រថយន្ត
Uber បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន SoftBank ទិញ​ភាគហ៊ុន​របស់ខ្លួន​
13, Nov 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​អាមេរិក Uber  បានប្រកាស​ពី​កិច្ចសហប្រតិបត្តិការ​វិនិយោគ ដ៏​យូរអង្វែង​មួយ ជាមួយ​ក្រុមហ៊ុន​ជប៉ុន SoftBank Group លើ​ការពង្រីក​សេវាកម្ម​ដឹក​អ្នកដំណើរ​តាមរយៈ​បច្ចេកវិទ្យា​។ នេះ​បើតាម​ការផ្សាយ​របស់ AFP ។​



​នៅមុន​ផែនការ​ចេញលក់​មូល​ប​ត្រ​របស់ខ្លួន​ជា​សាធារណៈ (IPO) នា​ឆ្នាំ​២០១៩ ខាងមុខ ក្រុមហ៊ុន Uber បានប្រកាសថា ពូកគេ​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃអាទិត្យ ក្នុង​ការលក់​ភាគហ៊ុន​ទៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា SoftBank Group របស់​ជប៉ុន​។

Uber បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា​៖ «​យើង​បាន​ឈានដល់​កិច្ចព្រមព្រៀង​ដ៏​មាន​សក្តានុពល​មួយ​ជាមួយ​ក្រុមហ៊ុន SoftBank និង Dragoneer​។ យើង​ជឿជាក់ថា កិច្ចព្រមព្រៀង​នេះ ផ្តល់​ទំនុកចិត្ត​ដ៏​រឹងមាំ​លើ​ផែនការ​វិនិយោគ​ដ៏​យូរអង្វែង​របស់ Uber»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ SoftBank មិនបាន​បង្ហើប​ព័ត៌មាន​លំអិត​ជុំវិញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​នេះឡើយ​។ បើតាម AFP ក្រុមហ៊ុន​ដែល​បង្កើតឡើង​ដោយ​មហាសេដ្ឋី​ជប៉ុន លោក Masayoshi Son ធ្លាប់បាន​លើកឡើង​កាលពី​ប៉ុន្មាន​ខែ​កន្លងមក​ថា ពួកគេ​នឹង​ទិញ​ភាគហ៊ុន Uber ក្នុង​រង្វង់​ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​អាច​ទទួលបាន​ភា​គ​ហ៊ុន​យ៉ាងហោចណាស់​១៤​ភាគរយ​។​

​សម្រាប់ Uber នេះ​ជា​កិច្ចសហប្រតិបត្តិការ​ដ៏​វិជ្ជមាន​មួយ ដោយ SolfBank ជា​ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ល្បីល្បាញ ហើយ​ធ្លាប់មាន​ប្រវត្តិ​ដ៏​ជោគជ័យ​ជាមួយ​ក្រុមហ៊ុន​រ៉ូ​បូត​បារាំង Aldebaran និង​ក្រុម​អាជីវកម្ម​អន​ឡាញ Alibaba របស់​ចិន ជាដើម​។​

​បើតាម​ការផ្សាយ​របស់​របស់ TechCrunch ក្រៅពី SoftBank Group របស់​ជប៉ុន ក្រុម​វិនិយោគ​អាមេរិក Dragoneer និង​ក្រុមហ៊ុន Didi Chuxing របស់​ចិន ក៏​នឹង​ក្លាយជា​ដៃគូ​ដ៏​រឹងមាំ​របស់ Uber ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com