ពីនេះ ពីនោះ
ភ្លៀងមួយមេធំយប់មិញធ្វើឲ្យកូនពស់វារលើផ្លូវ៦០ម៉ែត្រ ហើយត្រូវយានយន្តកិនងាប់
×
ភ្នំពេញ៖ ភ្លៀងធ្លាក់ខ្លាំងកាលពីរំលងអធ្រាត្រយប់មិញបានធ្វើឲ្យផ្នែកខ្លះនៃរាជធានីភ្នំពេញលិចទឹក។ នៅតំបន់ផ្លូវថ្មី៦០ម៉ែត្រដែលភ្ជាប់ពីក្បាលថ្នល់ទៅកាន់តំបន់ទីក្រុងតាខ្មៅវិញ គេសង្កេតឃើញកូនពស់វែកមួយចំនួនបានវារឡើងលើផ្លូវថ្នល់ ហើយត្រូវបានយានយន្តកិនងាប់នៅលើទ្រូងផ្លូវ។
គ្មានសាក្សីឃើញកូនពស់ត្រូវម៉ូតូ ឬឡានកិននៅម៉ោងប៉ុន្មាននោះទេ។ តែព្រឹកឡើង នៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៧នេះ កូនពស់ពី៣ ទៅ៤ ក្បាលត្រូវបានគេប្រទះឃើញងាប់ដោយសារយានយន្តកិន។ អាចថាម៉ូតូ ឬរថយន្តកិន។
បុរសម្នាក់ដែលកំពុងជិះម៉ូតូនៅលើដងផ្លូវ៦០ម៉ែត្រ បានប្រទះឃើញកូនពស់វែកមួយក្បាលដេកងាប់នៅលើដងផ្លូវ។ រំពេចនោះ បុរសវ័យជាង៤០ឆ្នាំរូបនោះ ក៏ឈប់ម៉ូតូរបស់គាត់ ហើយរើសយកកូនពស់នោះពីលើផ្លូវ។ បុរសជិះម៉ូតូនោះ បាននិយាយថា៖«ពស់នេះ គឺជាកូនពស់វែក។ ខ្ញុំនឹងយកវាទៅត្រាំស្រាផឹក»។ បន្ទាប់ពីនិយាយហើយ បុរសវ័យជាង៤០ឆ្នាំ ក៏ធ្វើដំណើរចេញទៅដោយយកកូនពស់វែកនោះទៅជាមួយ។
នៅមិនឆ្ងាយប៉ុន្មានពីកន្លែងនោះ នៅលើផ្លូវ៦០ម៉ែត្រដដែល ស្រាប់តែគេប្រទះឃើញកូនពស់វែកមួយក្បាលទៀតដេកងាប់ដោយសារម៉ូតូកិនដូចគ្នា។ សាក្សីដែលធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រកាលពីព្រឹកមិញបាននិយាយថា ក្រោយពីភ្លៀងធ្លាក់ខ្លាំងមួយមេកាលពីយប់មិញនេះ កូនពស់ពី៤ទៅ៥ក្បាលត្រូវបានបានម៉ូតូ ឬឡានកិនងាប់។ កូនពស់ចេញច្រើន ព្រោះភ្លៀងធ្លាក់ខ្លាំង។
គួរកត់សម្គាល់ថា នៅអមសងខាងនៃផ្លូវ៦០ម៉ែត្រនៅផ្នែកខាងត្បូង គេសង្កេតឃើញមានបឹងដាំត្រកូន ព្រៃរនាមតូចៗ និងដីទំនេរជាច្រើនហិកតា។ ជាធម្មតា ព្រៃរនាមតូចៗនេះ ក៏អាចជាកន្លែងដែលមានសត្វពស់ច្រើនដែរ។ វត្តមានកូនពស់ដែលឡើងមកលើផ្លូវកាលពីព្រឹកមិញនេះអាចធ្វើឲ្យគេសន្និដ្ឋានបានខ្លះថា សំបុកពស់ក៏មានច្រើនដែរនៅក្នុងព្រៃរនាមអមសងខាងនៃផ្លូវ៦០ម៉ែត្រនៅផ្នែកខាងត្បូងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com