កីឡាជាតិ
ជាតិ
ហ្ស៊​កដា​នី ជា​ក្រុម​កម្រិត​ខ្ពស់​ដែល​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​ជួប​លើកដំបូង​ក្នុង​អាជីព​ជា​គ្រូបង្វឹក
13, Nov 2017 , 4:54 pm        
រូបភាព
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា
ដោយ:
គ្រូបង្វឹក​ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​ដឹកនាំ​ក្រុម​របស់ខ្លួន​លើក​ទី​២​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ហ្ស៊​កដា​នី​សម្រាប់​ជំនួប​វគ្គ​ជម្រុះ AFC Asian Cup 2019 នា​ល្ងាច​ថ្ងៃទី​១៤ វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ លោក បានចាត់ទុក​ការជួប​ក្រុម​ហ្ស៊​កដា​នី​ជា​ជំនួប​មួយ​ដ៏​តឹងតែង​បំផុត​ក្នុង​អាជីព​ជា​គ្រូបង្វឹក​ដែល​លោក​ធ្លាប់​ដឹកនាំ​នាពេល​កន្លងមក​។ ទោះបី​មិន​ហ៊ាន​រំពឹង​រហូតដល់​ជ័យជម្នះ តែ​គ្រូបង្វឹក​រូបនេះ​សង្ឃឹម​បាន​ត្រឹម​លទ្ធផល​ស្មើ​ដើម្បី​សាង​កំណត់ត្រា​ថ្មី​សម្រាប់​កម្ពុជា​។​



​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា ដែលមាន​បទពិសោធ​ដឹកនាំ​ក្រុមបាល់ទាត់​ជាច្រើន​ឆ្នាំ​បានចាត់ទុក​ការដឹកនាំ​ក្រុម​ជម្រើសជាតិ​ជាតិ​កម្ពុជា​តទល់​ជាមួយ​ក្រុម​ហ្ស៊​កដា​នី​សម្រាប់​ជំនួប​វគ្គ​ជម្រុះ AFC Asian Cup ជា​ជំនួប​តានតឹង​បំផុត​ក្នុងចំណោម​ការដឹកនាំរ​បស់​លោក​កន្លងមក​។ តែ​យ៉ាងណា លោក​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ធ្វើ​ឲ្យ​បានល្អ​ក្នុងជំនួប​មួយ​នេះ​។

«​ខ្ញុំ​អាច​និយាយបានថា​ការជួប​ក្រុម​ហ្ស៊​កដា​នី​ជាការ​ប្រកួត​ដ៏​តឹងតែង​បំផុត​ក្នុង​អាជីព​ដែល​ខ្ញុំ​ធ្លាប់​ដឹកនាំ​តាំង​ពីមុន​រហូតដល់​ឥឡូវនេះ​។ យើង​ដឹង​ហើយ​ថា កម្រិត​របស់​យើង​ជាមួយ​ហ្ស៊​កដា​នី​វា​ខុសគ្នា​ប៉ុណ្ណា បើ​និយាយ​ពី World Ranking បច្ចេកទេស កម្ពស់ និង​មាឌ​ជាដើម​គឺ​ខុសគ្នា​ឆ្ងាយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុវណ្ណារ៉ា ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​១៣ វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ក្រោយ​ចាញ់​មី​យ៉ាន់​ម៉ា ២-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​កាលពី​ថ្ងៃទី​៩ វិច្ឆិកា កន្លងទៅ​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើក​ទី​២​ស្វាគមន៍​ក្រុម​ភ្ញៀវ​ហ្ស៊​កដា​នី​នា​ការប្រកួត​ជើង​ទី​២​វគ្គ​ជម្រុះ​ពូ​ល C នៃ​ព្រឹត្តិការណ៍ AFC Asian Cup នា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១៤ វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ការប្រកួត​ជើង​ទី​១​កម្ពុជា​បាន​ប្រកួត​ចាញ់​ហ្ស៊​កដា​នី​ក្នុង​លទ្ធផល ៧-០​។

​បច្ចុប្បន្ន​ហ្ស៊​កដា​នី​ឈរ​លេខ​រៀង​ទី​១១៣​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ខណៈ​កម្ពុជា​ឈរ​លេខ​រៀង​១៧០​។ ហើយ​ក្រុម​នេះ​កំពុង​ឈរ​កំពូល​តារាង​ប្រចាំ​ពូ​ល C នៃ​វគ្គ​ជម្រុះ AFC Asian Cup 2019 ដោយមាន​៨​ពិន្ទុ​ក្រោយ​៤​ប្រកួត​ឈ្នះ​២ ស្មើ​២ រីឯ​កម្ពុជា​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​៣​ពិន្ទុ​ក្រោយ​ឈ្នះ​១ ចាញ់​៣​។

​ឆ្លើយ​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​មកជា​មួយក្រុម​ហ្ស៊​កដា​នី​ដែល​សួរថា​ក្រោយ​ចាញ់​ហ្ស៊​កដា​នី ៧-០ តើ​កម្ពុជា​រំពឹង​ឈ្នះ​អត់​សម្រាប់​ជំនួប​ជើង​ទី​២? លោក ប្រាក់ សុវណ្ណារ៉ា បាន​បញ្ជាក់ថា​៖«​ទោះបី​ដឹងថា​សមត្ថភាព​យើង​នៅក្រោម​គេ​ក៏ដោយ តែ​ការប្រកួត​យើង​នៅតែ​សង្ឃឹម​ឈ្នះ​ជានិច្ច ការរក្សា​លទ្ធផល​ត្រឹម​ស្មើ​ក៏​ជា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ផងដែរ​»៕       


Tag:
 AFC Asian Cup
  ប្រាក់ សុវណ្ណារ៉ា​
  ហ្ស៊​កដា​នី
© រក្សាសិទ្ធិដោយ thmeythmey.com