កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ក្រោយ ក្រូ​អាស៊ី និង​ស្វី​ស ឡើង កៅអី​ទៅ​រុស្ស៊ី​នៅសល់តែ​៤​ទៀត​ប៉ុណ្ណោះ
13, Nov 2017 , 12:21 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី និង​ស្វី​សបាន​ចាប់ដៃគ្នា​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី បើទោះបី​ក្រុម​ទាំងពីរ​បាន​ត្រឹម​ស្មើ​គូប្រកួត​ក្នុង​វគ្គ Play-off ជើង​ទី​២​ក៏ដោយ​។​


​ក្រូ​អាស៊ី​បាន​ទម្លាក់​ក្រិ​ក​ដើម្បី​បាន​សំបុត្រ​ទៅ​រុស្ស៊ី​ឆ្នាំក្រោយ និង​ជាការ​បង្ហាញខ្លួន​លើក​ទី​៥​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ​។ បើ​ទោះ​ក្រុម​ទាំង​ពីរបាន​ត្រឹម​ស្មើ ០-០ សម្រាប់​ការប្រកួត​ជើង​ទី​២ ក្នុង​ទឹកដី​ក្រិ​ក នៅ​រាត្រី​ថ្ងៃទី​១២ ខែវិច្ឆិកា​ក៏ដោយ តែ​កាលពី​ជើង​ទី​១​នៃ​វគ្គ Play-off នេះ ក្រូ​អាស៊ី​ទទួលបាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ក្រោយ​យកឈ្នះ​ក្រិ​ក​ដល់​ទៅ ៤-១​។​
 
​បរាជ័យ​របស់​ក្រិ​ក​កាលពី​ជើង​ទី​១ បានធ្វើ​ឲ្យ​ប្រទេស​នេះ​ទទួល​ភាពអាម៉ាស់​មិន​ធ្លាប់មាន​ពីមុនមក ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មើលឃើញថា​វា​ជា​រឿង​ពិបាក​បំផុត​ដើម្បី​វាយបក​យកឈ្នះ​ក្រុម​ខ្លាំង​ដូចជា​ក្រូ​អាស៊ី​។​
 
​ដោយឡែក​ស្វី​ស​ដែល​បាន​ត្រឹម​ស្មើ​ជាមួយ​អៀរ​ឡង់​ខាងជើង ០-០ នៅក្នុង​ការប្រកួត Play-off ជើង​ទី​២​នេះ ក៏បាន​កៅអី​ទៅ World Cup ឆ្នាំក្រោយ​ដែរ ដោយសារ​មាន​គ្រាប់​បាល់​ចំណេញ​១​គ្រាប់​កាលពី​ជើង​ទីមួយ​។​
 
​គ្រាប់​បាល់​ជ័យជម្នះ​ដ៏​ចម្រូងចម្រាស​របស់​ស្វី​ស​កាលពី​ជើង​ទី​១ បានធ្វើ​ឲ្យ​អៀឡង់​ខាងជើង​ទទួលបាន​ត្រឹម​ការខកចិត្ត ត្បិត​ក្តី​រំពឹងថា​បាន​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​រយៈពេល​៣១​ឆ្នាំ ពោលគឺ​តាំងពី​ឆ្នាំ​១៩៨៦​នោះ​ត្រូវ​រលាយ​។​
 
​ក្រូ​អាស៊ី និង​ស្វី​ស​ជា​ប្រទេស​ទី​២៨​ហើយ​ដែល​បាន​កី​អី​ទៅ World Cup ខណៈ​ប្រទេស​៤​ទៀត​នឹងត្រូវ​មក​បំពេញ​បង្គ្រប់​ក្រោយ​ប្រកួត Play-off រួចរាល់​។​
 
៨​ប្រទេស​ដែល​ត្រូវ​ប្រជែង​គ្នា​ចុងក្រោយ​រួមមាន​៖
-​ហុង​ឌូ​រ៉ា​ស vs អូស្ត្រាលី (​ជើង​ទី​១ ស្មើ ០-០)
-​នូ​វែ​ល​សេ​ឡង់ vs ប៉េ​រូ (​ជើង​ទី​១ ស្មើ ០-០)
-​ស៊ុយអែត vs អ៊ីតាលី (​ជើង​ទី​១ ស៊ុយអែត​ឈ្នះ ១-០)
-​ដា​ណឺ​ម៉ាក vs សាធារណរដ្ឋ​អៀរ​ឡង់ (​ជើង​ទី​១ ស្មើ ០-០)
 

Tag:
 បាល់ទាត់​
  FIFA World Cup
  ក្រូ​អាស៊ី​
  ស្វី​ស​
  Play-off
© រក្សាសិទ្ធិដោយ thmeythmey.com