ពីនេះ ពីនោះ
ភ្លៀង​មួយ​មេ​ធំ​យប់មិញ​ធ្វើ​ឲ្យ​កូន​ពស់​វារ​លើផ្លូវ​៦០​ម៉ែត្រ ហើយ​ត្រូវ​យានយន្ត​កិន​ងាប់​
12, Nov 2017 , 11:57 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​រំលងអធ្រាត្រ​យប់មិញ​បានធ្វើ​ឲ្យ​ផ្នែក​ខ្លះ​នៃ​រាជធានី​ភ្នំពេញ​លិច​ទឹក​។ នៅ​តំបន់​ផ្លូវ​ថ្មី​៦០​ម៉ែត្រ​ដែល​ភ្ជាប់​ពី​ក្បាលថ្នល់​ទៅកាន់​តំបន់​ទីក្រុង​តាខ្មៅ​វិញ គេ​សង្កេតឃើញ​កូន​ពស់វែក​មួយចំនួន​បាន​វារ​ឡើងលើ​ផ្លូវថ្នល់ ហើយ​ត្រូវបាន​យានយន្ត​កិន​ងាប់​នៅលើ​ទ្រូងផ្លូវ​។


​គ្មាន​សាក្សី​ឃើញ​កូន​ពស់​ត្រូវ​ម៉ូតូ ឬ​ឡាន​កិន​នៅ​ម៉ោង​ប៉ុន្មាន​នោះទេ​។ តែ​ព្រឹក​ឡើង នៅ​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ កូន​ពស់​ពី​៣ ទៅ​៤ ក្បាល​ត្រូវបាន​គេ​ប្រទះឃើញ​ងាប់​ដោយសារ​យានយន្ត​កិន​។ អាច​ថា​ម៉ូតូ ឬ​រថយន្ត​កិន​។ 
 
​បុរស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​នៅលើ​ដងផ្លូវ​៦០​ម៉ែត្រ បាន​ប្រទះឃើញ​កូន​ពស់វែក​មួយ​ក្បាល​ដេក​ងាប់​នៅលើ​ដងផ្លូវ​។ រំពេច​នោះ បុរស​វ័យ​ជាង​៤០​ឆ្នាំ​រូបនោះ ក៏​ឈប់​ម៉ូតូ​របស់គាត់ ហើយ​រើសយក​កូន​ពស់​នោះ​ពីលើ​ផ្លូវ​។ បុរស​ជិះ​ម៉ូតូ​នោះ បាន​និយាយថា​៖«​ពស់​នេះ គឺជា​កូន​ពស់វែក​។ ខ្ញុំ​នឹង​យក​វា​ទៅ​ត្រាំ​ស្រា​ផឹក​»​។ បន្ទាប់ពី​និយាយ​ហើយ បុរស​វ័យ​ជាង​៤០​ឆ្នាំ ក៏​ធ្វើដំណើរ​ចេញទៅ​ដោយ​យក​កូន​ពស់វែក​នោះ​ទៅជា​មួយ​។ 

  
 
​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​នោះ នៅលើ​ផ្លូវ​៦០​ម៉ែត្រ​ដដែល ស្រាប់តែ​គេ​ប្រទះឃើញ​កូន​ពស់វែក​មួយ​ក្បាល​ទៀត​ដេក​ងាប់​ដោយសារ​ម៉ូតូ​កិន​ដូចគ្នា​។ សាក្សី​ដែល​ធ្វើដំណើរ​តាមផ្លូវ​៦០​ម៉ែត្រ​កាលពី​ព្រឹក​មិញ​បាន​និយាយថា ក្រោយពី​ភ្លៀង​ធ្លាក់​ខ្លាំង​មួយ​មេ​កាលពី​យប់មិញ​នេះ កូន​ពស់​ពី​៤​ទៅ​៥​ក្បាល​ត្រូវបាន​បាន​ម៉ូតូ ឬ​ឡាន​កិន​ងាប់​។ កូន​ពស់​ចេញ​ច្រើន ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង​។ 

  
 
​គួរ​កត់សម្គាល់ថា នៅ​អម​សងខាង​នៃ​ផ្លូវ​៦០​ម៉ែត្រ​នៅ​ផ្នែក​ខាងត្បូង គេ​សង្កេតឃើញ​មាន​បឹង​ដាំ​ត្រ​កូន ព្រៃរនាម​តូចៗ និង​ដី​ទំនេរ​ជាច្រើន​ហិកតា​។ ជាធម្មតា ព្រៃរនាម​តូចៗ​នេះ ក៏​អាចជា​កន្លែង​ដែលមាន​សត្វ​ពស់​ច្រើន​ដែរ​។ វត្តមាន​កូន​ពស់​ដែល​ឡើងមក​លើផ្លូវ​កាលពី​ព្រឹក​មិញ​នេះ​អាចធ្វើ​ឲ្យ​គេ​សន្និដ្ឋានបាន​ខ្លះ​ថា សំបុក​ពស់​ក៏មាន​ច្រើន​ដែរ​នៅក្នុង​ព្រៃរនាម​អម​សងខាង​នៃ​ផ្លូវ​៦០​ម៉ែត្រ​នៅ​ផ្នែក​ខាងត្បូង​នោះ​៕ 



 

Tag:
 ពស់
© រក្សាសិទ្ធិដោយ thmeythmey.com