រថយន្ត
អ្នកជំនាញ៖ រថយន្តដែលអាចហោះបាន នឹងដំណើរការក្នុងរង្វង់ឆ្នាំ២០២២ និង២០២៥
× នាអំឡុងនៃកិច្ចប្រជុំ Web Summit 2017 នៅទីក្រុងលីស្បោន ប្រទេសព័រទុយហ្គាល់ អ្នកជំនាញបីរូប បានអះអាងពីការដាក់ឲ្យដំណើរការថយន្តដែលអាចហោះបាន នាអំឡុងឆ្នាំ២០២២ ដល់២០២៥។ នេះបើតាមការផ្សាយរបស់សារព័ត៌មានបារាំង Les Echos។
លោក Francois Chopard ស្ថាបនិកក្រុមហ៊ុន Starburst Aerospace លោក Alexander Zosel សហស្ថាបនិកក្រុមហ៊ុន Volocopter និងលោក Mathias Thomsen អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុន Airbus ត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាស្តីពីគម្រោងផលិតរថយន្ដដែលអាចហោះបាន។
ក្នុងកិច្ចពិភាក្សាដែលត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃកិច្ចប្រជុំ Web Summit 2017 លោក Alexander Zosel បានអះអាងថា៖ «ជាមួយនឹងការផលិតរថយន្តហោះ យើងនឹងលែងបំផ្លាញធម្មជាតិទៀតហើយ ពោលគឺយើងមិនចាំបាច់សង់ផ្លូវ ផ្លួវក្រោម យើងមិនត្រូវការសំបកកង់ និងមិនមានការរំខានដោយសំឡេង។ មនុស្សទូទៅមើលឃើញពីគុណសម្បត្តិច្រើនណាស់»។
លោក Francois Chopard បានលើកឡើងថា ក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍ និងយកចិត្តទុកដាក់ការគម្រោងផលិតរថយន្តហោះនេះ ដែលក្នុងនោះមានដូចជា Zee.Aero ដែលមានភាគហ៊ុនរបស់ស្ថាបនិក Google លោក Larry Page ក្រុមហ៊ុន Terrafugia, Uber, Hoversurf, Aeromobil, PAL-V, Toyota, DeLorean Aerospace, Ehang, Airbus, Volocopter ជាដើម។
កន្លងមក ក្រុមហ៊ុន Pal-V របស់ហូឡង់ បានប្រកាសពីការដាក់ដំណើរការរថយន្តហោះ Liberty Pioneer និង Liberty Sport នៅចុងឆ្នាំ២០១៨ប៉ុន្តែក្រុមហ៊ុនមួយនេះ មិនទាន់ផ្តល់ព័ត៌មាននៃការវិវត្តចុងក្រោយបន្ថែមទៀតនោះឡើយ។
ចំពោះកំណត់ផែនការចន្លោះពីឆ្នាំ២០២២ ទៅឆ្នាំ២០២៥ ត្រូវបានលោក Mathias Thomsen បកស្រាយថា បច្ចេកវិទ្យាថ្មីនេះ ត្រូវឆ្លងកាត់ការសាកល្បងយ៉ាងហោចណាស់៣ឆ្នាំ និងត្រូវការផ្សព្វផ្សាយលើទីផ្សារយ៉ាងហោចណាស់៥ឆ្នាំ។
អ្នកជំនាញក៏បានបញ្ជាក់ផងដែរថា រថយន្តហោះនេះ នឹងអាចដាក់ដំណើរការតែចន្លោះពី៥០០ទៅ១០០០គ្រឿងប៉ុណ្ណោះ នៅតាមទីក្រុងនីមួយៗ ហើយទីផ្សារអាស៊ី ក៏ស្ថិតក្នុងបញ្ជីវិនិយោគផងដែរ។ «គ្មានអ្នកណាម្នាក់ចង់ឃើញមេឃពោរពេញទៅដោយការចរាចរណ៍រថយន្តហោះនោះឡើយ ដូច្នេះយើងនឹងកំណត់ចំនួនទៅតាមទំហំ និងតម្រូវការក្នុងក្រុងនីមួយៗ»។ នេះជាការអះអាងរបស់លោក Francois Chaopard៕
© រក្សាសិទ្ធិដោយ thmeythmey.com