ជាតិ
កម្ពុជា​-​ឡាវ ឯកភាពគ្នា​បោះបង្គោល​ព្រំដែន​១៤៥​បង្គោល​បន្ថែមទៀត នៅ​តំបន់​មាន​ជម្លោះ
13, Nov 2017 , 10:04 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​-​ឡាវ បាន​ឯកភាពគ្នា​បោះបង្គោល​ព្រំដែន​១៤៥​បង្គោល​បន្ថែមទៀត នៅ​តំបន់​ដែលមាន​ភាពសាំញ៉ាំ និង​មាន​ជម្លោះ​កន្លងមក ដើម្បី​ពង្រឹង​ការពារ​តំបន់​ព្រំដែន​ទាំងពីរ​។ ការឯកភាព​គ្នា​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ទ្វេរ​ភាគី​រវាង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ឡាវ លោក ថង​លួង ស៊ី​ស៊ូ​លី​ត ក្រោយ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​អាស៊ាន​ពាក់ព័ន្ធ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​១២ វិច្ឆិកា​។​



​ក្នុងជំនួប​ពិភាក្សាគ្នា​នេះ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​លើកយក​បញ្ហា​ព្រំដែន​មក​ដោះស្រាយ​រួមគ្នា​។ បន្ថែម​ពីនេះ​នាយករដ្ឋមន្ត្រី​កម្ពុជា​-​ឡាវ បាន​ឯកភាពគ្នា​ទទួលយក​តាម​សំណើរ​របស់​ប្រធានាធិបតី​បារាំង ដោយបាន​ចុះហត្ថលេខា​ស្នើ​ដល់​ភាគី​បារាំង ប​ញ្ជួ​ន​អ្នកឯកទេស​បារាំង ដើម្បី​ចូលមក​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា និង​ឡាវ​ផងដែរ​។ កម្ពុជា​-​ឡាវ បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ ទទួល​ស្វាគមន៍​អ្នកឯកទេស​ព្រំដែន​បារាំង ដើម្បី​ធ្វើការ​វាស់វែង​ខ្សែបន្ទាត់​ព្រំដែន​ដែល​នៅ​សេសសល់​ទៀតផង​។​

​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​សរសេរ​ដូច្នេះ​៖«​នៅក្នុង​កិច្ចសន្ទនា​គ្នា​នោះដែរ សម្តេចនាយក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​មានការ​បោះបង្គោល​ចំនួន​១៤៥​បង្គោល ដើម្បី​បោះ​បន្ថែម​នៅតាម​ទីកន្លែង​ណា​ដែលមាន​ភាពសាំញ៉ាំ​ឲ្យ​បាន​ញឹក ហើយ​ការស្នើ​ឡើង​នោះ ត្រូវបាន​ឯកភាព​ពី​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​ផងដែរ​»​។​

​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះ រដ្ឋាភិបាល​បារាំង​របស់លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​យល់ព្រម​បញ្ជូន​អ្នកជំនាញ​មកជួយ​ផ្ទេរ​ផែនទី​កម្ពុជា​-​ឡាវ តាម​សំណើរ​របស់​រដ្ឋាភិបាល​ទាំងពីរ ។ នេះ​បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​កន្លងមក​។​

​ចំពោះ​មូល​ហេតុដែល​រដ្ឋាភិបាល​កម្ពុជា​-​ឡាវ ឯកភាពគ្នា​ស្នើ​ឲ្យ​បារាំង បញ្ជូន​អ្នកជំនាញ​ផ្ទេរ​ផែនទី​ខ្នាត​១​លើ​១០០.០០០ មក​ផែនទី​ខ្នាត​១​លើ​៥០.០០០ វិញ គឺ​ដើម្បី​ប្រើប្រាស់​ក្នុងការ​ធ្វើ​ខ្សែ​ព្រំដែន​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ធ្លាប់បាន​សង្កត់ធ្ងន់ថា​៖«​មូលដ្ឋាន​ដែល​បារាំង​ផ្តល់​ឲ្យ គឺ​ផែនទី​ខ្នាត ១​លើ​១០០.០០០​។ ប៉ុន្តែ ការធ្វើ​ខ្សែ​ព្រំដែន មិនអាច​ប្រើ​នូវ​ខ្នាត ១​លើ​១០០.០០០ បានទេ ត្រូវ​ប្រើ​ខ្នាត​១​លើ​៥០.០០០​។ ដូច្នេះ វិធី​ដែល​ល្អ​ជាងគេ គឺ​សូមអ្នក​បច្ចេកទេស​រប​ស់​បារាំង មកជួយ​ផ្ទេរ​ផែនទី ពី​ខ្នាត ១​លើ​១០០.០០០ មក​ខ្នាត ១​លើ​៥០.០០០ ដែលជា​ផែនទី​ដើម​របស់​បារាំង​»​។​

​សូមបញ្ជាក់ថា កាលពី​ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ កម្ពុជា មាន​បញ្ហា​ព្រំដែន​ជាមួយ​ឡាវ​។ មូលហេតុដែលបណ្ដាលឲ្យ​មាន​បញ្ហា​ព្រំដែន​នេះកើតឡើង ដោយសារតែ​កងទ័ព​ឡាវ បាន​ចូលមក​ឈរជើង​ក្នុង​តំបន់​ក្បែរ​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ស្ថិតក្នុង​ខេត្តស្ទឹងត្រែង​។ ប៉ុន្តែ​កងទ័ព​ទាំងនោះ សម្រេច​ដកចេញ​វិញ ក្រោយ​ការចរចា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ឡាវ​៕ 


Tag:
 ហ៊ុន សែន​
 ​ ឡាវ​
 ​ ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com