ជាតិ
សេដ្ឋកិច្ច
ត្រីមាសទី១ កម្ពុជានាំចេញផលិតផលវាយនភណ្ឌ ៣,៧ពាន់លានដុល្លារ លោក អ៊ិត សំហេង រូបពីហ្វេសប៊ុកក្រសួងការងារ
× ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងមានទំហំទឹកប្រាក់ជាង ៣៧៣០លានដុល្លារ កើនឡើងជិត៧ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំ២០១៧។ នេះបើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP) ដែលបានស្រង់សម្តី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកប្រាប់ថា ចាប់តាំងពីឆ្នាំ២០០០មក ការនាំចេញផលិតផលវាយនភ័ណ្ឌកម្ពុជាកើនឡើងជាលំដាប់ ចាប់ពីទឹកប្រាក់ជិត ១ពាន់លានដុល្លារ ដល់ជាង ៧៣២១លានដុល្លារនៅឆ្នាំ២០១៦។
បើតាមលោក អ៊ិត សំហេង ដែលស្រង់សម្តីដោយ AKP កំណើនការនាំចេញនេះ ដោយសារបណ្ដាក្រុមហ៊ុនបញ្ជាទិញ ពេញចិត្តខ្លាំងសម្លៀកបំពាក់ ស្បែកជើង និងសម្ភាររបស់កម្ពុជា។«ពីព្រោះផលិតផលទាំងអស់នេះ នៅតែជាផលិតផលស្អាតស្អំ គ្មានការកេងប្រវ័ញ្ច គ្មានការរំលោភកម្លាំងពលកម្ម និងគោរពយ៉ាងត្រឹមត្រូវតាមលក្ខណ្ឌការងារ មិនតែប៉ុណ្ណោះ កម្ពុជាបានផ្គត់ផ្គង់គ្រប់គ្រាន់ ទៅតាមតម្រូវការទីផ្សារផងដែរ»។ នេះជាសម្តីលោក អ៊ិត សំហេង។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាបន្តយន្តការ និងអនុវត្តលក្ខណ្ឌការងារនានារបស់អ្នកបញ្ជាទិញ ចំពោះកម្មករ និយោជិត និងផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់កម្មករ និយោជិត ដូចជា ការផ្ដល់ជូនរបបហានិភ័យការងារ របបថែទាំសុខភាព និងធានារ៉ាប់រងផ្សេងៗ ។ នេះបើតាមរដ្ឋមន្ត្រីការងារ ដែលបន្តថា នៅឆ្នាំ២០១៩ខាងមុខ រដ្ឋាភិបាល នឹងផ្ដល់របបសោធននិវត្តន៍មួយថ្មីទៀតជូនកម្មនិយោជិត ដើម្បីឲ្យពួកគេទទួលបានប្រាក់ចូលនិវត្តន៍ ដូចមន្ត្រីរាជការដែរ។
សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតកម្ពុជា ក្នុងវិស័យកាត់ដេរនេះ កើនឡើងជាលំដាប់ ចាប់ពី៤៥ដុល្លារ នៅឆ្នាំ១៩៩៧ រហូតដល់១៥៣ដុល្លារ ក្នុងឆ្នាំ២០១៧នេះ ហើយនឹងឡើងដល់១៧០ដុល្លារ នៅឆ្នាំ២០១៨ខាងមុខ៕
Tag:
អ៊ិត សំហេង
កាត់ដេរ
កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com