កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ រុស្ស៊ី​ប្រឈម​ការគំរាមកំហែង​ពី​ក្រុម ISIS
12, Nov 2017 , 8:39 pm        
រូបភាព
 
​រុស្ស៊ី​ប្រឈម​នឹង​ការគំរាមកំហែង​ភេរវកម្ម​ពី​ក្រុម​សកម្មជន​រដ្ឋ​អ៊ីស្លាម ISIS ក្នុងការ​ប្រកួត​ពានរ​ង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup នៅ​ឆ្នាំក្រោយ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្នុងនាម​ជា​ម្ចាស់ផ្ទះ រុស្ស៊ី​នឹង​ចាត់វិធានការ​តឹងរឹង​បំផុត​ដើម្បី​ប្រយុទ្ធប្រឆាំង​ពី​ការ​គំរាម​នេះ​។


​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Rappler ដោយសារតែ​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី​កន្លងមក​ទើប​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​គោលដៅ​ចម្បង​សម្រាប់​ក្រុម​ភេរវជន នា​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​ឆ្នាំ​២០១៨​ខាងមុខ​។​
 
​ការ​បំផ្ទុះ​គ្រាប់បែក​ទៅលើ​រថភ្លើង​ក្រោម​ដី​នៅក្នុង​ទីក្រុង Saint Petersburg កាលពី​ខែមេសា​ដែល​ធ្វើឱ្យ​មនុស្ស ១៥​នាក់​ស្លាប់​គឺ​ស្ថិត​ក្នុងចំណោម​ការវាយប្រហា​រ​ភេ​វរ​កម្ម​ដែល​កើតមាន​នៅលើ​ទឹកដី​រុស្ស៊ី​ដែរ​។​
 
​ការភ័យខ្លាច​ចេះតែ​កើនឡើង​បន្ថែមទៀត​បន្ទាប់ពី​មនុស្ស ៧​នាក់​ត្រូវបាន​ចាក់​សម្លាប់​នៅ​ស៊ី​បេ​រី​កាលពី​ខែសីហា នៅក្នុង​ការវាយប្រហារ​មួយ​របស់​ក្រុម ISIS ហើយ​ក្រុម​អាជ្ញាធរ​រុស្ស៊ី​អះអាងថា​ក្រុម​នេះ​បាន​ពង្រីក​ខ្លួន​នៅ​ទូទាំងប្រទេស​។​
 
​លោក Alexander Golts អ្នកជំនាញ​ឯករាជ្យ​រុស្ស៊ី​ដែលមាន​ឯកទេស​ខាង​សន្តិសុខ​បាន​និយាយថា នឹងមាន​ការគំរាមកំហែង​យ៉ាងពិត​ប្រាកដ​នៅក្នុង​ប្រទេស​រុស្ស៊ី ក្នុងអំឡុង​ការប្រកួត World Cup ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៤ ខែមិថុនា ដល់​ថ្ងៃទី ១៥ ខែកក្កដា​ឆ្នាំ​២០១៨​។​
 
​យោងតាម​ភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ (FSB) ពួក​ជី​ហាដ​រុស្ស៊ី​ប្រហែល ២៩០០ នាក់​ដែល​ភាគច្រើន​ជា​ជន​មូស្លីម​ធ្លាប់បាន​ប្រយុទ្ធ​គ្នា​នៅ​ស៊ី​រី​។ ចំណែក​ពួក​សកម្មប្រយុទ្ធ​ចន្លោះ​ពី ២០០០ ទៅ  ៤០០០​នាក់​មកពី​អាស៊ី​កណ្តាល​ឥឡូវនេះ​កំពុង​រស់នៅ​ប្រទេស​រុស្ស៊ី​។​
 
​ព្រឹ​ត្ដិ​ការណ៍​កីឡា​ដ៏​ល្បីល្បាញ​បំផុត​របស់​ពិភពលោក World Cup រួមជាមួយ​កីឡា​អូឡាំពិក​គឺជា​គោលដៅ​ធំ​បំផុត​សម្រាប់​ក្រុម​ភេ​វរជន​នេះ​៕

Tag:
 បាល់ទាត់​
  FIFA World Cup
  ISIS
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com