ជាតិ
សេដ្ឋកិច្ច
កម្ពុជា និងចិន ចុះ MOU ពាណិជ្ជកម្មតាមអនឡាញ រូបពីក្រសួងពាណិជ្ចកម្ម
× ភ្នំពេញ៖ កម្ពុជា និងចិន បានចុះអនុស្សារណៈស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមអនឡាញ (E-Commerce) ដើម្បីជំរុញវិស័យថ្មីមួយនេះនៅកម្ពុជា។
អនុស្សារណៈនេះត្រូវបានចុះហត្ថលេខាក្នុងជំនួបពិភាក្សាពង្រឹងពាណិជ្ជកម្មទ្វេភាគី ដែលខាងកម្ពុជាដឹកនាំដោយលោក កឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម និងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Bingnan នៅថ្ងៃទី១០ខែវិច្ឆិកា នៅទីស្ដីការក្រសួង។
តាមរយៈអនុស្សារណៈនេះ ភាគីទាំងពីរនេះនឹងសហការគ្នា ដើម្បីបង្កើតបរិយាកាសឲ្យអំណោយផល សម្រាប់អភិវឌ្ឍវិស័យពាណិជ្ជកម្មតាមអនឡាន ក្នុងគោលបំណងទទួលបានផលប្រយោជន៍ទៅវិញទៅមក។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ភាគីទាំងពីរបានសន្យាចែករំលែកបទពិសោធ និងផ្ដល់ជំនួយបច្ចេកទេសលើការគ្រប់គ្រង់វិស័យមួយនេះ។
នេះជាការវិវឌ្ឍសំខាន់មួយទៀត ដែលដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជាសន្យាជួយរៀបចំវិស័យពាណិជ្ជកម្មតាមអនឡាញរបស់កម្ពុជា ស្របពេលដែលការដោះដូរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរកើនឡើងជាលំដាប់។ ក្នុងឆ្នាំ២០១៦ ដោយយោងតាមតួលេខក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនមានទឹកប្រាក់ ៤៧៦០ លានដុល្លារអាមេរិក កើនឡើងជាង ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ។
គួរបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមិនទាន់មានច្បាប់ពាណិជ្ជកម្មតាមអនឡាញនៅឡើយទេ ដោយរដ្ឋាភិបាលកំពុងជំរុញសេចក្ដីព្រាងច្បាប់មួយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com