ជាតិ
សេដ្ឋកិច្ច
កម្ពុជា និង​ចិន ចុះ MOU ពាណិជ្ជកម្ម​តាម​អន​ឡាញ​
13, Nov 2017 , 7:39 pm        
រូបភាព
រូបពីក្រសួងពាណិជ្ចកម្ម
រូបពីក្រសួងពាណិជ្ចកម្ម
ដោយ:
​ភ្នំពេញ​៖ កម្ពុជា និង​ចិន បាន​ចុះ​អនុស្សារណៈ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​តាម​អន​ឡាញ (E-Commerce) ដើម្បី​ជំរុញ​វិស័យ​ថ្មី​មួយ​នេះ​នៅ​កម្ពុជា​។​
​អនុស្សារណៈ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ក្នុងជំនួប​ពិភាក្សា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​ខាង​កម្ពុជា​ដឹកនាំ​ដោយ​លោក កឹម ស៊ីថន រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងពាណិជ្ជកម្ម និង​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន លោក Wang Bingnan  នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា នៅ​ទីស្ដីការក្រសួង​។



​តាមរយៈ​អនុស្សារណៈ​នេះ ភាគី​ទាំងពីរ​នេះ​នឹង​សហការគ្នា ដើម្បី​បង្កើត​បរិយាកាស​ឲ្យ​អំណោយផល សម្រាប់​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​អន​ឡាន ក្នុង​គោលបំណង​ទទួលបាន​ផលប្រយោជន៍​ទៅវិញទៅមក​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម ភាគី​ទាំងពីរ​បាន​សន្យា​ចែករំលែក​បទពិសោធ និង​ផ្ដល់ជំនួយ​បច្ចេកទេស​លើ​ការ​គ្រប់​គ្រង់​វិស័យ​មួយ​នេះ​។​

​នេះ​ជា​ការវិវឌ្ឍ​សំខាន់​មួយទៀត ដែល​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​កម្ពុជា​សន្យា​ជួយ​រៀបចំ​វិស័យ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​របស់​កម្ពុជា ស្រប​ពេលដែល​ការដោះដូរ​ពាណិជ្ជកម្មរ​បស់​ប្រទេស​ទាំងពីរ​កើន​ឡើងជា​លំដាប់​។ ក្នុង​ឆ្នាំ​២០១៦ ដោយ​យោងតាម​តួលេខ​ក្រសួងពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន​មាន​ទឹកប្រាក់ ៤៧៦០ លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង ៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។

​គួរ​បញ្ជាក់ថា មកដល់ពេលនេះ កម្ពុជា​មិនទាន់មាន​ច្បាប់ពាណិជ្ជកម្ម​តាម​អន​ឡាញ​នៅឡើយ​ទេ ដោយ​រដ្ឋាភិបាល​កំពុង​ជំរុញ​សេចក្ដីព្រាងច្បាប់​មួយ​នេះ​៕


Tag:
 E-Commerce
© រក្សាសិទ្ធិដោយ thmeythmey.com