អន្តរជាតិ
វត្ត​មាននៅ​ទឹកដី​អាស៊ាន​លើកដំបូង លោក ត្រាំ សរសើរ​ការរីកចម្រើន វៀតណាម ហ្វីលីពីន ថៃ ម៉ាឡេស៊ី សិង្ហ​បុរី ...
12, Nov 2017 , 7:39 pm         19688
រូបភាព
 ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ក្រុង ដា​ណាំង​របស់​វៀតណាម ។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​បណ្តា​សម្ព័ន្ធមិត្ត និង​ដើម្បី​ចូលរួម​កិច្ចប្រជុំ​នេះ លោក​ប្រធានាធិបតី បាន​លើកសរសើរ​ពី​ការអភិវឌ្ឍ​របស់​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ក្នុង​វេទិកា​អន្តរជាតិ​នេះ​ផងដែរ ។​
 
​យោងតាម​សេចក្តីថ្លែងការណ៍ ដែល​សារព័ត៌មាន​ថ្មី​ទទួលបាន​ពី​ការិយាល័យ​ព័ត៌មាន​សេត​វិមាន​អាមេរិក លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​វេទិកា​របស់ APEC បាន​រម្លឹក​ពី​ប្រវត្តិសាស្ត្រ​ដែលជា​ដំណើរ​ស្វែងរក​ដៃគូ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​របស់​អាមេរិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។ ប្រមុខ​អាមេរិក​រូបនេះ ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​ការផ្លាស់ប្តូរ និង​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ដៃគូ​របស់ខ្លួន​ផងដែរ ។​
 
« ទីក្រុង​នេះ (​ដា​ណាំង​) ធា្ល​ប់​ជា​មូលដ្ឋានទ័ព​អាមេរិក ដែលជា​កន្លែង​ទ័ព​អាមេរិក និង​វៀតណាម​ជាច្រើន​នាក់ បាន​បាត់​បង់ជីវិត​ក្នុង​សង្គ្រាម​បង្ហូរឈាម ។ តែ​ថ្ងៃនេះ យើង​លែង​ជាស​ត្រូវ​នឹង​គ្នា​ទៀតហើយ យើង គឺជា​មិត្ត​នឹង​គ្នា ។ ... ថ្ងៃនេះ​ផងដែរ តាមរយៈ​គោលនយោបាយ​បើកចំហ​សេដ្ឋកិច្ច វៀតណាម ក៏បាន​ក្លាយជា​ប្រទេសមួយ ដែលមាន​សេដ្ឋកិច្ច​លូតលាស់​ឆាប់​បំផុត​របស់​ពិភពលោក​ផងដែរ​។​
 
​ជាងនេះទៅទៀត​នោះ និស្សិត​របស់​វៀតណាម ក៏​ស្ថិតនៅ​ក្នុងចំណោម​និស្សិត​ពូកែ​របស់​ពិភពលោក​ទៀតផង​។ នេះ គឺជា​រឿង​ដែល​គួរ​ឲ្យ​កើត​សរសើរ​បំផុត​»​។ នេះ គឺជា​ការ​ថ្លែង​ចំណាប់អារម្មណ៍​របស់លោក​ដូ​ណា​ល់ ត្រាំ ទៅកាន់​ម្ចាស់ផ្ទះ​វៀតណាម​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​មួយ​នៅ​អាស៊ីអាគ្នេយ៍ ។​
 
​ឆ្លៀត​ឳ​កាស​នោះ​ផងដែរ ប្រមុខ​អាមេរិក នៅ​ចំពោះមុខ​មេដឹកនាំ APEC បាន​បន្ត​លើកតម្កើង​រដ្ឋ​អាស៊ាន​មួយទៀត គឺ​ហ្វីលីពីន ។ លោក បាន​ហៅ​ហ្វីលីពីន ថា ជា​រដ្ឋ​ដ៏​គួរ​ជាទី​មោទនៈ ទាំង​លើ​វិស័យ​ធុរៈកិច្ច និង​នយោបាយ ។ 
 
​ដោយឡែក សម្រាប់​ថៃ​វិញ ចំណុច​ដែល​ធ្វើ​ប្រធានាធិបតី​អាមេរិក​រូបនេះ ចាប់អារម្មណ៍​បំផុត នោះ​គឺ ការរីកចម្រើន​សេដ្ឋកិច្ច​ឆាប់រហ័ស និង​វិស័យ​ទេសចរណ៍ ដែល​លោក អះអាងថា រាជធានី​បាងកក​គឺជា​តំបន់ ដែលមាន​ទេសចរណ៍​ទស្សនា​ច្រើន​បំផុត​លើក​លោក​នោះ ។ 
 
«​ម៉ាឡេស៊ី បាន​អភិ​ឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​ឥលូវ ក៏បាន​ជាប់​ចំណាត់ថ្នាក់​ក្នុងចំណោម​ប្រទេស​ល្អ​បំផុត​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម ។ សិង្ហ​បុរី ដែល​ពីមុន​ពលរដ្ឋ​អាច​រកចំណូលបាន​ត្រឹមតែ​៥០០​ដុល្លារ​ក្នុង​មួយឆ្នាំ បាន​ប្រែក្លាយជា​ប្រទេស ដែល​ពលរដ្ឋ​មាន​ចំណូល​ច្រើន​បំផុត​របស់​ពិភពលោក​តាមរយៈ​ការតម្រង់​ផ្លូវ​របស់លោក លី ក្វាន់​យូ ។ ហើយ​ឥលូវ​កូន​របស់លោក (​លី សៀន​ឡុង​) ក៏​កំពុងតែ​បំពេញការងារ​ដ៏​អស្ចារ្យ​បន្តទៀត​»​។ នេះ ជា​ចំណាប់អារម្មណ៍​ចុងក្រោយ​ទៅកាន់​រដ្ឋ​អាស៊ាន​ម៉ាឡេស៊ី និង​សិង្ហ​បុរី ៕ 
Tag:
 អាមេរិក
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next