អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រមុខកំពូលចិន ចង់ឃើញ APEC និង ASEAN ធ្វើការជាមួយគ្នាកាន់តែស៊ីជម្រៅ
× ប្រមុខរដ្ឋចិន លោក ស៊ី ជិនពីង បានថែ្លងនៅក្នុងវេទិកាសេដ្ឋកិច្ចលំដាប់ទីពីររបស់ពិភលោកក្នុងក្រុងដាណាំងប្រទេសវៀតណាម ថា ក្រុងប៉េកាំង ចង់ឃើញ សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ធ្វើការរួមកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។
ឆ្លៀតឱកាសនៃកិច្ចប្រជុំ APEC លោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅថ្ងៃ១០ វិច្ឆកា បានជួបពិភាក្សាក្រៅផ្លូវការជាមួយនឹងមេដឹកនាំរបស់ APEC និង ASEAN ហើយ លោក ក៏បានចែករំលែកយន្តការមួយចំនួន ដែលលោករំពឹងថា នឹងនាំឲ្យស្ថាប័នទាំងពីរ មានកិច្ចសហប្រតិបត្តិការល្អប្រសើរនឹងគ្នា ។ នេះបើយោងតាមភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។
លោកប្រធានាធិបតី បានស្នើឲ្យ ភាគីទាំងពីរ គួរតែចូលរួមចំណែកគ្នាក្នុងការកសាងសេដ្ឋកិច្ចបើកចំហរនៅអាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងគោលដៅសម្រេចឲ្យបាននូវតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិកតែម្តង ។
ទន្ទឹមនឹងនេះ ប្រមុខកំពូលចិនដដែលនោះ ក៏បានបញ្ជាក់ពីជំហររបស់ចិនទៅកាន់ដៃគូផងដែរថា ចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយនឹងអាស៊ានដើម្បីបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។ ជាងនេះទៅទៀតនោះ លោក ក៏បានអះអាងដែរថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រអាស៊ាន ចិន នឹងបន្តគាំទ្រចំពោះដំណើរការនៃសហគមន៍អាស៊ាន ។
សូមជម្រាបផងដែរថា សមាជិកអាស៊ានទាំងអស់មានដូចជា ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ។ មិនមែនគ្រប់សមាជិកអាស៊ានទាំងអស់ គឺជាសមាជិករបស់ APECនោះទេ ពោលគឺសមាជិកអាស៊ានដែលជាសមាជិករបស់ APEC មានដូចជា ព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ។
ចិន គឺជាសមាជិកស្នូលរបស់ APEC ហើយ ក៏ជាដៃគូដ៏សំខាន់របស់អាស៊ានផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com