អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ា​រី​ម៉ា និង​ស្វាមី ជួប​សម្ដេច ហ៊ុន សែន ក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​
11, Nov 2017 , 11:12 pm        
រូបភាព
រូបពីហ្វេសប៊ុកតារាភាពយន្តហ្វីលីពីនលោកDingdong Dantes ស្វាមីនាង Marian Rivera ​ហៅ«​ម៉ា​រី​ម៉ា​»
រូបពីហ្វេសប៊ុកតារាភាពយន្តហ្វីលីពីនលោកDingdong Dantes ស្វាមីនាង Marian Rivera ​ហៅ«​ម៉ា​រី​ម៉ា​»
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក តារាភាពយន្ត​ហ្វីលីពីន Marian Rivera  ដែល​ពលរដ្ឋ​ខ្មែរ​និយម​ហៅថា «​ម៉ា​រី​ម៉ា​» ជាមួយ​ស្វាមី​ខ្លួន លោក Dingdon Dantes បាន​ជួប​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​ទទួល​អាហារ​ពេល​ល្ងាច ក្នុង​តំបន់​ក្លាក ខេត្ត​ប៉ាំ​ប៉ាង​ហ្គា ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​១១ វិច្ឆិកា​នេះ ។ តារាភាពយន្ត​ទាំងពីរ​ដួង ដែល​បានបង្ហាញ​វត្តមាន​ក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​នេះ គឺ​តប​តាម​ការអញ្ជើញ​របស់​ស​ម្ដេច ហ៊ុន សែន​។​


 
បើតាម​សារព័ត៌មាន Rappler របស់​ហ្វីលីពីន បានបង្ហាញ​ពី​វត្តមាន​តារា​ល្បី​មួយគូ​នេះ ដែល​បាន​ឈរ​ពីក្រោយ​សម្ដេច ហ៊ុន សែន អង្គុយ​ក្នុង​តុ​ទទួលទាន​អាហារ​ពេល​ល្ងាច ដែលជា​ការរៀបចំ​ដោយ​អតីត​ប្រធានាធិបតី​និង​ជា​អ្នកតំណាង​ឲ្យ​ខេត្ត​ខេត្ត​ប៉ាំ​ប៉ាង​ហ្គា លោកស្រី Gloria Macapagal-Arroyo ។ ប៉ុន្តែ​សារព័ត៌មាន​ដដែល​នេះ មិនបាន​លម្អិត​ពី​កិច្ចសន្ទនា​រវាង​សម្ដេច ហ៊ុន សែន និង​តារាភាពយន្ត​ល្បី​របស់​ហ្វីលីពីន​នេះឡើយ​។​
 
​សម្ដេច ហ៊ុន សែន ទៅ​ប្រទេស​ហ្វីលីពីន ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​ស្ថិតក្រោម​ប្រធានបទ «​រួមគ្នា​ជា​ដៃគូរ​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ រួមចំណែក​ជាមួយ​ពិភពលោក​» ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២-១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ម៉ានីល ។​

​ក្រៅពី​ការចូលរួម​កិច្ចប្រជុំ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​បណ្តា​មេដឹកនាំ​ប្រទេសមួយ​ចំនួន​ដូចជា ជួប​ជាមួយ​នាយករដ្ឋមន្ដ្រី​ចិន លោក លឺ ខឺ​ឈាង​, នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី លោក ម៉ា​ល​ខុម ថើ​ន​បុល​,​នាយករដ្ឋមន្ដ្រី​ឥណ្ឌា លោក ណារិន​ឌ្រា មូ​ឌី​, នាយករដ្ឋមន្ដ្រី​នៃ​សហព័ន្ធរុស្ស៊ី លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ​, អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់ តូ​ញ៉ូ ហ្គុ​យ​តេ​រេស និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មួយចំនួនទៀត​ផងដែ​រ​៕

Tag:
 ហ៊ុន សែន
 ម៉ា​រី​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com