ជាតិ
សង្គមជាតិ
​កម្ពុជា​គ្រោង​ប្រកាស​ជា​«​ប្រទេស​គ្មាន​ការ​បន្ទោបង់​ពាសវាល​ពាសកាល​»​ក្នុង​ឆ្នាំ​២០២៥
13, Nov 2017 , 4:34 pm        
រូបភាព
ដោយ:
​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​កា​រព​ន្លឿ​ន​ឲ្យ​តំបន់​អាស៊ីអាគ្នេយ៍​ក្លាយជា​តំបន់​ដែល​គ្មាន​ការ​បន្ទោបង់​ពាសវាល​ពាសកាល​។ សន្និសីទ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៧​ខែវិច្ឆិកា​នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។



​នៅក្នុង​សប្តាហ៍​នេះ អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ផ្នែក​ទឹកស្អាត និង​អនាម័យ​ប្រមាណ​១០០​នាក់ មកពី​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ នឹង​ជួបជុំគ្នា​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​លុបបំបាត់​«​ការ​បន្ទោបង់​ពាសវាល​ពាសកាល​»​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នឹង​ធ្វើជា​អធិបតី​នៅក្នុង​សន្និសីទ​ថ្នាក់​តំបន់​នេះ ដែល​ត្រូវ​រៀបចំ​រួមគ្នា​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​គម្រោង​សហគមន៍​ដឹកនាំ​អនាម័យ​ទាំងស្រុង​ដែល​សហការ​ដោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួមមួយ​បាន​ស្រង់​ប្រសាសន៍​របស់លោក ជ្រាយ ប៉ុ​ម ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បញ្ជាក់ថា គម្រោង​សហគមន៍​ដឹកនាំ​អនាម័យ​ទាំងស្រុង បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​លើកកម្ពស់​អនាម័យ​ជនបទ ជាពិសេស​ការកាត់បន្ថយ​ការ​បន្ទោបង់​ពាសវាល​ពាសកាល​។

មន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដដែល​បាន​ថ្លែងបន្ត​យ៉ាង​ដូច្នេះ​៖«​ប៉ុន្តែ​កា​រព​ន្លឿ​ន​វឌ្ឍនភាព​ឆ្ពោះទៅ​ការលុបបំបាត់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ទាំងស្រុង​នោះ ទាមទារ​កម្លាំង​ផ្គួប​កាន់តែច្រើន រួមទាំង​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​»​។ សម្រាប់​លោក ជ្រាយ ប៉ុ​ម សន្និសីទ​ខាងមុខនេះ នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​សម្រាប់​ការអនុវត្ត «​ការលុបបំបាត់​ទាំងស្រុង​ការ​បន្ទោបង់​ពាសវាល​ពាសកាល​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បានសរសេរថា កម្ពុជា​កំពុង​ព្យាយាម​ដើម្បី​ទទួលបាន​ឈ្មោះថា មាន​អនាម័យ​ល្អប្រសើរ​ឲ្យ​បាន​៦០​ភាគរយ​នៅ​ឆ្នាំ​២០១៨​នេះ «​ហើយនឹង​ប្រកាស​ជា​ប្រជាជាតិ​ដែល​គ្មាន​ការ​បន្ទោបង់​ពាសវាល​ពាសកាល​នៅ​ឆ្នាំ​២០២៥»​។​

​គួរ​បញ្ជាក់ថា គម្រោង​សហគមន៍​ដឹកនាំ​អនាម័យ​ទាំងស្រុង​បានក្លាយ​ជា​ចលករ​ដ៏​សំខាន់​ក្នុង​ការជំរុញ​លទ្ធភាព​ទទួលបាន​អនាម័យ​សម្រាប់​ប្រជាជន​រាប់លាន​នាក់ ជាពិសេស​ប្រជាជន​ជនបទ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុង​ក្រោយនេះ​។ នៅពេល​បិទ​បញ្ចប់​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​កាលពី​ឆ្នាំ​២០១៥ គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ជា​វិធីសាស្ត្រ​គន្លឹះ ដើម្បី​សម្រេចបាន​អនាម័យ​ក្នុងប្រទេស​ជាង​៦៥ នៅ​អាស៊ី អាហ្វ្រិក និង​នៅ​អាមេរិក​ឡាទីន​។​

​នៅ​កម្ពុជា គម្រោង​នេះ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៤ តាមរយៈ​អង្គការ Concern Worlwide ដែល​ក្រោយមក​ត្រូវបាន​ពង្រីក​តាម​ខេត្ត​ចំនួន​៨៕
 

Tag:
 បន្ទោបង់​
  អនាម័យ​
  ទឹកស្អាត​
  ភ្លែ​ន​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com