ជាតិ
ក្រសួងមហាផ្ទៃ ប្រកាស​ឲ្យ​ពលរដ្ឋ​ជាង​២​លាន​នាក់​ដែលមាន​បញ្ហា​អត្រានុកូលដ្ឋាន ដាក់​ពាក្យសុំ​កែតម្រូវ​
13, Nov 2017 , 8:19 am        
រូបភាព
ដោយ:
 ក្រសួងមហាផ្ទៃ​បានចេញ​សេចក្ដីជូនដំណឹង​ទៅដល់​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន ឬ​សំបុត្រកំណើត ដូចជា​ខុស​ឈ្មោះ​របស់ខ្លួន ខុស​ឈ្មោះ​ឪពុកម្ដាយ ទីកន្លែង​កំណើត និង​ថ្ងៃខែ​ឆ្នាំ​កំណើត​ជាដើម​។ សេចក្ដីប្រកាស​ដែល​ចុះ​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា សាមីខ្លួន អាណាព្យាបាល ឬ​សាច់ញាតិ​ដែល​រស់នៅ​ក្នុងផ្ទះ​ជាមួយ អាចមក​ដាក់ពាក្យ​ស្នើសុំ​កែតម្រូវ ឬ​ធ្វើ​មោឃភាព​ទិន្នន័យ នៃ​បញ្ជី​អត្រានុកូលដ្ឋាន​បាន​រៀងរាល់​ម៉ោង​ធ្វើការ​។


​ក្រសួងមហាផ្ទៃ បានសម្រេច​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​កំហុសឆ្គង​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន អាចដាក់​ពាក្យស្នើសុំ​កែតម្រូវ ឬ​ធ្វើ​មោឃភាព​ទិន្នន័យ នៃ​បញ្ជី​អត្រានុកូលដ្ឋាន​ឡើងវិញ​។ អ្នក​ដែល​អាច​ស្នើសុំ​កែតម្រូវ​បាន​មានដូចជា សាមីខ្លួន ឬ​អាណាព្យាបាល ឬ​សាច់ញាតិ​ដែល​រស់នៅ​ក្នុងផ្ទះ​ជាមួយ អាចមក​ដាក់ពាក្យ​ស្នើសុំ​កែតម្រូវ ឬ​ធ្វើ​មោឃភាព​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន បាន​រៀងរាល់​ម៉ោង​ធ្វើការ​។​
 
​ចំណែក​ទីតាំង​ដែល​អាចដាក់​ពាក្យស្នើសុំ មាន​ចំនួន​២​កន្លែង ទី​១​គឺ​នៅ​នាយកដ្ឋាន​អត្រានុកូលដ្ឋាន នៃ​អគ្គនាយក​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ ដែលមាន​អាស័យដ្ឋាន​នៅ​ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ទី​២ សម្រាប់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត គឺអាច​ទៅ​ដាក់ពាក្យ​ស្នើសុំ​នៅ​សាលាក្រុង ស្រុក ខណ្ឌ នៃ​ទីតាំង​ដែល​បញ្ជី​អត្រានុកូលដ្ឋាន​របស់​សាមីខ្លួន ដែល​បាន​នឹង​កំពុង​រក្សាទុក​។​
 
​បើតាម​ការបញ្ជាក់​ពី លោក នី សុគន្ធ ប្រធានការិយាល័យ​កិច្ចការ​ច្បាប់ នៃ​នាយកដ្ឋាន​អត្រានុកូលដ្ឋាន  ប្រជាពលរដ្ឋ​ដែល​មក​ដាក់ពាក្យ​ស្នើសុំ​កែតម្រូវ ត្រូវមាន​ភ្ជាប់​ឯកសារ​ពាក់ព័ន្ធ​មកជា​មួយ​ផង​។ ឯកសារ​ពាក់ព័ន្ធ​នោះ​មាន សំបុត្រកំណើត សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និង​លិខិតឆ្លងដែន​ជាដើម​។ «​ក្នុងចំណោម​ឯកសារ​ទាំងអស់នេះ គឺអាច​យក​មួយណា​ក៏បាន ប៉ុន្តែ​ដើម្បី​កាន់តែ​ច្បាស់លាស់ គឺអាច​យកមក​ភ្ជាប់​ជាមួយ​ពាក្យស្នើសុំ​កាន់តែច្រើន​គឺ​កាន់តែ​ល្អ​»​។ នេះ​ជាការ​បន្ថែម​របស់ លោក នី សុគន្ធ​។ 
 
​ពាក្យស្នើសុំ​កែតម្រូវ ឬ​ធ្វើ​មោឃភាព​ទិន្នន័យ​បញ្ជី​អត្រានុកូលដ្ឋាន​នេះ គឺ​មិន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​ឡើយ​។ រីឯ​រយៈពេល​កែតម្រូវ​ជូន​ប្រជាពលរដ្ឋ គឺមាន​រយៈពេល​១០​ថ្ងៃ សម្រាប់​ប្រជាពលរដ្ឋ​ដែល​មក​ដាក់ពាក្យ​នៅ​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​រយៈពេល​២០​ថ្ងៃ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ដាក់ពាក្យ​នៅ​សាលាក្រុង ស្រុក ខណ្ឌ​។ ការសុំ​កែតម្រូវ​នេះ គឺមាន​រយៈពេល​២​ឆ្នាំ ពោលគឺ​ចាប់ពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ ។​
 
​សូមបញ្ជា្ក​ក់ថា នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ បាន​រកឃើញថា មាន​ប្រជាជន​ជាង​២​លាន​នាក់ ស្មើនឹង​៣៥​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ទូទាំងប្រទេស មាន​កំហុស​នៅក្នុង​បញ្ជី​អត្រានុកូលដ្ឋាន​។ នេះ​គឺជា​លើកទីមួយ ហើយ​ដែល​ក្រសួងមហាផ្ទៃ សម្រេច​ឲ្យ​មានការ​កែតម្រូវ​ឡើងវិញ​នូវ​បញ្ជី​អត្រានុកូលដ្ឋាន​ដែលមាន​កំហុសឆ្គង​៕

Tag:
 សំបុត្រកំណើត​
  ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com