្ឆិកា ពេលដែល​ម្ចាស់​រ៉ឺម៉ក​ច្រើន កំពុង​រង់ចាំ​ភ្ញៀវ ដែល​នឹង​ចាក​ចេញពី​ប្រាសាទ​វិញ​។ 
 
 
 
​នៅ​ទីនោះ លោក ចំរើន កំពុង​អង្គុយ​ផ្អែក​មើល​ទូរ​សព្ទ​នៅលើ​រ៉ឺម៉ក​របស់លោក និង​បាន​ឆ្លៀត​មក​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​។ លោក ចំរើន ប្រកប​របរ​មួយ​នេះ​ជិត​១០​ឆ្នាំ​មកហើយ ហើយ​ថ្ងៃនេះ លោក​ជាប់​ជូន​ភ្ញៀវ​មួយក្រុម ដើរ​តាម​ប្រាសាទ​។ 
 
​បុរស​សម្បុរ​ស​ណ្តែ​ត​បាយ​មួយ​នេះ រៀបរាប់ថា ក្នុង​ខែ​១១​នេះ ភ្ញៀវ​ហាក់​ងើប​បន្តិច​។ លោក​បន្តថា​៖« ខែ​នេះ មួយថ្ងៃ​អាច​បាន​មួយក្រុម តែ​សរុប​មួយខែ បានតែ​៣ ទៅ​៤​ក្រុម វា​ប្រសើរ​ជាង​ខែ​មុន ចាប់ពី​ខែ ៧​ដល់​ខែ​១០ មួយខែ​បានតែ​មួយក្រុម​អី​តែប៉ុណ្ណោះ​»​។ លោក ចំរើន ដឹក​ភ្ញៀវ​ចម្រុះ មាន​ទាំង​អឺរ៉ុប និង​អាស៊ី​។ លោក​មើលឃើញថា កំណើន​រ៉ឺម៉ក​កាន់តែច្រើន ធ្វើឱ្យ​លោក​ពិបាករ​។ លោក ចំរើន ថ្លែង​មិន​លាក់លៀម ដោយ​លោក​ថា ពេលទំនេរ ឬ​ខ្សត់​ភ្ញៀវ លោក​ក៏​ឆ្លៀត​ធ្វើ​សំណង់​បន្ថែម​ផងដែរ​។​
 
 
 
​នៅ​មិន​ឆ្ងាយ​ពី​រ៉ឺម៉ក​លោក ចំរើន នោះ​គឺ​លោក កី​។ លោក កី កំពុង​ជជែក​ជាមួយ​មិត្តភក្តិ​ម្នាក់ទៀត មុនពេល​អ្នកសារព័ត៌មាន​ចូលទៅ​ក្បែរ​គាត់​ដើម្បី​សាកសួរ​ព័ត៌មាន​។ សម្រាប់​លោក កី មើលឃើញ​ខុសគ្នា​ពី​លោក ចំរើន នោះ​គឺថា ខែ​នេះ​ភ្ញៀវ​ហាក់​មិនទាន់​ឡើង​នៅឡើយ​។ 
 
​តាម​ការមើលឃើញ​មួយទៀត​របស់លោក កី  គឺថា​ភ្ញៀវ​ភាគច្រើន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។ រឿងរ៉ាវ​ដែល​លោក​ស្តាប់ឮ​ពី​ភ្ញៀវ​នោះ គឺ​ទាក់ទង​នឹង​តម្លៃ​សំបុត្រ​ថ្លៃ ទើប​ធ្វើឱ្យ​ភ្ញៀវ​កាត់បន្ថយ​ពេលវេលា​នៅតាម​ប្រាសាទ​។​
 
​ចំណែក​លោក វី ដែល​កំពុង​នៅក្បែរនោះ ក៏​មិន​ខុសគ្នា​ដែរ លោក​ថា ភ្ញៀវ​ច្រើន​មក​តាម​ទួ​រ ឬ​តាម​ក្រុមហ៊ុន​ទេសចរណ៍ ហើយ​ភាគតិច​ណាស់​មកជា​លក្ខ​ណៈ​ឯកជន​។ ដោយសារ​ខ្សត់​ភ្ញៀវ​ដឹក​នៅតាម​ប្រាសាទ លោក វី ឆ្លៀតពេល​ចាំ​ដឹក​ភ្ញៀវ​នៅតាម​តំបន់​ផាប់​ស្ទ្រី​ត ឬ​ផ្សារ​ចាស់​ផងដែរ តែ​លោ​កថា តំបន់​ទាំងនោះ​ក៏​រិត​តែ​ពិបាក​ទៀត ដោយសារ​រ៉ឺម៉ក​ច្រើន​៕
 
  

Tag:
 រ៉ឺម៉ក​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com