បទយកការណ៍ / បទសម្ភាសន៍
ស្ត្រី​មានចំណេះដឹង ចង់បាន​បុរស​ដែល​ស្មោះ និង​ចេះ​គិត ជាង​បុរស​មានតែ​ទ្រព្យ​
07, Mar 2018 , 10:59 pm        
រូបភាព
ដោយ:
 បុរស​ដែល​មានតែ​ទ្រព្យសម្បត្តិ លែង​ជា​អាទិភាព​សម្រាប់​នារី​ទស្សវត្ស​ទី​២១​ទៀតហើយ ប៉ុន្តែ​នឹង​ជ្រើសរើស​បុរស​ដែល​ស្មោះត្រង់ ចេះ​គិតគូរ​វែងឆ្ងាយ គោរព និង​ផ្តល់​តម្លៃ​ដៃគូ និង​មាន​ការងារ​ជាក់លាក់​។ នារី សម័យនេះ​ដែល​ភាគច្រើន​មានចំណេះដឹង និង​មាន​ការងារ​ធ្វើ​នោះ យល់ថា ទ្រព្យសម្បត្តិ មិនអាច​ទិញយក​សុភមង្គល​សម្រាប់​ពេញ​មួយជីវិត​ពួកគេ​ឡើយ  ហើយ​នៅពេលដែល​បុរស​មានគំនិត ចេះ​គិតគូរ​ពី​គ្រួសារ ទ្រព្យសម្បត្តិ នឹង​កើតមាន​តាម​ក្រោយ​។​



​បុរស​ដែល​មានតែ​ទ្រព្យសម្បត្តិ លែង​ជា​អាទិភាព​សម្រាប់​នារី​ទស្សវត្ស​ទី​២១​នេះ​ទៀតហើយ ពីព្រោះ ហើយ​ទ្រព្យសម្បត្តិ មិនមែន​តែងតែ​ផ្ដល់​សុភមង្គល​ដល់​ជីវិត​រហូត​ទេ​។ នេះ​ជាការ​លើកឡើង​របស់ កញ្ញា សូ នី​កា ម្ចាស់​ហាង​នំ​ផ្អែម បេ​ក​ខឺ​រី ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មុននឹង​ពន្យល់​ដូច្នេះ​ថា នៅពេលដែល​មនុស្ស​មាន​គំនិត នោះ​ទ្រព្យសម្បត្តិ នឹង​កើតមាន​តាម​ក្រោយ​ទៀត​ជាក់​ជា​មិនបាន​។ សម្រាប់ កញ្ញា  សូ នី​កា បុរស​ដែល​រូបនាង​ត្រូវ​ជ្រើសរើស​ជា​ដៃគូ​ជីវិត ជា​បុរស​ដែល​ស្មោះត្រង់ និង​ចេះ​គិត​វែងឆ្ងាយ​ពី​អនាគត​គ្រួសារ​។ ជា​អ្នកសារព័ត៌មាន​ Freelancer ម្នាក់ដែរ យុវតី​វ័យ​២៥​ឆ្នាំ​រូបនេះ​បន្ថែម​ដូច្នេះ​៖«​សំណើច​ដែល​គ្មាន​ភាព​លាក់បាំង​ទើប​ជា​សុភមង្គល​ពិតប្រាកដ​។ មាន​ភាពស្មោះត្រង់​នឹង​គ្នា យើង​នឹង​គ្មាន​ការបារម្ភ ហើយ​បន្ទាប់ពី​ចិត្ត​យើង​ជ្រះថ្លា​ហើយ អ្នក​ដែលមាន​ការគិត​វែងឆ្ងាយ នឹង​រក​វិធី​រក​ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ​បាន​ដោយ​ងាយ​»​។   
 
​កញ្ញា ណុប សុខ​គីម មន្ត្រី​ផ្នែក​គណនេយ្យ​នៃ​អង្គការ​អន្តរជាតិ​មួយ ក៏​យល់ស្រប​ដែរ​ថា នៅពេលដែល​មនុស្ស​មាន​គំនិត គឺ​ការងារ មុខរបរ នឹង​ចូលមក​តាម​ក្រោយ ហើយក៏​ស្ថិតក្នុង​លក្ខណៈសម្បត្តិ​នៃ​បុរស ដែល កញ្ញា សុខ​គីម ប្រាថ្នា​ជា​ដៃគូ​ជីវិត បូក​រួមទាំង​ភាពស្មោះត្រង់​ដែរ​។ ក្រៅពីនេះ យុវតី​វ័យ​២៥​ឆ្នាំ​រូបនេះ ប្រាថ្នា​បុរស​ដែលមាន​គំនិត​ចាស់ទុំ​អាច​ពឹងផ្អែក​បាន និង​ឧស្សាហ៍​ព្យាយាម​។ កញ្ញា ណុប សុខ​គីម បន្ថែម​ដូច្នេះ​៖« សំខាន់​មនុស្ស​ម្នាក់​នោះ​ឧស្សាហ៍ ព្រោះថា​ឲ្យ​តែ​មនុស្ស​ឧស្សាហ៍ គឺ​មិនអាច​អត់បាយ​ស្លាប់​នោះទេ​»​។​
 
​ចំណែក​អ្នកសារព័ត៌មាន​ស្ត្រី​មួយរូប​ទៀត គឺ​កញ្ញា សុភៈ នារី បាន​ឲ្យ​ដឹងថា​បុរស​ដែល​កញ្ញា​ប្រាថ្នា​ចង់បាន មិនមែន​សំខាន់​លើ​ទ្រព្យសម្បត្តិ​នោះទេ ប៉ុន្តែ​ជា​បុរស​ដែលមាន​ភាពស្មោះត្រង់ ចេះ​គោរព និង​ផ្ដល់​តម្លៃ​ដល់​ដៃគូ អាចជា​បង្អែក​នៃ​ជីវិត និង​កម្រិតសិក្សា​ប្រហាក់ប្រហែល ឬ​ខ្ពស់ជាង​ខ្លួន​។ កញ្ញា សុភៈ នារី  បញ្ជាក់​ដូច្នេះ​៖«​សំខាន់​តើ​គេ​មាន​សមត្ថភាព​អាច​ចិញ្ចឹម ឬ​បង្កើត​គ្រួសារ​បាន​ឬទេ​? ទ្រព្យសម្បត្តិ​គឺ​មិន​ខ្វល់​ទេ សំខាន់​ពេល​ចាប់ដៃគ្នា គេ​មានគំនិត​បង្កើត​ទ្រព្យសម្បត្តិ​ដោយ​ខ្លួនឯង​»​។​
 
​កញ្ញា ជី​ង ស្រី​តូច ជា​សារការី​មួយរូប ដែល​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ច្បាប់ ក៏បានផ្តល់​តម្លៃ​ទៅលើ​ភាពស្មោះត្រង់​ជាជាង​ទ្រព្យសម្បត្តិ​ដែរ​។ ទន្ទឹមនឹងនេះ កញ្ញា ក៏ត្រូវ​ការ​បុរស​ដែល​កម្រិត​ការសិក្សា​ប្រហែល​គ្នា និង​មាន​ការងារ​មួយ​ច្បាស់លាស់ ព្រមទាំង​មាន​រូបរាង​សមរម្យ និង​មាន​សម្បុរ​ស្រអែម​។ សារការី​រូបនេះ បញ្ជាក់​ដូច្នេះ​៖«​ឲ្យ​តែមាន​ការងារ​ច្បាស់លាស់ មិនចាំបាច់​ការងារ​ធំដុំ​ក៏បាន ចេះ​ផ្ដល់​តម្លៃ​ការងារ និង​ពង្រឹងសមត្ថភាព​ខ្លួន​ជានិច្ច​។ ក្រៅពី​រូបរាង ត្រូវ​ចេះ​ឲ្យ​តម្លៃ​ប្ដី ប្រពន្ធ ស្មោះត្រង់ និង​គោរព​គ្នា នោះ​គឺជា​បុរស​ក្នុង​ក្ដី​ស្រមៃ​របស់ខ្ញុំ​»​។​
 
​បុរសៗ អាច​នៅ​យល់ឃើញថា មនុស្ស​ស្រី​នៅតែ​ជ្រើសរើស​ដៃគូ​ជីវិត​ដោយ​ផ្តោតលើ​ទ្រព្យសម្បត្តិ​ជា​អាទិភាព ប៉ុន្តែ​មិន​ដូច្នេះ​ឡើយ​។ ស្ត្រី​ជំនាន់​នេះ ដែល​ភាគច្រើន​មានចំណេះ និង​ជំនាញ បាន​ផ្តោតលើ​ភាពស្មោះត្រង់ និង​គំនិត​របស់​បុរស​ទៅវិញ​ទេ​។ លើសពីនេះ ទំនួល​ខុសត្រូវ ការ​ឲ្យ​តម្លៃ និង​គោរព​គ្នា​ទៅវិញទៅមក ជា​ផ្នែក​មួយ​ដែល​នារី​សម័យ​តម្រូវ​ឲ្យ​បុរស​ត្រូវតែមាន​ដែរ​៕
 
 

Tag:
 ស្នេហា​
 ​ ការងារ​
 ​ អត្តចរិត​
 ​ ស្ត្រី​
  ​បុរស
© រក្សាសិទ្ធិដោយ thmeythmey.com