ពីនេះ ពីនោះ
រូបថត​សម្តេច ហ៊ុន សែន ក្លាយជា​ប្រធានបទ​វិភាគ​តាម​ហ្វេ​ស​ប៊ុ​ក​!
13, Nov 2017 , 2:27 pm        
រូបភាព
ដោយ: ថ្មីៗ

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក្រុម​ទីមួយ និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក្រុមទី​ពីរ​! នៅ​ថ្ងៃ​សៅរ៍ ក្រុម​ទីមួយ​ផ្តល់​ការវិភាគ​បែប​ស៊ីជម្រៅ​ផ្សេងៗ​ទាក់ទង​នឹង​រូបភាព​សម្តេច ហ៊ុន សែន ដែល​ស្ថិតក្នុង​ពិធីជប់លៀង​នា​កិច្ចប្រជុំ APEC នៅ​វៀតណាម​។ នៅ​ថ្ងៃអាទិត្យ ក្រុមទី​ពីរបាន​កាន់កាប់​វេទិកា​ហ្វេ​ស​ប៊ុ​ក​វិញ​ម្តង ដើម្បី​ផ្តល់​ការវិភាគ​លើ​រូបថត​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​អាមេរិក​។



«​នាយករដ្ឋមន្ត្រី​ខ្មែរ ឯកោ​ហើយ​!» នេះ​ជា​សំណេរ​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ទៅលើ​រូបថត​ដែល​យក​ចេញពី​ឃ្លី​ប​វីដេអូ នា​ពិធីជប់លៀង​សម្រាប់​ថ្នាក់ដឹកនាំ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ទីក្រុង​ដា​ណាំង ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា​។ នៅក្នុង​រូបថត សម្តេច ហ៊ុន សែន អង្គុយ​នៅ​ចន្លោះ​រវាង​លោកនាយក​រដ្ឋមន្ត្រី​កាណាដា Justin Trudeau និង​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull​។​

​សកម្មភាព​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញថា មេដឹកនាំ​កាណាដា និង​អូស្ត្រាលី មាន​ដៃគូ​សន្ទនា​រៀងៗ​ខ្លួន ខណៈ​សម្តេច ហ៊ុន សែន បន្ត​អង្គុយ​ស្ងៀមស្ងាត់​ម្នាក់ឯង​។ អ្នកវិភាគ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​សរសេរ​ចំអក​ថា មេដឹកនាំ​ពិភពលោក​មិន​ចង់​និយាយ​ទៅកាន់​សម្តេច ហ៊ុន សែន ឡើយ ដោយ​ពួកគេ​បាន​ភ្ជាប់​ទៅនឹង​ស្ថានការណ៍​នយោបាយ​ដ៏​តានតឹង​នាពេល​បច្ចុប្បន្ន​។​

​ឈានដល់​ថ្ងៃអាទិត្យ សម្តេច ហ៊ុន សែន បាន​ចូលរួម​ក្នុង​ពិធីជប់លៀង​ពិសេស​ដើម្បី​អបអរ​ខួប​លើក​ទី​៥០​របស់​អាស៊ាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា​។ រូបថត​ជាច្រើន​សន្លឹក​ត្រូវបាន​បង្ហោះ​ដែល​ក្នុងនោះ មាន​សកម្មភាព​សម្តេច ហ៊ុន សែន សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រា និង​ការថតរូប​ជាមួយ​មេដឹកនាំ​ជាច្រើន​ទៀត រួមទាំង​លោកនាយក​រដ្ឋមន្ត្រី​កាណាដា Justin Trudeau ផងដែរ​។​

​ខុសពី​រូបថត​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ រូបថត​នៅ​ថ្ងៃអាទិត្យ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​សម្តេច ហ៊ុន សែន ពេញចិត្ត​ពេញ​ថ្លើម​យ៉ាងខ្លាំង​។ អ្នកខ្លះ​បានសរសេរថា​៖ «​សម្តេច ហ៊ុន សែន ជា​អ្នកនយោបាយ​ជើងចាស់ ដែល​មេដឹកនាំ​ផ្សេងទៀត​តែងតែ​សរសើរ និង​ចង់​ប្រាស្រ័យ​ទាក់ទង​»​។

​រូបថត​លោក​ត្រាំ ចាប់ដៃ​សម្តេច ហ៊ុន សែន ហើយ​លើក​មេដៃ​ម្ខាង​ទៀត ត្រូវ​អ្នកខ្លះ​បកស្រាយ​ថា អាមេរិក​សរសើរ និង​គាំទ្រ​រាល់​ការសម្រេចចិត្ត​របស់​មេ​ដឹកនាំ​កម្ពុជា​។​

​គ្រាន់តែ​រូបថត បង្ក​ឲ្យ​មានការ​បកស្រាយ​ផ្សេងគ្នា​!


© រក្សាសិទ្ធិដោយ thmeythmey.com